29 C
Phnom Penh

បទវិភាគ៖ តើ​តួកគី​រាំង​ខ្ទប់​ហ្វាំងឡង់​និង​ស៊ុយអែត​មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ​ជោគជ័យ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ទី​១៨ ឧសភា រដ្ឋាភិបាល​ហ្វាំងឡង់ និង​ស៊ុយអែត បាន​បញ្ជូន​ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ (NATO) ប៉ុន្តែ​បើ​យោង​តាម​លក្ខន្តិកៈ​របស់​អង្គការ​យោធា​តំបន់​អឺរ៉ុប​មួយ​នេះ ការ​ក្លាយ​ជា​សមាជិក​ណាតូ ត្រូវ​ឆ្លងកាត់​ការ​ឯកភាព​ទាំងស្រុង​ពី​សមាជិក​ទាំង ៣០​ប្រទេស​ដែល​គេ​ហៅ​មតិ​កុងសង់ស៊ីស។

អង្គការ​ណាតូ ដែល​ហៅថា​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង គឺជា​សម្ពន្ធមិត្ត​ការពារ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប ដោយ​មាន​ប្រទេស​ចំនួន ៣០​ជា​សមាជិក ហើយ​ភាគច្រើន​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​សង្គ្រាម​ត្រជាក់​បាន​ចាប់ផ្តើម។ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៤៩ ដោយ​មាន​ប្រទេស​ចំនួន ១២​ជា​ស្ថាបនិក។ ប្រទេស​ជា​ស្ថាបនិក​ទាំងនោះ​រួម​មាន ប្រទេស​បែលហ្ស៊ិក អង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចហ្សំបួរ ហុឡង់ដ៍ ន័រវែស ព័រទុយហ្គាល់ និង​អាមេរិក។

ប៉ុន្តែ​សម្រាប់​តួកគី ជា​សមាជិក​របស់​ណាតូ នៅ​ឆ្នាំ​១៩៥២។ អ្នក​ចូលរួម​បន្ទាប់​ទៀត​នោះ គឺ​ប្រទេស​ក្រិក និង​តួកគី នៅ​ឆ្នាំ​១៩៥២ អាល្លឺម៉ង់​នៅ​ឆ្នាំ​១៩៥៥ ហើយ​ប្រទេស​អេស្ប៉ាញ នៅ​ឆ្នាំ​១៩៨២។

ការ​បង្កើត​ក្រុម​យោធា​តំបន់​នេះ គឺ​ព្រោះ​តែ​មាន​ការ​ភ័យខ្លាច​កម្លាំង​អនុត្តរភាព​របស់​សហភាព​សូវៀត ដែល​ពង្រីក​លទ្ធិ​កុម្មុយនីស្ត​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការ​ឈ្លានពាន​ប្រទេស​ជិតខាង។ សម្រាប់​តួកគី ចូល​សមាជិក​ណាតូ​នៅ​ពេលនោះ គឺ​ពិត​ណាស់​តួកគី​ភ័យខ្លាច​ការ​ឈ្លានពាន​ពី​សំណាក់​សហភាព​សូវៀត​ផង​ដែរ។

ចុះ​ហេតុ​អ្វី​បាន​ជា​តួកគី ដែល​រត់​សុំ​ចូលរួម​ជាមួយ​ណាតូ ព្រោះ​ខ្លាច​សហភាព​សូវៀត បែរ​ជា​ព្យាយាម​រាំង​ខ្ទប់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ​ទៅ​វិញ?

នៅ​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ តួកគី​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Recep Tayyip Erdogan គឺជា​ប្រធានាធិបតី​ដំបូង​គេ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​ខ្លាំង​ទៅ​រក​ជន​ផ្ដាច់ការ​ប្រទេស​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដោយ​ក្រុង Ankara សម្រេច​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 របស់​រុស្ស៊ី ទោះ​ជា​អាមេរិក និង​ក្រុម​ណាតូ​មួយ​ចំនួន​ជំទាស់​ក៏ដោយ ព្រោះ​ណាតូ មាន​ជំហរ​រួម​គ្នា គឺ​មិន​ប្រើ​អាវុធ​របស់​គូប្រជែង​នោះ​ទេ។ ទោះជា​បែប​នេះ​ក្ដី លោក Erdogan មិន​ដែល​ស្ដាប់​ការ​ព្រមាន​របស់​អាមេរិក​ម្តង​ណា​ឡើយ។

មិន​តែប៉ុណ្ណោះ ក្រុង Ankara ក៏​មិន​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរ។ ទីបំផុត លោក ដូណាល់ ត្រាំ កាលនោះ​ជា​ប្រធានាធិបតី​អាមេរិក សឹងតែ​ដក​ប្រទេស​តួកគី ចេញពី​សមាជិក​ណាតូ​ទៅ​ហើយ។

ឥឡូវ​នេះ​ចូល​ដល់​ចំណុច​ជំទាស់​របស់​លោក​ប្រធានាធិបតី​តួកគី ដែល​មាន​ផែនការ​រាំង​ខ្ទប់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត មិន​ឲ្យ​ចូល​ជា​សមាជិក​ណាតូ។ ជំហរ​របស់​ក្រុង Ankara ដូចនេះ មើល​ទៅ​ដូចជា​មាន​ការ​ខ្សឹប​ដាក់​ត្រចៀក​ពី​មេដឹកនាំ​ក្រុង​មូស្គូ ឬ​ដូចម្ដេច ព្រោះ​របប​ក្រុង​មូស្គូ ប្រឆាំង​ជា​ខ្លាំង​ប្រទេស​ទាំង​ពីរ​នេះ​សុំ​ចូល​សមាជិក​ណាតូ ដែល​រុស្ស៊ី​ថា​ប្រទេស​ពីរ​នេះ​សុទ្ធតែ​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី​ដោយ​ផ្ទាល់។

បើ​មេដឹកនាំ​វិមាន​ក្រឹមឡាំង ខ្សឹប​ដាក់​ត្រចៀក​លោក​ប្រធានាធិបតី​តួកគី Erdogan ហើយ​រឿង​នេះ​ពិត​មែន គឺ​លោក Erdogan និង​តួកគី គឺជា​សមាជិក​ក្លែងក្លាយ​របស់​អង្គការ​ណាតូ។ តែ​បើ​គិត​មួយ​ជ្រុង​ទៀត​ដូចជា​មិន​សូវ​សម​សោះ ព្រោះ​អាវុធ​ដែល​កងទ័ព​អ៊ុយក្រែន កំពុង​ប្រើ​ក្នុង​ដៃ​ប្រយុទ្ធ​នឹង​រុស្ស៊ី ក៏​ជា​របស់​តួកគី ដែរ ដូចជា​ដ្រូន ជាដើម។

តើ​តួកគី​ចង់​លេង​ល្បែង​ហ្គេម​ជាមួយ​រុស្ស៊ី ឬ​ដូចម្ដេច? អ្វី​ដែល​នាំ​ឱ្យ​តួកគី ជំទាស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ គឺ​ក្រោម​ហេតុផល​តូចតាច​ប៉ុណ្ណោះ។

តួកគី​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​ប្រទេស​ពីរ​នេះ​បោះ​សម្អាត​ខ្លួន​ជា​មុន​សិន គឺ​ករណី​ជួយ​ផ្ដល់​ជម្រក​ឱ្យ​ក្រុម​ប្រឆាំង​នឹង​លោក Erdogan ដែល​ពួកគេ​រត់​ទៅ​នៅ​ប្រទេស​ទាំង​ពីរ​នេះ ក្រោយពី​ត្រូវ​បាន​រដ្ឋាភិបាល​លោក Erdogan ចោទ​ថា​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ពាក់ព័ន្ធ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ឆ្នាំ​២០១៦ ដែល​កាលនោះ​គឺ​ក្រុម​នេះ​ជា​ចលនា​បដិវត្តន៍​ទម្លាក់​លោក Erdogan។ ក្រុម​នេះ​មកពី​គណបក្ស​ប្រឆាំង គឺ​បក្ស​ពលករ Kurdistan។

លោក Erdogan បាន​ទាមទារ​ឱ្យ​ប្រទេស​ពីរ​នេះ​ទទួល​កំហុស តែ​ប្រទេស​ពីរ​នេះ​មិន​បាន​សុំទោស ហើយ​ក៏​មិន​ទទួលស្គាល់​ថា​ខ្លួន​គេ​មាន​កំហុស​អ្វី​នោះ​ដែរ។

មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ​ព្យាយាម​ពន្យល់​លោក Erdogan ឱ្យ​យល់​អំពី​សារសំខាន់​ដែល​ពួកគេ​សុំ​ចូល​សមាជិក​ណាតូ។ មក​ដល់​ពេលនេះ តួកគី​នៅ​មិន​ទាន់​ទន់​ជំហរ​នៅឡើយ​ទេ។

តើ​តួកគី​អាច​ឈ្នះ​ក្នុង​ការ​រាំង​ខ្ទប់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត មិន​ឱ្យ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣១ និង​៣២ ដែរ​ឬ​ទេ?

ទំនង​ដូចជា​ទៅ​ពុំ​រួច​ទេ ព្រោះ​មើល​ទៅ​ដូចជា​ពុំ​មាន​ប្រទេស​ណា​ផ្សេង​ទៀត​ចូលរួម​ជាមួយ​តួកគី​នោះ​ទេ។ ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ចង់​ឱ្យ​ហ្វាំងឡង់ និង​ស៊ុយអែត ក្លាយ​ជា​សមាជិក​ណាតូ គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ប៉ូឡូញ អ៊ីតាលី ហុឡង់ដ៍ បែលហ្ស៊ិក ហើយ​អគ្គលេខាធិការ​ណាតូ លោក ជេន ស្តូលធែនបើក (Jens Stoltenberg) ក៏​បាន​សម្រេច​ស្វាគមន៍​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​ហើយ។

លោក ជេន ស្តូលធែនបើក (Jens Stoltenberg) យល់​ថា ការ​ជំទាស់​របស់​ប្រទេស​តួកគី ជា​សិទ្ធិ​មួយ​ដែរ​របស់​ប្រទេស​នេះ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​ស្ដាប់​ហេតុផល​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត និង​ត្រូវ​ឈ្វេងយល់​ថែម​ទៀត​អំពី​ប្រទេស​ភាគច្រើន​គាំទ្រ​ប្រទេស​ពីរ​នេះ​ជា​សមាជិក​ណាតូ។ លោក​ថា ដំណោះស្រាយ​ត្រូវ​ឆ្លងកាត់​តុ​ចរចា​ជា​មុន​សិន ហើយ​ត្រូវ​រក​រូបមន្ត​មួយ​ឲ្យ​ឃើញ។

យ៉ាងណា នៅ​ពេលនេះ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ក្លាយ​ជា​សម្ពន្ធភាព​យោធា​ជាមួយ​នឹង​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ទៅ​ហើយ។ បើ​ប្រទេស​ពីរ​នេះ​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី ដូច​ករណី​ប្រទេស​អ៊ុយក្រែន គឺ​អង់គ្លេស និង​អាមេរិក ចាំបាច់​ត្រូវ​លើក​ទ័ព​ជួយ​ប្រទេស​ពីរ​នេះ ហើយ​បើ​អង់គ្លេស និង​អាមេរិក​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី គឺ​វា​មិន​ខុស​អ្វី​ដែល​រុញ​ឱ្យ​ណាតូ​ទាំងមូល​ចូល​ជួយ​ប្រទេស​មហាអំណាច​ពីរ​នេះ ព្រោះ​ជា​សមាជិក​ណាតូ គឺ​ដូច​មាត្រា​៥ នៃ​លក្ខន្តិកៈ​របស់​ណាតូ​បាន​កំណត់​ហើយ​នោះ។

មាត្រា​៥ ចែង​ថា៖ «ការ​វាយប្រហារ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ដែល​ជា​សមាជិក​ណាតូ នឹង​ត្រូវ​ចាត់ទុក​ថា​ជា​ការ​វាយប្រហារ​មួយ​ប្រឆាំង​ប្រទេស​ទាំងអស់​របស់​ណាតូ»

មាត្រា​នេះ​តម្រូវ​ឲ្យ​ក្រុម​សមាជិក​ឯកភាព​ចាត់​វិធានការ​ជា​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​រួម​គ្នា​ប្រឆាំង​នឹង​ប្រទេស​ឈ្លានពាន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស