អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ព្យាករថា ក្រោយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកខាងមុខ នោះទំនាក់ទំនងកម្ពុជា-អាមេរិកនៅតែមិនអាចស្ដារឱ្យមានភាពល្អប្រសើរឡើងវិញបាន ដោយសារតែមេដឹកនាំខ្មែរកំពុងឈានជើងចូលកាន់តែជ្រៅក្នុងនយោបាយរបស់មហាអំណាចកុម្មុយនីស្តចិន។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៩ ឧសភា ថា សហរដ្ឋអាមេរិកគ្មានគោលបំណងកេងចំណេញ ឬមានផែនការបំផ្លាញនយោបាយកម្ពុជានោះទេ ប៉ុន្តែកម្ពុជាខ្លួនឯងប៉ុណ្ណោះដែលតែងបំផ្លាញខ្លួនឯងតាមរយៈនៃការដឹកនាំរបស់មេដឹកនាំដែលដឹងគុណអ្នកបំផ្លាញខ្លួន ដូចជាវៀតណាម និងចិន ហើយនាំគ្នាស្អប់ វាយប្រហារ និងរិះគន់អ្នកជួយខ្លួន ដូចជាសហរដ្ឋអាមេរិកទៅវិញ។
លោក សុខ សុគន្ធ លើកឡើងថា កម្ពុជាបច្ចុប្បន្ននេះមិនមែនគ្រាន់តែមានហានិភ័យជំពាក់បំណុលចិនវ័ណ្ឌកនោះទេ បើទោះបីជាកម្ពុជាកំពុងធ្លាក់ខ្លួនជាកូនបំណុលចិន ដែលមិនអាចនឹងមានអ្វីសងចិន ក្រៅពីកាត់ទឹកដីរបស់កម្ពុជាឱ្យទៅចិនដើម្បីសងនៅពេលចិនទាមទារក៏ដោយ ប៉ុន្តែគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់កម្ពុជានោះ គឺកម្ពុជាជាកូនកោះមួយស្ថិតក្នុងភូមិសាស្ត្រនយោបាយដែលចិនកំពុងត្រូវការក្តោបក្តាប់ តាមរយៈកម្ចីរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ខណៈកម្ពុជាកាន់តែផ្តួលខ្លួនពឹងផ្អែកចិនកាន់តែខ្លាំងឡើងៗនៅពេលនេះ។
អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះបញ្ជាក់ថា ការដឹកនាំនយោបាយរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងដឹកនាំនយោបាយបែបក្រឡេចក្រឡុចដែលគ្មានជំហរច្បាស់លាស់ ហើយបញ្ហានេះនឹងនាំកម្ពុជាទៅរកហានិភ័យនៅថ្ងៃអនាគតយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលកម្ពុជាស្ថិតក្នុងភូមិសាស្ត្រនយោបាយផុយស្រួយដែលមហាអំណាចកុម្មុយនីស្តចង់បានធ្វើជាបង្អែករបស់ខ្លួន ក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់ និងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងមួយថ្ងៃមុននឹងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចូលរួមធ្វើសហប្រធានក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកជាមួយលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ ចុងសប្តាហ៍នេះ។
អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ចិនបានលូកដៃយ៉ាងជ្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺនៅពេលដែលចិនបានគាំទ្ររដ្ឋាភិបាលកម្ពុជាឱ្យរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា កាលពីពេលកន្លងទៅ ដែលជាមូលហេតុធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ហើយជំនួសមកវិញនូវគំរូនៃការដឹកនាំបែបផ្ដាច់ការដូចដែលចិន បានអនុវត្តក្នុងប្រទេសរបស់ពួកគេ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឱកាសស្ដារទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកឡើងវិញនោះទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនទម្លាក់ចោលបទចោទលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជម្រះពីការសង្ស័យរបស់សហរដ្ឋអាមេរិក ជុំវិញមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជាឱ្យជ្រះស្រឡះទេនោះ។
លោកបញ្ជាក់ថា នៅពេលដែលលោក កឹម សុខា នៅតែត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិ នោះគឺស្មើនឹងរដ្ឋាភិបាលកម្ពុជាចោទប្រកាន់សហរដ្ឋអាមេរិកពីបទឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដូច្នោះដែរ ខណៈចិនបានចេញមុខគាំទ្រលើការចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិដោយពេញមុខលើបញ្ហានេះ។
កាលពីអំឡុងឆ្នាំ២០១៨ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ធ្លាប់បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដោយបង្ហាញអំពីកង្វល់ចម្បងបំផុតនៃមូលដ្ឋានយោធាចិននៅកម្ពុជា និងព្រមានថា ប្រសិនបើកម្ពុជាផ្តល់មូលដ្ឋានតំបន់រាមឱ្យកងទ័ពជើងទឹកចិនឈរជើងមែននោះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយចៀសមិនផុតនោះទេ ខណៈរដ្ឋាភិបាលកម្ពុជាតែងតែបដិសេធពីការសង្ស័យនេះរហូតមក៕