28.4 C
Phnom Penh

វេទិកា​ពលរដ្ឋ​ទាមទារ​លោក ហ៊ុន សែន បើក​ឱ្យ​ពលរដ្ឋ​ចូល​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បើក​ទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម អាច​ចូល​ទៅ​មើល​ដោយ​សេរី​ដូច​អាជ្ញាធរ​វៀតណាម បើក​ឱ្យ​ពលរដ្ឋ និង​សិស្ស​សាលា​របស់​គេ​ដែរ។

នៅ​ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ-អឺរ៉ុប​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ផ្អែក​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចុះ​ទៅ​មើល​ខ្សែបន្ទាត់​ព្រំដែន និង​បង្គោល​ព្រំដែន​ដែល​បោះ​រួចហើយ​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ដោយ​មិន​មាន​ភាព​តឹងតែង​ហួសហេតុ​ពេក​រហូត​ដល់​គំរាមកំហែង​ធ្ងន់ៗ និង​ចាប់​ដាក់​គុក​ទាំង​បំពាន​ដូច​ករណី​មុនៗ​ទៀត​ឡើយ។

ដើម្បី​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន អាច​យក​ជា​ការ​បាន​មែន នោះ​ពួកគេ​ស្នើសុំ​ចំណារ​អនុញ្ញាត​ដោយ​ផ្ទាល់​ពី​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការ​យល់ព្រម​ឱ្យ​វេទិកា​ពលរដ្ឋ​អាច​ចាត់​តំណាង​ទៅ​ពិនិត្យ​មើល​ខ្សែបន្ទាត់​ព្រំដែន និង​បង្គោល​ទាំងឡាយ​ណា​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេច​ជា​ផ្លូវការ​កន្លងមក​ជាមួយ​នឹង​ប្រទេស​ជិតខាង។

ជាមួយ​គ្នា​នេះ វេទិកា​ពលរដ្ឋ​ទាមទារ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បើក​ទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដូច​អាជ្ញាធរ​វៀតណាម បើក​ឱ្យ​ពលរដ្ឋ និង​សិស្ស​សាលា​របស់​គេ​ចូល​ដែរ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា មូលហេតុ​ដែល​វេទិកា​ពលរដ្ឋ​ស្នើសុំ​ដូច្នេះ ដោយសារ​បញ្ហា​ទឹកដី​ព្រំដែន​ជា​រឿង​ជាតិ​ទាំងអស់​គ្នា​ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​រួម​គ្នា​ទទួល​ខុសត្រូវ។ វេទិកា​ពលរដ្ឋ​មាន​ក្ដី​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​មិន​បដិសេធ​សំណើ​របស់​វេទិកា​ពលរដ្ឋ​ឡើយ ដោយសារ​នេះ​ជា​ស្មារតី​ជាតិ ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ការ​ស្នើ​របស់​វេទិកា​ពលរដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ ថា បើ​គង់​តែ​ឱ្យ​ដី​គេ​ដដែល មិន​ចាំបាច់​ទៅ​ចរចា​នោះ​ទេ។ លោក​អះអាង​ទៀត​ថា លោក​មិន​កាត់​ដី​ខ្មែរ​ឱ្យ​ប្រទេស​ជិតខាង​សូម្បី​មួយ​មិល្លីម៉ែត្រ​ដូច​ការ​ចោទប្រកាន់​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ឡើយ។

បើ​តាម​លោក ហ៊ុន សែន អះអាង​ថា​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​សម្រេច​បាន ៩០% ទៅ​ហើយ ដោយឡែក​នៅ​សល់​តែ ១០% ទៀត ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា​ដើម្បី​ឈាន​ទៅ​ដល់​បោះ​បញ្ចប់ ឬ​រួចរាល់ ១០០% នា​ពេល​ខាងមុខ​នេះ។

យ៉ាងណា​ក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត បាន​ចាត់ទុក​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ធ្វើឡើង​ផ្ទុយ​ពី​មាត្រា​២ និង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា រួម​ទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។

លោក ម៉ែន ណាត អះអាង​ថា បើ​ទោះបីជា​លោក ហ៊ុន សែន ខំ​បោះ​បង្គោល​ព្រំដែន​បាន ១០០% ក្ដី ប៉ុន្តែ​វា​មិន​អាច​បញ្ចប់​បញ្ហា​ជម្លោះ​បាន​ឡើយ បើសិន​ការ​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​នោះ។ កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​សើរើ​ឡើងវិញ​បាន​ដោយ​និរាករណ៍​ឯកសារ​ច្បាប់​ទាំងឡាយ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស