28 C
Phnom Penh

បទវិភាគ៖ តើ​ហេតុ​អ្វី​បានជា​គ្រួសារ​ត្រកូល ហ៊ុន តែង​លើកឡើង​អំពី​បដិវត្តន៍​ពណ៌?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន តែងតែ​អួតអាង​ថា លោក​បាន​បង្កើត​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយ​ទៅវិញ លោក​តែង​គំរាម​ម្តង​ហើយ​ម្តង​ទៀត​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ និង​ចោទ​ក្រុម​នេះ ឬ​ក្រុម​នោះ​ថា​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌។

ក្នុង​ឱកាស​ថ្លែង​សារ​អបអរ​សាទរ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កន្លងទៅ លោក ហ៊ុន សែន បាន​ឆ្លៀត​រំឭក​រឿង​បដិវត្តន៍​ពណ៌​ដែល​គាត់​ធ្លាប់​ប្រើ​ជា​ការ​គំរាម​កម្ទេច​ចំពោះ​ក្រុម​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​ចំពោះ​ការ​ដឹកនាំ​របស់​គាត់។ បន្ទាប់ពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ចំណែក​កូនប្រុស​របស់​លោក​មួយ​រូប​ទៀត គឺ​លោក ហ៊ុន ម៉ានី បាន​លើកឡើង​ថា បដិវត្តន៍​ពណ៌​មិន​បាន​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​ឡើយ។

តើ​អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌?

អ្នកវិភាគ​ខ្លះ​និយាយ​ថា ពលរដ្ឋ​តែង​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ អំពើ​អយុត្តិធម៌​សង្គម និង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល ហើយ​ឈាន​ទៅ​ទម្លាក់​រដ្ឋាភិបាល​នោះ​ចេញពី​អំណាច​ដោយ​ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ថ្មី​តាមរយៈ​ការ​បោះឆ្នោត​ដោយ​ពលរដ្ឋ។

អ្នកវិភាគ​នយោបាយ​នៅ​សាកលវិទ្យាល័យ Columbia សហរដ្ឋ​អាមេរិក លោក Lincoln A. Mitchell បាន​ពន្យល់​ថា ចាប់ពី​ចុង​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០០៥ បាតុកម្ម​អហិង្សា​របស់​មហាជន​តាម​ដងផ្លូវ​បាន​កើត​ឡើង​ជាបន្តបន្ទាប់​ដើម្បី​ទម្លាក់​របប​ពុករលួយ និង​ផ្ដាច់ការ​ក្នុង​ប្រទេស Georgia ប្រទេស Ukraine និង​ប្រទេស Kyrgyzstan។ បាតុកម្ម​ទាំងនោះ​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ទាំង​បី​នេះ​ដែល​គេ​ហៅថា ជា​ចលនា​បដិវត្តន៍​ពណ៌។

ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ក្នុង​បណ្តា​ប្រទេស​នានា​ក្នុង​ទសវត្ស​ឆ្នាំ​២០១០។ យុវជន​មួយ​រូប​នៃ​ប្រទេស​ទុយណេស៊ី បាន​ធ្វើ​អត្តឃាត​ដោយ​ដុត​ខ្លួនឯង​ដែល​ជា​ការ​តវ៉ា​នឹង​អំពើ​អយុត្តិធម៌ និង​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​មក​លើ​រូប​គាត់។ ការ​ស្លាប់​នៃ​យុវជន​រូប​នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទុយណេស៊ី ផ្ទុះ​កំហឹង និង​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​រហូត​ដល់​ទម្លាក់​រដ្ឋាភិបាល​ចេញពី​អំណាច។ ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ទុយណេស៊ី នេះ បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​រហូត​ដល់​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​ជា​បន្តបន្ទាប់ ដូចជា​ប្រទេស​អេស៊ីប និង​ប្រទេស​លីប៊ី ជាដើម។

បើ​គេ​ពិនិត្យ​មើល​អំពី​មូលហេតុ​នៃ​ព្រឹត្តិការណ៍​ទាំងនេះ គេ​អាច​កត់សម្គាល់​បាន​ថា ទង្វើ​អាក្រក់​របស់​រដ្ឋាភិបាល គឺជា​មូលហេតុ​នៃ​ការ​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។ បើ​តាម​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី Idea Talk កាលពី​ខែ​មេសា ថា អ្នក​ដែល​បង្កើត​បដិវត្តន៍​ពណ៌ គឺ​រដ្ឋាភិបាល មិន​មែន​ពលរដ្ឋ​នោះ​ទេ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​និយាយ​ជា​សាធារណៈ​ថា ពេល​ខ្លះ​ចលនា​បដិវត្តន៍​ពណ៌​កើត​ចេញពី​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ខ្លួនឯង​តែ​ម្តង ដែល​មាន​មន្ត្រី​អសកម្ម​មិន​យកចិត្ត​ទុកដាក់​បម្រើ​រាស្ត្រ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​ប្រយោជន៍​របស់​ពលរដ្ឋ។

តើ​ហេតុ​អ្វី​លោក ហ៊ុន សែន និង​កូនៗ​របស់​គាត់​តែងតែ​លើកឡើង​អំពី​បញ្ហា​បដិវត្តន៍​ពណ៌​ដូច្នេះ?

លោក ហ៊ុន សែន ជា​អតីត​ទាហាន​ខ្មែរក្រហម​មួយ​រូប។ ក្នុង​របប​ផ្ដាច់ការ​ឃោរឃៅ​ដូច​ខ្មែរក្រហម​នេះ មេដឹកនាំ​តែង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង និង​សង្ស័យ​ច្រើន។ ហេតុ​នេះ ការ​ដឹកនាំ​របស់​មេដឹកនាំ​ផ្ដាច់ការ​ដូច ប៉ុល ពត គឺ​ផ្អែក​តែ​លើ​មនុស្ស​ដែល​ខ្លួន​ទុកចិត្ត ឬ​ចាត់ទុក​ជា​មនុស្ស​ស្អាតស្អំ​ដែល​ស្មោះស្ម័គ្រ និង​ដើរ​តាម​មាគ៌ា​បក្ស។

ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន ក្លាយជា​នាយ​ទាហាន ឬ​ជា​កម្មាភិបាល​ខ្មែរក្រហម អាច​ដោយសារ​លោក​ជា​មនុស្ស​ឆ្អិនឆ្អៅ​ទទួល​យក និង​អនុវត្ត​មនោគមវិជ្ជា​កុម្មុយនីស្ត​ឃោរឃៅ​របស់​ខ្មែរក្រហម​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​២០ នៃ​ការ​បង្កើត​កងយោធពល​ខេមរភូមិន្ទ។ (រូប​ឯកសារ)

អ្នក​តាមដាន​ស្ថានការណ៍​សង្គម លោក សុខ សុគន្ធ បាន​ថ្លែង​ក្នុង​កម្មវិធី Idea Talk របស់ The Cambodia Daily កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ថ្វីបើ​ពួក​ខ្មែរក្រហម​ទី​មួយ​បាន​រលាយ​រលត់ តែ​ពួក​ខ្មែរក្រហម​ទី​២ ទី​៣ បាន​កើត​ឡើង។

ការ​លើកឡើង​របស់​លោក សុខ សុគន្ធ ទំនង​ជា​ចង់​សំដៅ​ថា លោក ហ៊ុន សែន ជា​ទាយាទ​បន្ត​មនោគមន៍វិជ្ជា​របស់​ក្រុម​ខ្មែរក្រហម​ទី​១ ដែល​ដឹកនាំ​ដោយ ប៉ុល ពត។

ក្នុង​របប​ខ្មែរក្រហម ប៉ុល ពត និង​ក្រុម​របស់​គាត់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​លាន​នាក់ ដោយសារតែ​ការ​លាប​ពណ៌ និង​ចោទ​ថា​ជា​ភ្នាក់ងារ CIA របស់​អាមេរិក ក្បត់​អង្គការ ឬ​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល ជាដើម។ ពួក​កម្មាភិបាល​ខ្មែរក្រហម​តែង​បង្កើត​លេស លាប​ពណ៌ និង​ចោទប្រកាន់​នរណា​មួយ​នៅ​ពេល​ដែល​ពួកគេ​ចង់​ចាប់ ឬ​សម្លាប់​អ្នក​នោះ។

ស្រដៀង​គ្នា​នឹង​អ្វី​ដែល​បាន​កើត​ក្នុង​របប​ខ្មែរក្រហម​កាលពី​ជិត​កន្លះ​សតវត្ស​មុន លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​របប​ផ្ដាច់ការ​នៅ​កម្ពុជា​បច្ចុប្បន្ន បាន​អនុវត្ត​ស្រដៀង​គ្នា​ទៅ​នឹង​មេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ដែរ តាមរយៈ​ការ​លាប​ពណ៌ និង​ការ​ចោទ​អ្នក​ណា​ម្នាក់​ដែល​លោក​ចង់​ចាប់​ដាក់​ពន្ធនាគារ ឬ​ចង់​កម្ចាត់​ចោល​ពី​ឆាក​នយោបាយ។

ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន តែងតែ​លើកឡើង​អំពី​បដិវត្តន៍​ពណ៌ គឺជា​យុទ្ធសាស្ត្រ​ដដែលៗ​ដើម្បី​គំរាម ឬ​មាន​បំណង​កម្ចាត់​នរណា​ម្នាក់ ហើយ​អ្វី​ដែល​គាត់​កំពុងតែ​ធ្វើ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​ធ្វើ​កាលពី ៤៧​ឆ្នាំ​មុន។

ដូច្នេះ អ្វី​ដែល​លោក សុខ សុគន្ធ អះអាង គឺ​ចង់​មាន​ន័យ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្នង​ត្រកូល​ខ្មែរក្រហម​ជំនាន់​ទី​២ រីឯ​កូន​របស់​លោក​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពី​លោក​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ដូច​គ្នា​នោះ អាច​ជា​អ្នក​បន្ត​វេន​ខ្មែរក្រហម​ជំនាន់​ទី​៣។

តែ​បើ​គេ​សង្កេត​អំពី​ប្រវត្តិ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន លោក​មិន​ដែល​បាន​អំណាច​តាម​វិធី​សុចរិត ឬ​ការ​គាំទ្រ​ដោយ​ពលរដ្ឋ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ម្តង​ណា​ឡើយ។

ក្នុង​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន ទទួល​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការ​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម។ វៀតណាម​បាន​ផ្តល់​តំណែង​ឲ្យ​លោក​នៅ​ពេល​នោះ ដោយសារតែ​លោក​បាន​ស្មោះស្ម័គ្រ​បម្រើ​វៀតណាម​ឥត​ងាករេ។ លោក ហ៊ុន សែន បាន​ទទួល​តំណែង​កំពូល​នេះ គឺ​បន្ទាប់ពី​លោក និង​កងទ័ព​វៀតណាម បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។

ក្រោយ​មក​ទៀត តំណែង​នាយករដ្ឋមន្ត្រី​ដែល​លោក ហ៊ុន សែន បាន​ទទួល​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ មក គឺ​សុទ្ធតែ​ធ្វើឡើង​តាម​កម្លាំង​យោធា និង​ការ​កេងបន្លំ​សន្លឹកឆ្នោត។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និងភរិយា​​​របស់​​​លោក​​​ គឺលោកស្រី ប៊ុន រ៉ានី ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​​បោះឆ្នោត ខណៈ​​​ទៅ​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​ក្នុង​​​ក្រុង​​​តាខ្មៅ​​​ ខេត្ត​​​កណ្តាល​​​។ (រូបថត​ឯកសារ)

ចំណុច​ទាំងនេះ អាច​បញ្ជាក់​ថា លោក ហ៊ុន សែន គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ឬ​ការ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ គឺ​លោក​ជឿ​តែ​លើ​អំពើ​ហិង្សា និង​ផ្ដាច់ការ​តែប៉ុណ្ណោះ។ ហេតុ​នេះ វិធី​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន គឺជា​វិធី​គាបសង្កត់ បង្ក្រាប និង​កម្ចាត់​គូប្រកួត ឬ​គូ​ទំនាស់ ដូច​អ្វី​ដែល ប៉ុល ពត បាន​ធ្វើ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។ ដូច្នេះ លោក​តែងតែ​បង្កើត​លេស​ផ្សេងៗ​ដើម្បី​ចោទ និង​ចាប់​ប៉ុណ្ណោះ។ ដូច្នេះ រឿង​បដិវត្តន៍​ពណ៌​ដែល​លោក ហ៊ុន សែន និង​កូន​របស់​លោក​តែងតែ​លើកឡើង​នោះ អាច​គ្រាន់​តែ​ជា​លេស​ដើម្បី​គំរាម ឬ​ចាត់ការ​លើ​បុគ្គល ឬ​ក្រុម​ណា​មួយ​តែប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត មេដឹកនាំ​នៃ​របប​ផ្ដាច់ការ​ច្រើនតែ​មាន​ការ​សង្ស័យ​ច្រើន ហើយ​នៅ​ពេល​ដែល​ខ្លួន​រង​ការ​រិះគន់​អ្វី​មួយ ខ្លួន​តែង​គិត​ថា​អ្នក​នោះ​ហ៊ាន​ប្រឆាំង ឬ​ចង់​ក្បត់​នឹង​ខ្លួន។ ស្រដៀង​គ្នា​នឹង​ចំណុច​នេះ​ដែរ លោក សុខ សុគន្ធ ធ្លាប់​បាន​ប្រាប់ The Cambodia Daily ថា លោក ហ៊ុន សែន គឺជា​មនុស្ស​ចូលចិត្ត​ពាក្យ​បញ្ជោរ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​មតិ​ផ្ទុយ ឬ​ជំទាស់​អ្វី​នោះ​ទេ។

ប៉ុន្តែ​អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន​បង្កើត​នូវ​រឿង​អយុត្តិធម៌​សង្គម និង​សេចក្តី​ឈឺចាប់​ជាច្រើន​ចំពោះ​ពលរដ្ឋ​ខ្មែរ។ ដូច្នេះ​មតិ​រិះគន់​ចំពោះ​ទង្វើ​អាក្រក់​របស់​លោក គឺជា​រឿង​ដែល​ជៀស​មិន​ផុត។

ដូច្នេះ នៅ​ពេល​ដែល​លោក​ប្រឈម​នឹង​ការ​រិះគន់ គួបផ្សំ​នឹង​ចរិត​របស់​លោក​មិន​ចូលចិត្ត​ស្តាប់​ពាក្យ​មិន​ល្អ​ផង​នោះ លោក ហ៊ុន សែន ក៏​ចាប់ផ្តើម​សង្ស័យ​ថា អ្នក​រិះគន់​ទាំងនោះ គឺ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌។

ចំណែក​លោក គឹម សុខ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ ឬ People Forum ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់ The Cambodia Daily កាលពី​ខែ​មេសា កន្លងទៅ​នេះ​ថា ការ​ដែល​លោក ហ៊ុន សែន លើកឡើង​អំពី​បដិវត្តន៍​ពណ៌ គឺ​ដើម្បី​បំភ័យ​ឲ្យ​ពលរដ្ឋ​ទទួល​យក​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ ដែល​ជា​ការ​បោះឆ្នោត​មួយ​លោក​រៀបចំ និង​ចាត់ចែង​តាម​អំពើ​ចិត្ត។

ដូច្នេះ ការ​ដែល​លោក ហ៊ុន សែន និង​កូន​របស់​លោក​តែង​លើកឡើង​អំពី​បញ្ហា​បដិវត្តន៍​ពណ៌ អាច​ជា​លេស​ដែល​ពួកគេ​ប្រឌិត​ឡើង ដើម្បី​គំរាម ឬ​ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​ជន​ទាំងឡាយ​ណា​ដែល​មាន​មតិ​ផ្ទុយ​ពី​ការ​ដឹកនាំ​របស់​លោក​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស