33 C
Phnom Penh

ចក្រភព​អង់គ្លេស​បញ្ជូន​សព្វាវុធ​និង​កងទ័ព​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ចរចា​រវាង​រុស្ស៊ី និង​អង្គការ​សម្ពន្ធភាព​យោធា​ណាតូ (NATO) មិន​អាច​បំបែក​ភាព​ទាល់ច្រក​អំពី​ស្ថានការណ៍​យោធា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ប្រទេស​អង់គ្លេស​ដែល​ជា​សមាជិក​មួយ​ដ៏​មាន​ឥទ្ធិពល​នៃ​អង្គការ​យោធា​ណាតូ បាន​សម្រេច​បញ្ជូន​សព្វាវុធ និង​កងទ័ព​មួយ​ក្រុម​តូច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​អង្គារ ទី​១៨ មករា នេះ។

តាម​សេចក្ដី​រាយការណ៍​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC សព្វាវុធ​ប្រទេស​អង់គ្លេស នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​១៨ មករា នេះ។ លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​ប្រាប់ BBC ថា កងទ័ព​មួយ​ក្រុម​តូច​ដែល​អម​ដំណើរ​សព្វាវុធ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន គឺ​ដើម្បី​ទៅ​ហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន ក្នុង​ការ​ប្រើប្រាស់​សព្វាវុធ​ទាំងនោះ។ លោក Wallace បញ្ជាក់​ថា កងទ័ព​អង់គ្លេស​មួយ​ក្រុម​នេះ​នឹង​មិន​ក្លាយ​ជា​កម្លាំង​គំរាម​រុស្ស៊ី នោះ​ទេ។

តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស Ben Wallace សព្វាវុធ​របស់​អង់គ្លេស​ដែល​បញ្ជូន​ទៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​មាន​អាវុធ​កម្ទេច​រថក្រោះ​ផង​ដែរ ហើយ​អាវុធ​ទាំងនោះ​នឹង​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​១៨ មករា នេះ។

ការ​បញ្ជូន​សព្វាវុធ​ពី​ប្រទេស​អង់គ្លេស ទៅ​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​រដ្ឋការ​សហរដ្ឋ​អាមេរិក​នៃ​ប្រធានាធិបតី ចូ បៃដិន ព្រមាន​ថា រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយក្រែន​ដោយ​មិន​កំណត់​ពេល​ជាក់លាក់។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​ឱ្យ​ដឹង​ថា ក្រុង​មូស្គូ អាច​នឹង​ច្នៃប្រឌិត​ហេតុការណ៍ ហើយ​យក​លេស​ធ្វើ​ការ​ឈ្លានពាន​អ៊ុយក្រែន ដែល​ចាំបាច់​ត្រូវការ​ការពារ​អ៊ុយក្រែន។ លោក​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​អង់គ្លេស​ដែល​បញ្ជូន​សព្វាវុធ​ទៅ​អ៊ុយក្រែន គឺ​ចំ​ពេល​ស្ថានការណ៍​មួយ​ត្រូវ​ប្រកាន់​ជំហរ​បែប​នេះ។

ចំពោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស Ben Wallace លោក​បាន​និយាយ​ថា លោក​បាន​ស្នើ​អញ្ជើញ​សមភាគី​រុស្ស៊ី លោក Sergey Shoigu មក​ជួប​លោក​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ពេល​ខាងមុខ​នេះ ដើម្បី​ជជែក​គ្នា​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក​អំពី​ប្រទេស​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ទី​១៤ មករា ប្រទេស​ស៊ុយអែត បាន​សម្រេច​ពង្រាយ​កម្លាំង​ទ័ព​នៅ​លើ​កោះ Gotland របស់​ខ្លួន​ដែល​ស្ថិត​នៅ​កណ្តាល​សមុទ្រ​បាល់ទិក។ កោះ​នេះ​គឺជា​ដែនដី​ស៊ុយអែត និង​ជា​តំបន់​ជួរមុខ​ការពារ​សន្តិសុខ​តំបន់​អឺរ៉ុប​ខាងជើង​ទប់ទល់​នឹង​រុស្ស៊ី។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រុស្ស៊ី​បញ្ចេញ​នាវា​ដែល​អាច​ផ្ទុក​កម្លាំង​ទ័ព​ចំនួន ៦​គ្រឿង ចល័ត​នៅ​ក្នុង​សមុទ្រ​បាល់ទិក។ ដោយ​សង្កេត​ឃើញ​ស្ថានការណ៍​នេះ រដ្ឋាភិបាល​ស៊ុយអែត បាន​សម្រេច​បញ្ជូន​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​ដាក់​ត្រៀម​នៅ​លើ​កោះ​នោះ។ សកម្មភាព​នៃ​ការ​ពង្រាយ​កម្លាំង​ដាក់​នៅ​លើ​កោះ Gotland ត្រូវ​បាន​កងទ័ព​ស៊ុយអែត បញ្ជូន​ចេញពី​ក្រុង​ស្តុកខុម តាម​យន្តហោះ​ចម្បាំង និង​តាម​នាវា​ផង​ដែរ។

ស្ថានការណ៍​យោធា​នៅ​ពេលនេះ គឺ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ខ្លាំង​រវាង​រុស្ស៊ី និង​ក្រុម​ប្រទេស​អឺរ៉ុប​ខាងជើង និង​ខាងកើត។ មិន​ថា​ឡើយ​ប្រទេស​អ៊ុយក្រែន នោះ​ដែល​រុស្ស៊ី បាន​បង្ហាញ​ជំហរ​ប្រឆាំង​ចំពោះ​គម្រោង​ចូល​ជា​សមាជិក​យោធា​ណាតូ គឺ​រុស្ស៊ី ក៏​មិន​ចង់​ឃើញ​ស៊ុយអែត និង​ហ្វាំងឡង់ ជា​សមាជិក​របស់​ណាតូ ផង​ដែរ។ ជាមួយ​នឹង​ការ​បញ្ជូន​កម្លាំង​ទ័ព​ទៅ​ពង្រាយ​នេះ ក្រសួង​ការពារ​ជាតិ​ស៊ុយអែត ចង់​បង្ហាញ​សញ្ញា​ថា ស៊ុយអែត មិន​ចង់​ទទួល​យក​ការ​ប្រឈម​នឹង​សកម្មភាព​គំរាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី នោះ​ទេ។

ចំពោះ​ប្រទេស​ប៉ូឡូញ ដែល​ជាប់​នឹង​រុស្ស៊ី​ខ្លាំង​ជាងគេ​វិញ គឺ​រដ្ឋមន្ត្រី​ម្នាក់​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ បាន​ដាក់​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​អឺរ៉ុប​ខាងកើត។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ប៉ូឡូញ លោក Zbigniew Rau បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ មករា ថា អឺរ៉ុប​ខាងកើត​កំពុងតែ​ធ្លាក់​នៅ​ក្នុង​ហានិភ័យ​យ៉ាង​ច្បាស់​ថា​ជៀស​ពុំ​រួច​នៃ​ការ​ផ្ទុះ​សង្គ្រាម ខណៈ​រុស្ស៊ី​និយាយ​ថា ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី និង​រវាង​អង្គការ​យោធា​ណាតូ និង​រុស្ស៊ី បាន​ដល់​ចំណុច​ជាប់​គាំង​ស្ដូក ហើយ​ទីក្រុង​មូស្គូ​ព្រមាន​ថា​គ្មាន​ការ​ចរចា​បន្ត​ទៀត​នោះ​ទេ។

លោក Zbigniew Rau បាន​ថ្លែង​ទៅកាន់​វេទិកា​សន្តិសុខ ៥៧​ប្រទេស​ថា ដំណាក់កាល​នេះ​មើល​ទៅ​ហានិភ័យ​នៃ​សង្គ្រាម​នៅ​ក្នុង​តំបន់​អឺរ៉ុប គឺ​វា​ធ្ងន់​ជាង ៣០​ឆ្នាំ​មុន​ទៅ​ទៀត។ ខណៈ​នេះ គេ​មិន​បើក​ភ្នែក​រំលង​សង្គ្រាម​នោះ​ទេ គឺ​ប្រយ័ត្ន​ដូច​កាលពី​ប្រទេស​យូហ្គោស្លាវី ដែល​ជា​អតីត​សហភាព​សូវៀត ទីបំផុត​ធ្លាក់​ក្នុង​សង្គ្រាម ហើយ​ក្រោយ​មក​ក៏​អង្គការ​ណាតូ លើក​ទ័ព​លុកលុយ​ប្រទេស​នេះ​តែម្ដង។

ប្រមុខ​ការទូត​ប៉ូឡូញ​រូប​នេះ​បាន​រាយការណ៍​ថា ការ​ចរចា​ថ្មីៗ​នេះ​រវាង​អង្គការ​ណាតូ និង​រុស្ស៊ី ក៏ដូចជា​រវាង​អាមេរិក និង​រុស្ស៊ី ពុំ​បាន​បំបែក​ភាព​ទាល់ច្រក​នោះ​ទេ។

ស្ថានការណ៍​ដ៏​អាក្រក់​នេះ​នៅ​អឺរ៉ុប​ខាងកើត បាន​កើតមាន​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​បន្ទាប់ពី​រុស្ស៊ី បង្កើន​វត្តមាន​កងទ័ព​របស់​ខ្លួន​ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​សព្វាវុធ​ទំនើបៗ​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន ដែល​ចំនួន​កងទ័ព​របស់​រុស្ស៊ី មក​ដល់​ពេលនេះ នៅតែ​មាន​ជាង ១០​ម៉ឺន​នាក់​នៅឡើយ។ ចំណែក​ឯ​អ៊ុយក្រែន​ឯណោះ​វិញ ក៏​បង្កើន​វត្តមាន​កងទ័ព និង​សព្វាវុធ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី​ផង​ដែរ។ បើ​តាម​ព័ត៌មាន គឺ​ចំនួន​កងទ័ព​អ៊ុយក្រែន​ជាប់​នឹង​ព្រំដែន​រុស្ស៊ី កើន​ឡើង​ជាង ១៥​ម៉ឺន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស