31 C
Phnom Penh

កម្ពុជា​និង​សមាជិក​អាស៊ាន​ពីរ​ទៀត​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេតវិមាន​សហរដ្ឋ​អាមេរិក អះអាង​ថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​៣ រួម​មាន​កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​នៃ​ការ​ចាប់ផ្តើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះ​ទេ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ជប៉ុន លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ។ ប្រទេស​ទាំងនោះ​រួម​មាន៖

  • សហរដ្ឋ​អាម៉េរិក
  • អូស្ត្រាលី
  • ប្រ៊ុយណេ
  • ឥណ្ឌា
  • ឥណ្ឌូនេស៊ី
  • ជប៉ុន
  • ម៉ាឡេស៊ី
  • នូវែលហ្សេឡង់
  • ហ្វីលីពីន
  • សិង្ហបុរី
  • កូរ៉េ​ខាងត្បូង
  • ថៃ
  • និង​វៀតណាម ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ ៤០% នៃ​សេដ្ឋកិច្ច​ពិភពលោក។

ចំណែក​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ៣​ផ្សេង​ទៀត រួម​មាន កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​ដាក់​ចូល​ជា​សមាជិក​នៃ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះ​ទេ។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​បង្កើត​សេដ្ឋកិច្ច​រឹងមាំ យុត្តិធម៌ និង​មាន​ភាព​ធន់​ជាង​មុន​សម្រាប់​គ្រួសារ កម្មករ និង​អាជីវកម្ម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ ដោយ​ផ្អែក​លើ​សសរស្ដម្ភ​ធំៗ​ទាំង​៤ រួម​មាន សេដ្ឋកិច្ច​ត​ភ្ជាប់ សេដ្ឋកិច្ច​ធន់ សេដ្ឋកិច្ច​ស្អាត និង​សេដ្ឋកិច្ច​យុត្តិធម៌។

ប្រភព​ដដែល​អះអាង​ថា ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​នឹង​ចូលរួម​យ៉ាង​ទូលំទូលាយ​ជាមួយ​ដៃគូ​របស់​ខ្លួន​លើ​បញ្ហា​ជាច្រើន ដោយ​អនុវត្ត​តាម​ច្បាប់​ស្តង់ដារ​ខ្ពស់​នៃ​សេដ្ឋកិច្ច​ឌីជីថល រួម​ទាំង​ស្តង់ដារ​ស្ដីពី​លំហូរ​ទិន្នន័យ​ឆ្លងដែន ដើម្បី​ធានា​នូវ​ការ​ទទួល​បាន​អត្ថប្រយោជន៍​លើ​វិស័យ​នានា​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។

សេតវិមាន​បញ្ជាក់​ថា ដៃគូ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំងអស់​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អនុម័ត និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​ប្រឆាំង​ការ​ស៊ីសំណូក​ដែល​ស្រប​តាម​កាតព្វកិច្ច​ពហុ​ភាគី ដែល​មាន​ស្រាប់​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ដោយ​យុត្តិធម៌​តាម​ស្តង់ដារ​អង្គការ​សហប្រជាជាតិ និង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​អំពើពុករលួយ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ឧសភា នេះ​ថា ការ​សម្ពោធ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​ការ​យកចិត្ត​ទុកដាក់​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយ​ផ្ដោត​លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជា​ស្នូល ដើម្បី​បន្ត​ពង្រីក​សក្ដានុពល​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​ធ្វើ​បែប​នេះ គឺជា​លំនាំ​នយោបាយ​ការបរទេស​ប្រហាក់ប្រហែល​នឹង​ចិន​ដែរ ប៉ុន្តែ​មាន​ភាព​ជាក់លាក់​ជាង​ចិន នៅ​ត្រង់​ថា ទោះបី​អាមេរិក​គិត​ដល់​សេដ្ឋកិច្ច ក៏​មិន​បោះបង់​ជំហរ​កសាង​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ជំរុញ​ដំណើរការ​នីតិរដ្ឋ​នៅ​ក្នុង​តំបន់​ដែរ។ ជាក់ស្តែង កម្ពុជា ឡាវ និង​ភូមា ដែល​កំពុង​តែ​មាន​វិបត្តិ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ក្នុង​តំបន់​អាស៊ាន មិន​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​ទេ។

លោក​បន្ថែម​ថា ចំពោះ​ប្រទេស​កម្ពុជា ការ​ដែល​គ្មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ ក៏​អាច​មាន​ន័យ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​រឿង​ឥត​បាន​ការ​អ្វី​ទាំងអស់។

លោក គឹម សុខ បញ្ជាក់​ថា ការ​ដែល​គ្មាន​ឈ្មោះ​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ជាដើម ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ គឺជា​ការ​ព្រមាន​ថា បើ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ​មិន​កែសម្រួល​ស្ថានការណ៍​ដឹកនាំ​ដោយ​គោរព​សិទ្ធិ​ពលរដ្ឋ​ទេ នោះ​ពួកគេ​មាន​ច្រក​ចង្អៀត​ណាស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ការ​ធ្វើ​បែប​នេះ គឺជា​ការ​បំបាក់​មុខមាត់​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​មិន​ឲ្យ​ក្អេងក្អាង​បោកប្រាស់​ពលរដ្ឋ​របស់​ខ្លួនឯង​តាម​ទំនើង​ចិត្ត​បន្ត​ទៀត។

ក្របខ័ណ្ឌ​សេដ្ឋកិច្ច Indo-Pacific Economic Framework for Prosperity (IPEF) គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋាភិបាល​របស់​លោក ចូ បៃដិន ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញពី​កិច្ចពិភាក្សា​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​មាន​ឈ្មោះ​ថា ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២២១ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​តំបន់​អាស៊ី​ភាគ​ខាងកើត ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋបាល​របស់​លោក ចូ បៃដិន នឹង​បោះ​ជំហាន​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី​កែតម្រូវ​តួនាទី​របស់​ខ្លួន​សម្រាប់​សតវត្ស​ទី​២១ នេះ ដោយ​ការ​កំណត់​ជំហរ​ដែល​មាន​ភាព​រឹងមាំ​ជាង​មុន​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព​ជាមួយ​នឹង​សម្ពន្ធមិត្ត ដៃគូ និង​ស្ថាប័ន​នានា​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស