33 C
Phnom Penh

មេដឹកនាំ​បក្ស​កាន់​អំណាច​សារភាព​ពី​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេ​កម្មាភិបាល​របប​វាល​ពិឃាត​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សារភាព​ថា ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ប៉ែន សុវណ្ណ គឺ​លោក​ជា​អ្នក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក ប៉ែន សុវណ្ណ និង​បញ្ជូន​តាម​យន្តហោះ​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀតណាម ដោយសារ​លោក ប៉ែន សុវណ្ណ មាន​ផែនការ​ក្បត់​គណបក្ស​កុម្មុយនីស្ត​របស់​ខ្លួន។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ ដោយ​អះអាង​ថា លោក ប៉ែន សុវណ្ណ បាន​ធ្វើ​កំហុស​ច្រើន​ណាស់​ចាប់តាំង​ពី​ចូល​ដល់​ទីក្រុង​ភ្នំពេញ ដូចជា​ការ​ឆែកឆេរ​ផ្ទះ​លោក ជា ស៊ីម និង​ឆែកឆេរ​ផ្ទះ​លោក ហេង សំរិន រហូត​ប៉ុនប៉ង​ចង់​ឆែកឆេរ​ផ្ទះ​របស់​លោក​ទៀត។ លោក​បន្ត​ថា នោះ​គឺ​ដោយសារតែ​លោក ប៉ែន សុវណ្ណ មាន​បំណង​ក្តោប​ក្តាប់​កម្លាំង​យោធា​បង្កើន​អំណាច​ខ្លួនឯង។ លោក ប៉ែន សុវណ្ណ មិន​អាច​មក​បកស្រាយ​បំភ្លឺ​តប​វិញ​ទេ។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​តែង​ប្លន់​អំណាច​ពី​មេដឹកនាំ​ក្នុង​បក្ស​របស់​ខ្លួន លោក ហ៊ុន សែន អះអាង​ថា ក្រោយពី​បញ្ជូន​លោក ប៉ែន សុវណ្ណ ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀតណាម​រួច​មក គណបក្ស​បាន​សម្រេច​តែងតាំង​លោក ចាន់ ស៊ី ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ជា​អកុសល បន្ទាប់ពី​កាន់​តំណែង​បាន​មួយ​រយៈ លោក ចាន់ ស៊ី បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បណ្តាល​ឱ្យ​ស្លាប់ ទើប​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា សម្រេច​បោះឆ្នោត​ជ្រើសរើស​លោក​ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​រហូត​ដល់​សព្វថ្ងៃ​នេះ។

មេដឹកនាំ​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​របស់​ខ្លួន លោក ហ៊ុន សែន អះអាង​ថា ការ​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​នេះ គឺ​សមាជិក​គណបក្ស​សម្រេច​ជ្រើសរើស​លោក​ដោយ​ពេញចិត្ត មិន​មែន​ជា​ការ​លើក​បន្តុប​ពី​ខាង​រដ្ឋាភិបាល​ក្រុង​ហាណូយ ឬ​ពី​ខាង​សហភាព​សូវៀត​នោះ​ទេ ដូច្នេះ​អ្នក​បកស្រាយ​ទាំងអស់​មិន​ត្រូវ​បំភ័ន្ត​សាធារណជន​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​មតិ​មួយ​ចំនួន​ដែល​បាន​លើកឡើង​ថា លោក ហ៊ុន សែន មិន​ត្រូវ​បាន​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម ទេ ប៉ុន្តែ​ជា​មេដឹកនាំ​ដែល​លើក​បន្តុប​ដោយ​របប​កុម្មុយនីស្ត​សហភាព​សូវៀត ប៉ុណ្ណោះ។ តាម​ឯកសារ​បរទេស អតីត​សហភាព​សូវៀត មិន​លូក​ដៃ​ក្នុង​ការ​ចាត់ចែង​រៀបចំ​ប្រទេស​កម្ពុជា​ទេ ទុក​ឲ្យ​ក្រុង​ហាណូយ សម្រេច ព្រោះ​គេ​ប្រាប់​ថា​គេ​ស្គាល់​រឿង​ខ្មែរ​ច្បាស់​ជាងគេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មករា នេះ​ថា ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ភូតភរ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ លោក ហ៊ុន សែន គ្មាន​អំណាច​ជំទាស់​នឹង​វៀតណាម​នោះ​ទេ ដូច្នេះ​ការ​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ នេះ​ទៀត ក៏​ធ្វើឡើង​តាម​បញ្ជា​របស់​វៀតណាម​ដែរ។

លោក ម៉ែន ណាត អះអាង​ថា ការ​និយាយ​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ការ​ទម្លាក់​កំហុស​ឱ្យ​លោក ប៉ែន សុវណ្ណ ប៉ុណ្ណោះ ព្រោះ​ថា​បើ​គេ​សិក្សា​ពី​អត្តចរិត​របស់​មនុស្ស​ដោយ​ធ្វើការ​ប្រៀបធៀប​អត្តចរិត​លោក ប៉ែន សុវណ្ណ និង​លោក ហ៊ុន សែន គេ​អាច​មើល​ឃើញ​គ្រប់​គ្នា​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​បែប​ម៉ាហ្យា (Mafia) ចំណែក​លោក ប៉ែន សុវណ្ណ មិន​មែន​ជា​មនុស្ស​មាន​អត្តចរិត​ឃោរឃៅ​ដូច​លោក ហ៊ុន សែន នោះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ បញ្ជាក់​ថា ដើម្បី​ស្គាល់​អត្តចរិត​ស្រេក​ឃ្លាន​អំណាច​របស់​លោក ហ៊ុន សែន កាន់តែ​ច្បាស់ គេ​មើល​ពី​ការ​គំរាម​ផ្ទៃក្នុង​របស់​គាត់​នៅ​ពេលនេះ ដែល​ប្រឹង​លើកស្ទួយ​កូន​ខ្លួនឯង​ឱ្យ​កាន់កាប់​អំណាច​បន្ត​ទៅ​ហើយ ដូច្នេះ​បើ​ធៀប​នឹង​សម័យ​ដែល​គ្មាន​ច្បាប់​គ្រប់គ្រាន់​ដូច​ឥឡូវ​នេះ ថា​តើ​លោក ហ៊ុន សែន សាហាវ​កម្រិត​ណា ដើម្បី​ខ្លួន​គាត់​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​លើក​កិត្តិយស​តែ​ម្នាក់​ឯង​ពី​ចលនា​បដិវត្តន៍​របស់​ពួកគាត់ ហើយ​ព្យាយាម​ទម្លាក់​កំហុស​ទាំងអស់​លើ​លោក ប៉ែន សុវណ្ណ ព្រោះ​ថា​ពេល​លោក ប៉ែន សុវណ្ណ នៅ​មាន​ជីវិត គាត់​បាន​បកអាក្រាត​យ៉ាង​ច្រើន​អំពី​ល្បិច​ឃុបឃិត​គ្នា​រវាង​មេដឹកនាំ​វៀតណាម និង​លោក ហ៊ុន សែន ក្នុង​ផែនការ​បំផ្លាញ​កម្ពុជា ប៉ុន្តែ​នៅ​ពេល​នោះ លោក ហ៊ុន សែន មិន​ហ៊ាន​ហើប​មាត់​តបត​សូម្បី​តែ​មួយ​ម៉ាត់។

ប្រភព​ដដែល​អះអាង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន វា​រឹត​តែ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន បាន​បង្ហាញ​អំពី​គំនុំ​របស់​គាត់​ចំពោះ​លោក ប៉ែន សុវណ្ណ ត្បិត​ក្នុង​ប្រវត្តិ​ដឹកនាំ​របស់​ពួកគេ លោក ប៉ែន សុវណ្ណ គឺជា​អ្នក​រារាំង​លោក ហ៊ុន សែន មិន​ឲ្យ​កាន់​តួនាទី​កំពូល ព្រោះ​ថា​គាត់​បាន​ដឹង​ពី​ទំនាក់ទំនង​មេដឹកនាំ​រដ្ឋ​វៀតណាម និង​លោក ហ៊ុន សែន ក្នុង​ការ​បំផ្លាញ​អធិបតេយ្យភាព​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ៣៧​ឆ្នាំ​មក​នេះ ត្រូវ​គេ​រិះគន់​ថា អំណាច​របស់​លោក ហ៊ុន សែន គឺ​បាន​មកពី​ការ​ប្លន់​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត អំណាច​នោះ​គឺជា​អំណាច​ដែល​យល់ព្រម​បម្រើ​ផែនការ​គ្រប់​យ៉ាង​របស់​បរទេស​ឈ្លានពាន​ផង​ដែរ ត្បិត​ក្រោម​ការ​ជ្រោមជ្រែង​របស់​រដ្ឋការ​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​ដណ្តើម​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដើម្បី​ខ្លួនឯង​ឡើង​កាន់កាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​១៩៨៥ នោះ។

គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​អស់​រយៈពេល ៣៧​ឆ្នាំ​ហើយ ប៉ុន្តែ​ចុងក្រោយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​រៀបចំ​កម្លាំង​ប្រដាប់​អាវុធ​កាន់តែ​ច្រើន​ឡើងៗ​ដើម្បី​រក្សា​អំណាច​ត​វង្ស​ត្រកូល​របស់​គាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស