36 C
Phnom Penh

អាមេរិក​គាំទ្រ​ពេញ​ទំហឹង​ឱ្យ​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​ណាតូ ខណៈ​តួកគី​ជំទាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ប្រកាស​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ត្រូវ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សហរដ្ឋ​អាមេរិក ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ពីរ​នេះ​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ឧសភា។

ប្រទេស​ពីរ​នេះ​សុទ្ធតែ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី ដែល​កំពុង​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ពីរ​នេះ​តែងតែ​រង​ការ​បំពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ផង​ដែរ ជាពិសេស​ពី​ខាង​ដែនអាកាស។ ការ​បំពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​ពីរ​នេះ មាន​ដូចជា​ការ​ធ្វើ​សមយុទ្ធ​ជាប់​ព្រំដែន និង​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ឱ្យ​ទៅ​រំលោភ​ដែនអាកាស​របស់​ប្រទេស​ពីរ​នេះ ហើយ​ចុងក្រោយ រុស្ស៊ី​គំរាម​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​នៅ​តាម​ព្រំដែន​ប្រទេស​រុស្ស៊ី​ជាប់​នឹង​ប្រទេស​ពីរ​នេះ​ទៀត​ផង។

ដោយ​មើល​ឃើញ​អំពី​ការ​ជៀស​ពុំ​រួច​នៃ​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដូច​ករណី​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ហ្សកហ្ស៊ី ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​នៅ​ឆ្នាំ​២០០៨ ស៊ុយអែត និង​ហ្វាំងឡង់ ដែល​ធ្លាប់​ជា​ប្រទេស​អព្យាក្រឹត​អស់​រយៈពេល ២​សតវត្ស​មក​នេះ ក៏​សម្រេច​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សម្ព័ន្ធភាព​យោធា​ណាតូ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា។

ពាក្យ​សុំ​របស់​ប្រទេស​ពីរ​នេះ ត្រូវ​បាន​ទទួល​ដោយ​អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg។ ក្រោយពី​បញ្ជូន​ពាក្យ​សុំ​ជា​សមាជិក​ណាតូ​ធ្លាក់​ដល់​ដៃ​លោក​អគ្គលេខាធិការ​ណាតូ ប្រធានាធិបតី​ហ្វាំងឡង់ និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត បាន​រួម​គ្នា​ធ្វើ​ដំណើរ​ទៅ​ជួប​លោក បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​សេតវិមាន។ ក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​សេតវិមាន លោក បៃដិន បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រទេស​ពីរ​នេះ​ដែល​សុំ​ចូល​ជា​សមាជិក​ណាតូ។ លោក បៃដិន បាន​បញ្ជាក់​ថា ការ​បន្ថែម​សមាជិក​ថ្មី​ក្នុង​អង្គការ​ណាតូ មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​មួយ​ទេ ព្រោះ​គោលដៅ​ចម្បង​របស់​ណាតូ គឺ​ការពារ​សន្តិសុខ និង​ដែន​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​ណាតូ។

បើ​តាម​លោក ចូ បៃដិន ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ ហើយ​ថា​ប្រទេស​ទាំង​ពីរ​នេះ​បំពេញ​បាន​គ្រប់​លក្ខខណ្ឌ​ទៅ​តាម​តម្រូវការ​អស់​ហើយ។

ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ទាំង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត អ្នកស្រី Magdalena Andersson លោក ចូ បៃដិន បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ ថា​ជា​ចំណុច​របត់​មួយ​នៃ​សន្តិសុខ​អឺរ៉ុប ដែល​នឹង​កាន់តែ​ជួយ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល។

ប៉ុន្តែ​សមាជិកភាព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​ឧបសគ្គ​រាំងស្ទះ ដោយសារតែ​ការ​ជំទាស់​ពី​តួកគី ដែល​ជា​សមាជិក​ណាតូ ព្រោះ​ថា​ការ​ចូល​សម្ព័ន្ធភាព​យោធា​ណាតូ ទាំង​ស៊ុយអែត និង​ហ្វាំងឡង់ ចាំបាច់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ណាតូ​ទាំង ៣០​ប្រទេស ប៉ុន្តែ​អ្វី​ដែល​តួកគី​ជំទាស់ គឺ​ព្រោះតែ​តួកគី ចោទ​ប្រទេស​ពីរ​នេះ​ថា​ធ្លាប់​ជួយ​លាក់​ខ្លួន​ពួក​យុទ្ធជន​ភេរវកម្ម​នៃ​ការ​អង្គការ​ចាត់តាំង​នៃ​បក្ស​ពលករ Kurdistan។

អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស Ben Wallace បាន​សម្ដែង​ជំនឿ​ទុកចិត្ត​ថា ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ណា​មួយ​ជា​សមាជិក​ណាតូ អាច​នឹង​រក​ច្រក​ចេញ​រួច ហើយ​ប្រទេស​នោះ​នឹង​យល់​អំពី​តម្លៃ​នៃ​ការ​ពង្រឹង​សមាជិក​ថ្មី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហើយ​នោះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ខណៈ​លោក បៃដិន កំពុង​ទទួល​ជួប​មេដឹកនាំ​ហ្វាំងឡង់ និង​ស៊ុយអែត លោក បៃដិន ក៏​ទទួល​បាន​ការ​សាទរ​មួយ​ទៀត​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដោយ​បាន​អនុម័ត​យល់ព្រម​បើក​កញ្ចប់​ថវិកា​មាន​សាច់ប្រាក់ ៤០​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋការ​លោក បៃដិន យក​ទៅ​ប្រើប្រាស់​ជាបន្ទាន់​ក្នុង​ការ​ជួយ​ផ្នែក​សព្វាវុធ ផ្នែក​មនុស្សធម៌ និង​ការ​ជួយ​ទ្រទ្រង់​ដំណើរ​ការងារ​រដ្ឋបាល​នៃ​រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskyy។

កាលពី​ថ្ងៃ​ទី​១០ ឧសភា សមាជិក​សភា​អាមេរិក​បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​របស់​រដ្ឋការ​លោក បៃដិន រួច​ទៅ​ហើយ។ សេចក្ដី​ស្នើ​ថវិកា​នេះ នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​បន្ទាប់ពី​លោក បៃដិន ចុះហត្ថលេខា​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ធំ​ទី​មួយ​ដែល​ជួយ​ផ្គត់ផ្គង់​ទាំង​អាវុធ ទាំង​ស្បៀងអាហារ សាច់ប្រាក់​សុទ្ធ​ទៅ​ឱ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Zelenskyy ហើយ​ប្រទេស​បន្ទាប់ គឺ​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ បារាំង និង​កាណាដា។ ចំណែក​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​នឹង​អាច​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣១ និង​៣២ ក៏​បាន​សន្យា​ថា​នឹង​ផ្ដល់​ជំនួយ​ទាំង​សព្វាវុធ ទាំង​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស