28 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​សន្តិភាព ឬ​រដ្ឋាភិបាល​ភ័យខ្លាច?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាព​សង្ស័យ​ច្រើន គឺជា​រោគសញ្ញា​នៃ​ការ​ភ័យខ្លាច។ សកម្មភាព​នៃ​ការ​សង្ស័យ គឺ​រមែង​ស្តែង​ចេញ​តាមរយៈ​ការ​លាប​ពណ៌ ចោទ និង​ចាប់​អ្នក​ដទៃ​ក្រោម​រូបភាព​នៃ​ការ​បង្កើត​លេស​ផ្សេងៗ។

របប​គ្រប់គ្រង​មួយ​ដែល​ទន់ខ្សោយ គឺ​រមែង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង។ ម្ល៉ោះ​ហើយ​របប​គ្រប់គ្រង​បែប​នោះ តែងតែ​ខិតខំ​បំភិតបំភ័យ​មនុស្ស​នានា​ដែល​ខ្លួន​មិន​ទុកចិត្ត ឬ​គិត​ថា​ជា​សត្រូវ​របស់​ខ្លួន និង​ព្យាយាម​ប្រមូលផ្ដុំ​អំណាច​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩ មក តាមរយៈ​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម។ ការ​ស្ថិត​ក្នុង​អំណាច​ដ៏​យូរលង់ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​លទ្ធភាព​ប្រមូលផ្ដុំ​អំណាច​តាមរយៈ​នៃ​ការ​ប្រើប្រាស់​យន្តការ​រដ្ឋ​ទាំងអស់​ជា​របស់​ខ្លួន​តាម​មាគ៌ា​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ “បក្ស និង​រដ្ឋ គឺ​តែ​មួយ”។ ម្យ៉ាង​ទៀត គេ​ថា​បក្ស​ប្រៀប​បាន​នឹង​ក្បាលម៉ាស៊ីន​រថភ្លើង រីឯ​ប្រជាជន​ជា​ទូ​រទេះភ្លើង​ដែល​ត្រូវតែ​បត់បែន​ពត់ពេន​ទៅ​តាម​ក្បាលម៉ាស៊ីន​នាំ​មុខ។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ដែល​ទទួល​បាន​ការ​តែងតាំង​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ ក្នុង​ឆ្នាំ​១៩៨៥ នោះ ក៏​បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ទាំង​ក្នុង​យន្តការ​រដ្ឋ និង​បក្ស។ បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​ក្តោប​អំណាច​ទាំងអស់​ពេញ​ក្នុង​ដៃ​ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​បក្ស និង​បាន​ប្រើប្រាស់​ទាំង​យន្តការ​រដ្ឋ និង​បក្ស ដើម្បី​បម្រើ​ផលប្រយោជន៍ និង​គោលដៅ​របស់​គ្រួសារ​គាត់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

ប៉ុន្តែ​ថ្វីបើ​របប​លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​ពេញ​ដៃ​ទាំង​ក្នុង​បក្ស​កុម្មុយនីស្ត​របស់​គាត់ និង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ គេ​នៅតែ​សង្កេត​ឃើញ​ថា របប​នេះ​នៅតែ​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច​ឥត​ឈប់ឈរ។ មេដឹកនាំ​កុម្មុយនីស្ត​ផ្ដាច់ការ​ច្រើនតែ​រស់នៅ​ក្នុង​ភាព​អាការៈ​អារម្មណ៍​មួយ​ដែល​គេ​រំពៃ​គិត​ជានិច្ចកាល​ថា មាន​អ្នកដទៃ​រៀប​ផែនការ​ក្បត់​នឹង​ខ្លួន ផ្តួល​រំលំ​រំលាយ​ខ្លួន មាន​មនុស្ស​តាម​ឃ្លាំមើល​ខ្លួន ដែល​ជា​ជំងឺ​ខួរក្បាល​សរសៃ​ប្រសាទ ដែល​វេជ្ជបណ្ឌិត​ហៅ​តាម​ភាសា​អង់គ្លេស​ថា schizophrenic paranoia។

ស្ថិត​ក្រោម​ការភ័យខ្លាច​ចំពោះ​ឥទ្ធិពល ឬ​ការ​គំរាម​របស់​បរទេស លោក ហ៊ុន សែន ខិតខំ​យកចិត្ត​ប្រទេស​វៀតណាម​ផង និង​ចិន​ផង ដោយ​គ្មាន​លាក់លៀម និង​អៀនខ្មាស។ ចំពោះ​ប្រទេស​វៀតណាម លោក ហ៊ុន សែន តែងតែ​ខំ​ធ្វើ​តាម ឬ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការបំពាន​របស់​ប្រទេស​នេះ​មក​លើ​កម្ពុជា និង​ថែមទាំង​ខិតខំ​យកចិត្ត​យក​ថ្លើម​រដ្ឋាភិបាល​ក្រុង​ហាណូយ តាមរយៈ​ការ​សម្ដែង​ការ​ដឹងគុណ​ជានិច្ច​និរន្តរ៍។

ជាក់ស្តែង របប​លោក ហ៊ុន សែន ខិតខំ​យកចិត្ត​ទុកដាក់​ផ្តល់​សញ្ជាតិ និង​លំនៅឋាន​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​តាំង​ទី​លំនៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​រំលោភ​បំពាន​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម។ ជាមួយ​គ្នា​នេះ របប​លោក ហ៊ុន សែន ខិតខំ​កសាង​ស្តូប​សម្ដែង​ការ​ដឹងគុណ​ប្រទេស​វៀតណាម​ក្នុង ២៥​ខេត្ត-ក្រុង​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជា​ការ​យកចិត្ត​រដ្ឋាភិបាល​ក្រុង​ហាណូយ។ មិន​តែប៉ុណ្ណោះ របប​នេះ​ក៏​តែងតែ​ព្យាយាម​សម្លាប់​ស្មារតី​ជាតិ​និយម​ជនជាតិ​ខ្មែរ​ណា​ដែល​ហ៊ាន​និយាយ​អំពី​ទឹកដី​កម្ពុជា​ក្រោម។ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ផ្តល់​ក្តារ​មឈូស​ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នក​ណា​ដែល​ចង់​វាយ​យក​ដី​កម្ពុជា​ក្រោម​មកវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជួប​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) នា​ពេល​កន្លង​មក។ (រូបថត​ឯកសារ)

ចំពោះ​ប្រទេស​ចិន លោក ហ៊ុន សែន អនុញ្ញាត និង​ការពារ​ជនជាតិ​ចិន ឱ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ពី​អំពើ​ឧក្រិដ្ឋ​បោកប្រាស់ និង​ប្លន់​យក​ដីធ្លី​ពី​សំណាក់​ជនជាតិ​ចិន គប់គិត​នឹង​អ្នក​មាន​អំណាច។ របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​បាន​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ការពារ​ជនជាតិ​បរទេស​ទាំងនោះ​ទៀត​ផង។ លើស​ពី​នេះ​ទៀត របប​លោក ហ៊ុន សែន សុខចិត្ត​ប្រឈម​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដើម្បី​បម្រើ និង​ការពារ​ផលប្រយោជន៍​ចិន​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​កសាង​មូលដ្ឋាន​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា ជាដើម។ អ្វី​ដែល​របប​លោក ហ៊ុន សែន ខំ​ធ្វើ​ទាំងនេះ គឺ​ដើម្បី​តែ​យកចិត្ត​ចិន និង​ដើម្បី​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​របស់​ខ្លួន​ដែល​កំពុងតែ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​នោះ​ឯង។

ក្រៅតែ​ពី​រស់​ក្នុង​ភាព​ភ័យខ្លាច​បើ​គ្មាន​អំណាច​បរទេស​គាំទ្រ របប​លោក ហ៊ុន សែន ក៏​មាន​ការ​ភ័យខ្លាច​ជា​ប្រចាំ​ចំពោះ​ការ​មិន​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ក្នុង​ឆ្នាំ​២០១៦ របប​ផ្ដាច់ការ​នេះ​បាន​ជួល​ក្រុមហ៊ុន​ឯកជន​របស់​អ៊ីស្រាអែល​មួយ​ឱ្យ​ធ្វើ​ការ​ស្ទង់មតិ​អំពី​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​រូបលោក ហ៊ុន សែន ផ្ទាល់​តែម្តង។ លទ្ធផល​ការ​ស្ទង់មតិ​នោះ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគតិច គឺ​តែ ៣៣% ប៉ុណ្ណោះ​ដែល​គាំទ្រ​លោក ហ៊ុន សែន។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួតប្រជែង​យក​អំណាច​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ សុចរិត​នោះ​ឡើយ ដូចជា​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨ ជាដើម។

របប​លោក ហ៊ុន សែន មិន​គ្រាន់តែ​ខ្លាច​ការ​ប្រកួតប្រជែង​យក​អំណាច​តាម​វិធី​ត្រឹមត្រូវ និង​ស្មើភាព​ទេ តែ​ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​មិន​ពេញចិត្ត និង​មិន​គាំទ្រ​ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​អំពើ​ទុច្ចរិត​ដែល​កំពុង​បង្ក​ឡើង​ដោយ​របប​ផ្ដាច់ការ​នេះ​ដែរ។ សកម្មជន​ជាច្រើន រួម​ទាំង​ព្រះសង្ឃ ស្ត្រី​ទន់ខ្សោយ យុវតី និង​យុវជន​ក្មេងៗ រួម​ទាំង​ក្មេងៗ​ក្រោម​អាយុ និង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផង ក៏​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​ដោយ​របប​នេះ​ឥត​ប្រណី​ដែរ។ ក្រៅ​ពី​នេះ សកម្មជន​ប្រុស​ស្រី​មួយ​ចំនួន​ដែល​រិះគន់​របប​លោក ហ៊ុន សែន ពី​ក្រៅ​ប្រទេស ក៏​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន​ដែរ។

សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ភ្នាក់ងារ​នៃ​របប​ផ្ដាច់ការ​នេះ​នៅ​ក្នុង​ប្រទេស​ថៃ រីឯ​សកម្មជន​ខ្លះ​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ ការ​ចោទ និង​ចាប់​ខ្លួន​ទាំងអស់​នោះ គឺជា​សក្ខីកម្ម​នៃ​ការ​បញ្ជាក់​អំពី​ការ​ភ័យខ្លាច​របស់​របប​លោក ហ៊ុន សែន។ លោក ហ៊ុន សែន ចាប់​អ្នក​រិះគន់​គឺជា​សញ្ញា​បញ្ជាក់​ថា របប​នេះ​គ្មាន​សមត្ថភាព និង​លទ្ធភាព​បកស្រាយ​តប​វិញ​ចំពោះ​ទស្សនៈ​នៃ​ការ​រិះគន់​ទាំងនោះ​ទេ។ ចំណុច​នេះ​អាច​ជា​ការពិត ព្រោះ​ថា​បើ​យោង​តាម​ការ​ស្ទង់មតិ​ខាងលើ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​គ្មាន​ជំនឿ​លើ​លោក ហ៊ុន សែន។

ការ​អស់​ជំនឿ​របស់​ប្រជាពលរដ្ឋ​បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន កាន់តែ​ភ័យខ្លាច ព្រោះ​គាត់​បាត់បង់​មូលដ្ឋានគ្រឹះ​នៃ​អំណាច។ ការ​ភ័យខ្លាច​នោះ បាន​ធ្វើ​ឱ្យ​របប​ផ្ដាច់ការ​មួយ​នេះ​មាន​ការ​មន្ទិល​សង្ស័យ​ច្រើន ដោយ​ចេះតែ​គិត​ថា​អ្នកដទៃ​ក្រៅតែ​ពី​បក្ខពួក​របស់​ខ្លួន សុទ្ធតែ​ជា​សត្រូវ និង​មាន​បំណង​មិន​ល្អ​ចំពោះ​ខ្លួន។

សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​ឡាន​យក​មក​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១។ (រូបថត​ហ្វេសប៊ុក Ma Chetra)

ជាក់ស្តែង សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​របប​ផ្ដាច់ការ​នេះ សុទ្ធតែ​ជាប់​ចោទ​អំពី​បទ​បង្ក​អសន្តិសុខ​សង្គម និង​មាន​បំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ជាដើម។ រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​នោះ គឺ​ការ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ និង​គ្មាន​ហេតុផល​ទាំងនេះ បាន​កើត​ឡើង​ចំពោះ​ក្មេង​ស្រីៗ​ដែល​ជា​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ និង​ក្មេង​ប្រុស​អាយុ ១៧​ឆ្នាំ​ម្នាក់​ដែល​ជា​អនីតិជន និង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ថ្វីបើ​សកម្មជន​ក្មេងៗ​ទាំងនេះ​គ្មាន​លទ្ធភាព និង​សមត្ថភាព​អ្វី​ទាំងអស់​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អំណាច​រដ្ឋាភិបាល ក៏​របប​លោក ហ៊ុន សែន ភ័យខ្លាច​រហូត​ដល់​ទៅ​ចាប់​ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​ដូច​បាន​លើកឡើង​ពី​ខាង​ដើម​មកនេះ។

ក្រៅតែ​ពី​ការ​ភ័យខ្លាច​ចំពោះ​សកម្មជន​ទាំងនេះ លោក ហ៊ុន សែន ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​មន្ត្រី និង​ថ្នាក់​ដឹកនាំ​បក្ស​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ។ គាត់​ខំ​ក្តោប​អំណាច​គ្រប់​យ៉ាង និង​គំរាមកំហែង​អ្នក​ផ្សេង​ទៀត​ឱ្យ​យល់ព្រម​ធ្វើ​តាម​គាត់។ ជាក់ស្តែង លោក ហ៊ុន សែន គំរាម​លោក ស ខេង ឱ្យ​គាំទ្រ​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​គាត់​ជា​បេក្ខជន​ស្នង​តំណែង​នាយករដ្ឋមន្ត្រី។

ការ​ខិតខំ​តែងតាំង​កូន​របស់​ខ្លួន​ឲ្យ​ស្នង​តំណែង គឺ​មកពី​គាត់​មាន​ការ​ភ័យខ្លាច​អំពី​អនាគត​របស់​គាត់ ដោយសារតែ​អំពើ​ទុច្ចរិត​នា​ពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះ ការ​គំរាម​ថ្នាក់ដឹកនាំ​ផ្សេងៗ​ឱ្យ​គាំទ្រ​ផែនការ​តែងតាំង​កូន​របស់​ខ្លួន គឺ​ដើម្បី​បំបាត់​ភាព​ភ័យខ្លាច​ដែល​ជា​ជំងឺ​ខួរក្បាល​សរសៃ​ប្រសាទ ហៅ​តាម​ភាសា​អង់គ្លេស​ថា schizophrenic paranoia នោះ​ឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស