38.1 C
Phnom Penh

លោក ហ៊ុន សែន រំឭក​ថា​កងទ័ព​វៀតណាម​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប ប៉ុល ពត ជា​កិច្ចការ​មនុស្សធម៌​ធំធេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពី​សំណាក់​កងទ័ព​វៀតណាម គឺជា​កិច្ចការ​មនុស្សធម៌​ដ៏​ធំធេង​នៅ​លើ​ពិភពលោក ហើយ​ជាង​នេះ​ទៀត រូបលោក​ផ្ទាល់​ក៏​មិន​មែន​ជា​មេដឹកនាំ​ដែល​វៀតណាម​លើក​បន្តុប​ដែរ។

អតីត​​កម្មាភិបាល​មេ​បញ្ជាការ​យោធា​ខ្មែរក្រហម លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា មិន​មែន​មក​ដេក​សោយ​សុខ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ គឺ​ពួកគេ​បាន​លះបង់​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ច្រើន​ណាស់ ដើម្បី​សង្គ្រោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​នោះ​គឺជា​កាតព្វកិច្ច​របស់​ពួកគេ​ដើម្បី​កិច្ចការ​មនុស្សធម៌​នេះ។ នេះ​ជា​ទ្រឹស្ដី​អន្តរជាតិ​និយម​ក្នុង​មនោគមវិជ្ជា​សង្គម​និយម​ផ្តើម​ពី​ទស្សនវិទូ សកម្មជន​បដិវត្តន៍​កាល់ម៉ាក្ស ក្នុង​ឆ្នាំ​១៨៦៤។

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​វៀតណាម​បាន​ជួយ​ចិញ្ចឹម​កងទ័ព​ដែល​លោក​ដឹកនាំ​រាប់​ម៉ឺន​នាក់ និង​ជួយ​ចិញ្ចឹម​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ដែល​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​គេច​ពី​ការ​កាប់​សម្លាប់​របស់​របប​ខ្មែរក្រហម និង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​អាច​មាន​ជីវិត​រស់រាន​រហូត​ដល់​សព្វថ្ងៃ​នេះ។

មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​គូប្រជែង​របស់​ខ្លួន លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មិន​ដែល​បំភ្លេច​គុណ​វៀតណាម​ទេ ក្នុង​នោះ កម្ពុជា​ក៏​បាន​សង់​ស្តូប​ដើម្បី​រំឭក​គុណ​កងទ័ព​វៀតណាម​ជា​ហូរហែ​នៅ​កម្ពុជា​ផង​ដែរ ដូច្នេះ​ការ​រិះគន់​លើ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ក្នុង​ការ​ចូល​មក​រំដោះ​ពលរដ្ឋ​កម្ពុជា ថា​គ្រាន់តែ​ជា​ទាហាន​ស៊ីឈ្នួល​នោះ គឺជា​ការ​ប្រមាថ​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ចការ​មនុស្សធម៌​របស់​វៀតណាម ដែល​មិន​អាច​លើកលែង​ឱ្យ​បាន។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​បំណង​ជំទាស់​ទៅ​នឹង​ការ​រិះគន់​ដែល​លើកឡើង​ថា កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា​ដើម្បី​រំដោះ​ពលរដ្ឋ​ខ្មែរ​ចេញពី​របប​ខ្មែរក្រហម គ្រាន់តែ​ជា​កងទ័ព​ស៊ីឈ្នួល​របស់​របប​កុម្មុយនីស្ត​សហភាព​សូវៀត​ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​វៀតណាម លោក ង្វៀន ជីវិញ (Nguyen Chivinh) នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មករា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន មិន​ផ្ដោត​លើ​គុណ​របស់​វៀតណាម​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន ដឹង​ថា​នៅ​ពេល​គាត់​កាន់តែ​រំឭក​គុណ​របស់​វៀតណាម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ស្អប់​គាត់​ថែម​ទៀត។ ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​បាន​ដឹង​ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ថា វៀតណាម​គឺ​មាន​បំណង​ឈ្លានពាន​ទឹកដី​ខ្មែរ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ផែនការ «ក-៥» ដែល​លោក ហ៊ុន សែន បាន​ទទួល​ពី​វៀតណាម ដើម្បី​យក​ទៅ​អនុវត្ត​នៅ​កម្ពុជា បាន​សម្លាប់​បុរស​ខ្មែរ​ជាង ២០​ម៉ឺន​នាក់​ឯណោះ ដែល​ជា​ផែនការ​របស់​វៀតណាម ប៉ង​លេប​យក​ប្រទេស​កម្ពុជា​ឥត​ឈប់ឈរ ហើយ​អ្នក​ដែល​អាច​ជួយ​វៀតណាម​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេច​មហិច្ឆតា​នេះ គឺ​មាន​តែ​លោក ហ៊ុន សែន ម្នាក់​គត់​ដែល​ជា​មនុស្ស​ស័ក្ដិសម​បំផុត។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​ទំនង​ជា​គាត់​ព្យាយាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​បិទ​បាំង​បរាជ័យ​ធំ​បច្ចុប្បន្ន​របស់​គាត់​ប៉ុណ្ណោះ ដូចជា​ការ​បរាជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។ ជាង​នេះ​ទៀត ក៏​ដើម្បី​បិទ​បាំង​ការ​បរាជ័យ​ដែល​ខកខាន​ក្នុង​ការ​កោះ​ប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​បរាជ័យ​ចំពោះ​ការ​ដោះស្រាយ​កូដកម្ម​អតីត​បុគ្គល​ណាហ្គា​វើលដ៍ ហើយ​ក៏​អាច​ជា​ការ​ព្រួយបារម្ភ​របស់​គាត់​ខ្លាច​បាត់បង់​ឱកាស​ធ្វើ​សហប្រធាន​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ខែ​កុម្ភៈ ខាងមុខ​នេះ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២១ ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ដោយ​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ជា​មនុស្ស គឺ​ដោយសារ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

សាធារណរដ្ឋ​សង្គម​យៀកណាម ឆក់​ឱកាស​ដែល​ខ្មែរ​រៀន​ពី​សាលា​កុម្មុយនីស្ត​ដូច​គ្នា​កាប់​ចាក់​សម្លាប់​គ្នា​បំពេញ​ភារកិច្ច​អន្តរជាតិ​និយម យក​ការ​វាយ​លុកលុយ​ឈ្លានពាន​ប្រទេស​កម្ពុជា ជា​បេសកកម្ម​មនុស្សធម៌​រំដោះ​ខ្មែរ​ឲ្យ​រស់រាន​មាន​ជីវិត​ពី​ភាព​ផុត​ពូជ រួច​យក​ខ្មែរ​មិន​ដឹង​ប្រវត្តិសាស្ត្រ​ឲ្យ​ដឹកនាំ​ប្រទេស។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹងគុណ​ដែល​រដ្ឋាភិបាល​វៀតណាម​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ចងចាំ​នោះ គឺជា​ការ​ដឹងគុណ​កើត​ចេញ​មក​ពី​ល្បិច​កល​លួច​ដុត​ផ្ទះ​ខ្មែរ ហើយ​ធ្វើជា​ជួយ​ពន្លត់​ភ្លើង​របស់​បរទេស​ឈ្លានពាន​មួយ​នេះ​តែប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ បើ​សិក្សា​លើ​ដាន​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​ផ្លូវការ​បច្ចុប្បន្ន វៀតណាម​មិន​ត្រឹមតែ​គ្មាន​គុណ​លើ​កម្ពុជា​នោះ​ទេ ថែម​ទាំង​ជា​ប្រទេស​ដែល​បាន​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

គួរ​បញ្ជាក់​ថា តាម​ឯកសារ​ស្រាវជ្រាវ​ឯ​បរទេស និង​តាម​សាក្សី​ផ្ទាល់ មេដឹកនាំ​បក្ស​ពលករ​យៀកណាម​នៃ​រដ្ឋការ​ក្រុង​ហាណូយ ចាប់ពី​អគ្គលេខាធិការ​បក្ស ទ្រឿង ជីញ ឡេ ហ្ស័ន ង្វៀង វ៉ាន់លិញ សុទ្ធតែ​ដឹង​ច្បាស់​ថា ប៉ុល ពត ជា​មនុស្ស​សើរើ​និយម ព្រោះ​ស្នើ​ឲ្យ​មេដឹកនាំ​យៀកណាម​ដោះស្រាយ​រឿង​ព្រំដែន​តាំងពី​ឆ្នាំ​១៩៧៦ ក្រោយ​រំដោះ​មក​ម៉្លេះ។ ខាង​ក្នុង​ស្រុក​វិញ អ្នក​ដឹកនាំ​ក្រុម​ខ្មែរ​យៀកមិញ មាន​សមមិត្ត ស ភឹម មាស សុភា ជាដើម មាន​រៀបចំ​កម្លាំង​លាក់​តាម​ចម្ការ​កៅស៊ូ​ក្នុង​ខេត្ត​ក្រចេះ ធ្វើ​ការ​ទាក់ទង​ជាមួយ​កងទ័ព​យៀកណាម ក្នុង​ឆ្នាំ​១៩៧៧ ក្នុង​បំណង​វាយប្រហារ​រំលំ​ក្រុម ប៉ុល ពត។

សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មួយ​រូប​ធ្លាប់​និយាយ​ថា លោក ហ៊ុន សែន រត់​ចេញ​ពី​របប​ខ្មែរក្រហម ត្រូវ​រដ្ឋអំណាច​យៀកណាម​ចាប់​ដាក់​ក្នុង​ជំរំ​ឃុំ​គ្រង​មួយ​ជាមួយ​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ដទៃ​ទៀត។ ជំនាញការ​ជាន់ខ្ពស់​យៀកណាម ទទួល​បន្ទុក​រឿង​ខ្មែរ គឺ​សមមិត្ត ឡេ ឌឹកថ ចេញ​ចូល​ជំរំ​រើស​ខ្មែរ​ណា​ស្ម័គ្រចិត្ត​ចូលរួម​នឹង​កងទ័ព​រំដោះ​យៀកណាម ហើយ​សុខចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​អញ្ជើញ​កងទ័ព​យៀកណាម​មក​ជួយ​រំដោះ។

សាក្សី​ធ្លាប់​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ នា​ឆ្នាំ​១៩៧៧ និយាយ​ថា យៀកណាម​រៀបចំ​ឆាក​ក្នុង​ចម្ការ​កៅស៊ូ​ឲ្យ​អ្នក​ចូលរួម​មិទិញ​ស្លៀកពាក់​ខ្មៅ​ទាំងអស់ ដោយ​យក​ប្រជាជន​ខ្មែរ​អង្គុយ​ខាង​មុខ ប្រជាជន​យៀកណាម​អង្គុយ​ខាង​ក្រោយ រួច​ថតរូប​ផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​ងើប​តស៊ូ​ប្រឆាំង​នឹង ប៉ុល ពត ហើយ។ គេ​បើក​ឡាន​ទាហាន​ពីរ​បី​គ្រឿង​ទៅវិញ​ទៅមក​ពេញ​មួយ​យប់ ហាក់បីដូចជា​ដឹកជញ្ជូន​ទ័ព​ឥត​ឈប់ឈរ។ ក្នុង​សៀវភៅ​បណ្ឌិត Stephen Morris លោក​សរសេរ​ថា មេដឹកនាំ​យៀកណាម​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​សូវៀត អំពី​រឿង​ខ្មែរ​បះបោរ តែ​មិន​ប្រាប់​អំពី​ផែនការ​វាយលុក​ប្រទេស​កម្ពុជា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស