26 C
Phnom Penh

បទវិភាគ៖ តើ​លោក សម រង្ស៊ី កំពុង​ដើរ​លើ​ផ្លូវ​ប្រឆាំង ឬ​ស្រប​នឹង​បំណង​របស់​លោក ហ៊ុន សែន ក្នុង​ការ​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បំណង​របស់​លោក ហ៊ុន សែន ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​ដឹង និង​ឃើញ​ច្បាស់​នឹង​ភ្នែក តែ​លោក សម រង្ស៊ី ដែល​ជា​សហ​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ឱ្យ​គេ​មាន​សំណួរ​អំពី​ជំហរ និង​សកម្មភាព​នយោបាយ​របស់​គាត់​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​ការ​ចាកចេញ​របស់​គណបក្ស​ភ្លើង​ទៀន​របស់​គាត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

សំណួរ​ដែល​បាន​កើតឡើង​នោះ គឺ​តើ​លោក សម រង្ស៊ី កំពុង​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា?

ការ​វិវឌ្ឍ​ចុងក្រោយ​នៃ​គណបក្ស​ភ្លើង​ទៀន​ខាង​របស់​ភាគី​លោក សម រង្ស៊ី គឺ​បច្ច័យ​ថ្មី​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​អនាគត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ គេ​គួរ​ពិនិត្យ​មើល​ដំណើរ​រឿង​ដែល​បាន​កើតឡើង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ និង​ការ​កើន​ឡើង​នូវ​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ជា​សន្ទស្សន៍​នៃ​ការ​គំរាមកំហែង​ដល់​អំណាច​របស់​លោក ហ៊ុន សែន យ៉ាង​ពិតប្រាកដ។ ដូច្នេះ បំណង​របស់​លោក ហ៊ុន សែន ក្នុង​ការ​បំបែកបំបាក់ រំលាយ និង​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​កិច្ចការ​ចាំបាច់​ចំពោះ​មុខ។

គេ​អាច​ធ្វើការ​សន្និដ្ឋាន​បែប​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ជាក់ស្តែង​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ចំពោះ​គណបក្ស​ប្រឆាំង​ផង និង​ផ្អែកលើ​ចរិត​នយោបាយ​របស់​គាត់​ផង។ កុំ​ថា​ឡើយ​ត្រឹម​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​បង្ក​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា សូម្បីតែ​ការ​ទទួល​អំណាច​ពី​វៀតណាម ក្នុង​ទសវត្ស​១៩៨០ ជា​ថ្នូរ​នឹង​ការ​ដាក់​ខ្លួន ប្រទេស និង​ជាតិ​ទាំងមូល​ក្រោម​ការ​ត្រួតត្រា​វៀតណាម ក៏​លោក ហ៊ុន សែន ហ៊ាន​ធ្វើ​ដែរ។ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក ហ៊ុន សែន តែងតែ​គំរាម និង​អួត​អំពី​ការ​បំបែក​គណបក្ស​ប្រឆាំង​ដែល​លេចធ្លោ ឬ​អាច​ជា​គូប្រកួត​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ។

គណបក្ស​ទាំងនោះ​មាន​ដូចជា គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា ដឹកនាំ​ដោយ​លោកតា សឺន សាន គណបក្ស​ជាតិ​ខ្មែរ ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ចុងក្រោយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ធ្វើការ​គាបសង្កត់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​បែប​យ៉ាង និង​គ្រប់​ទ្រង់ទ្រាយ ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ចុះ​ទន់ខ្សោយ។

ស្រប​ពេល​ដែល​គណបក្ស​នេះ​រង​សម្ពាធ​ដ៏​ខ្លាំងក្លា​ពី​លោក ហ៊ុន សែន លោក សម រង្ស៊ី ក៏​បាន​សម្រេច​ចិត្ត​លាលែង​ចេញពី​ប្រធាន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក កឹម សុខា ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស ដើម្បី​រែកពុន​អម្រែក​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក​ក៏​ធ្វើ​អ្វី​មិន​បាន​ដូច​បំណង​ដែរ ព្រោះ​ស្ថិត​ក្នុង​គំនាប​លោក ហ៊ុន សែន ក្រោយ​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។

លោក ហ៊ុន សែន បាន​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ទៅលើ​លោក កឹម សុខា ទៀត​ឥត​ឈប់ឈរ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​នៅតែ​ព្យាយាម​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សន្ទុះ​ឡើង​ថែម​ទៀត​មួយ​កម្រិត ដូចជា​ការ​រៀបចំ​បេក្ខជន​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។ លើស​ពី​នេះ​ទៀត លោក កឹម សុខា រួម​នឹង​សមាជិក​គណបក្ស នៅតែ​អាច​ធ្វើ​ឲ្យ​សំឡេង​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧ កើន​ឡើង​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សម្គាល់។

ប្រហែល​ជា​យល់​ថា​សកម្មភាព​នានា​ក្នុង​ការ​គាបសង្កត់​លោក កឹម សុខា នៅតែ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​កើន​ឡើង​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទើប​លោក ហ៊ុន សែន សម្រេច​ចាប់​លោក កឹម សុខា ទាំង​តក់ក្រហល់​ដោយ​គ្មាន​ហេតុផល​សមរម្យ​សូម្បីតែ​បន្តិច​ឡើយ។

ក្រោយ​ចាប់​ខ្លួន​លោក កឹម សុខា ប្រហែលជា​លោក ហ៊ុន សែន នៅតែ​គិត​ថា​ទង្វើ​របស់​គាត់​បែប​នេះ​នៅតែ​មិន​អាច​បំបែក​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទៀត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន រក​លេស​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​ពី​ការ​ឃុំ​ខ្លួន​លោក កឹម សុខា តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏​លោក ហ៊ុន សែន នៅតែ​រក​លេស​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​ទៀត។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លុបបំបាត់​ជា​ផ្លូវការ​ពី​ឆាក​នយោបាយ វិធី​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ទី​១ លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវតែ​ប្រកាស​បែក​គ្នា​ជា​ផ្លូវការ ហើយ​ទី​២ គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ភ្លើង​ទៀន ត្រូវ​បង្ហាញ​នូវ​ការ​ដើរ ឬ​បែក​ចេញ​ពី​គ្នា​ជា​ផ្លូវការ។ ប្រសិនបើ​ការ​វិភាគ​នេះ​អាច​ជា​ការពិត តើ​សកម្មភាព​នយោបាយ​របស់​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់ អាច​ស្របតាម​សេណារីយ៉ូ​នោះ​ដែរ​ទេ?

នៅ​ព្រឹក​ព្រលឹម​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មនុស្ស​ជំនិត​នឹង​លោក សម រង្ស៊ី ម្នាក់​គឺ​លោក យឹម សុវណ្ណ បាន​ប្រកាស​ភ្លាមៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​ជួប​ប្រជុំ ឬ​ប្រមូល​ផ្តុំ​អ្វី​ទាំងអស់ ដោយ​ទុក​រឿង​នេះ​ឲ្យ​អន្តរជាតិ​ជា​អ្នក​ធ្វើ​ជំនួស។ ចាប់តាំង​ពី​ពេល​នោះ​មក លោក យឹម សុវណ្ណ ដែល​មាន​មុខនាទី​ជា​អ្នក​នាំពាក្យ បាន​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ មិន​និយាយ​អ្វី​ទាំងអស់ សូម្បីតែ​បញ្ហា​ការ​ចាប់​ខ្លួន​របស់​ប្រធាន​គណបក្ស និង​ការ​រំលាយ​បក្ស​របស់​ខ្លួន ក៏​មិន​បកស្រាយ​ជា​សាធារណៈ​ដែរ។

នៅ​មុន​គេ​រំលាយ​បក្ស​បន្តិច ក្នុង​ខណៈ​ដែល​ប្រធាន​បក្ស​កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ទៅកាន់​លោក កឹម សុខា អំពី​ការ​តែងតាំង​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា។ ក្នុង​លិខិត​នោះ លោក សម រង្ស៊ី រំឭក​លោក កឹម សុខា ថា​រាល់​ការ​សម្រេច​អ្វីៗ​ទាំងអស់ គឺ​ត្រូវតែ​ឯកភាព​ពី​មនុស្ស​ជំនិត​របស់​គាត់​បី​រូប គឺ​មាន​លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ។ តើ​ទ្រង់ទ្រាយ​នយោបាយ​បែប​នេះ​ឆ្លុះ​នូវ​គំនិត​ផ្ដាច់ការ ឬ​គំនិត​ប្រជាធិបតេយ្យ?

យោង​តាម​លិខិត​នេះ គឺ​មាន​ន័យ​ថា លោក សម រង្ស៊ី គ្រាន់តែ​យល់ព្រម​ឱ្យ​លោក កឹម សុខា មាន​តំណែង​ជា​ប្រធាន​បក្ស តែ​មិនព្រម​ឲ្យ​មាន​អំណាច​អ្វី​នោះ​ទេ ដូច​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ជាមួយ​លោក ជា ស៊ីម ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដូច្នោះ​ដែរ។

មាន​មនុស្ស​រាប់​លាន​នាក់​បាន​ដឹង​អំពី​គោលបំណង​របស់​លោក ហ៊ុន សែន ក្នុង​ការ​បំបែក​លោក កឹម សុខា និង​លោក សម រង្ស៊ី ឲ្យ​ចេញពី​គ្នា ឬ​កម្ចាត់​អ្នក​ទាំង​ពីរ​ឱ្យ​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ ការ​សន្និដ្ឋាន​ពី​មតិ​ខ្លះ​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​មក​តែ​ពី​លោក កឹម សុខា មិនព្រម​បែក​ចេញពី​លោក សម រង្ស៊ី និង​មិនព្រម​ដើរ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការពិត។

ផ្ទុយទៅវិញ ប្រសិនបើ​លោក កឹម សុខា យល់ព្រម​បែក​ចេញពី​លោក សម រង្ស៊ី ឬ​យល់ព្រម​ឈប់​ធ្វើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យល់ព្រម​ចាកចេញ​ពី​ប្រទេស​កម្ពុជា ប្រហែលជា​លោក កឹម សុខា មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​កណ្តាល​អាធ្រាត្រ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​វៀតណាម ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ នោះ​ឡើយ។

ប្រសិន​ការ​វិភាគ​អំពី​ករណី​លោក កឹម សុខា អាច​ជា​ការពិត ដូច្នេះ​ការ​លាលែង​ចេញពី​មុខនាទី​ជា​ប្រធាន និង​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក សម រង្ស៊ី អាច​ជា​ការ​គេច​ចេញពី​ការ​ប្រឈម និង​សម្ពាធ​របស់​លោក ហ៊ុន សែន។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ភ្លាមៗ ស្រដៀង​គ្នា​នឹង​លោក យឹម សុវណ្ណ លោក សម រង្ស៊ី បាន​ប្រកាស​ហៅ​ឱ្យ​សកម្មជន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ចាកចេញ​ពី​ប្រទេស​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​នោះ លោក សម រង្ស៊ី បាន​ភ្ជាប់​នូវ​ពាក្យ​មួយ​ឃ្លា​ថា “យើង​ត្រូវការ​ឲ្យ​មាន​ដំណោះស្រាយ​ជា​កញ្ចប់”។ លោក សម រង្ស៊ី ពុំ​បាន​ពន្យល់​លម្អិត​អំពី​ពាក្យ ដំណោះស្រាយ​ជា​កញ្ចប់​នោះ​ទេ តែ​វា​ប្រហែលជា​មាន​ន័យ​ថា ការ​ធ្វើ​អ្វីៗ​ត្រូវតែ​មាន​ផលប្រយោជន៍​សម្រាប់​រូប​គាត់​ផង​ដែរ ឬ​អ្វី​ក៏ដោយ​ដែល​គ្មាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​គាត់ គឺ​មិន​បាច់​ធ្វើ​អ្វី​ទេ ដូច​ពាក្យ​ខ្មែរ​មួយ​ឃ្លា​តែងតែ​ត្រូវ​បាន​គេ​លើកឡើង​ថា “បើ​អញ​មិន​បាន​ស៊ី ឯង​ក៏​អត់​ស៊ី​ដែរ!”

ប្រសិនបើ​លោក សម រង្ស៊ី មាន​ចេតនា​បែប​នេះ​មែន​នោះ វា​មាន​ន័យ​ថា លោក សម រង្ស៊ី គ្មាន​ចេតនា​ធ្វើ​អ្វី​ដើម្បី​លោក កឹម សុខា ទេ តែ​ប្រើ​ការ​ជាប់​គុក​របស់​លោក កឹម សុខា ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គាត់​តែប៉ុណ្ណោះ ដូចជា​ការ​ប្រើប្រាស់​ឈ្មោះ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៃអង្គាស​លុយ​ជាដើម។ អ៊ីចឹង​លោក សម ង្ស៊ី និង​លោក កឹម សុខា គឺ​មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ ហើយ​នេះ​គឺជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​ដែរ។

បន្ទាប់ពី​មាន​ការ​ប្រកាស​ឱ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សំខាន់ៗ​ចេញ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ជាមួយ​នឹង​ក្រុម​របស់​គាត់​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​មួយ​ផ្សេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះបី​ភាគី​លោក កឹម សុខា មិន​យល់ព្រម​ក្តី។

មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី មួយ​រូប គឺ​លោក អេង ឆៃអ៊ាង បាន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​កប៉ាល់​កំពុង​ជាប់​គាំង​កណ្តាល​សមុទ្រ។ ដូច្នេះ​ពួកគេ​បង្កើត​ចលនា​នយោបាយ​ថ្មី​នេះ គឺ​ដើម្បី​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង នេះ គឺ​អាច​មាន​ន័យ​ថា ពួកគាត់​បាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​បាត់​ទៅ​ហើយ។ បើ​នេះ​ជា​ហេតុផល​ពិតប្រាកដ គឺ​ដូចជា​ការ​ជួយ​បំពេញ​បំណង​លោក ហ៊ុន សែន ក្នុង​ការ​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នោះ​ដែរ។ តែ​ក្រោយ​មក លោក សម រង្ស៊ី លែង​និយាយ​ពី​ចលនា​សង្គ្រោះ​ជាតិ​នោះ ដោយ​ងាក​មក​ដឹកនាំ និង​ព្យាយាម​ធ្វើជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ តាមរយៈ​ការ​បង្កើត​សន្និសីទ​តែងតាំង​ខ្លួន​គាត់​ជា​ប្រធាន​ស្តីទី​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​ក្រុម​របស់​គាត់។

អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (កណ្ដាល) ក្នុង​កិច្ចប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ និង​ការ​តែងតាំង​ខ្លួនឯង​ជា​ប្រធាន​ស្តីទី សុទ្ធតែ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បែក​ចេញពី​គ្នា​ជា​ពីរ​ក្រុម​ធំៗ គឺ​ក្រុម សម រង្ស៊ី និយម និង​ក្រុម កឹម សុខា និយម។ តើ​ការ​ធ្វើ​ឱ្យ​បែក​ញែក​ចេញពី​គ្នា​បែប​នេះ គឺជា​យុទ្ធសាស្ត្រ​ប្រឆាំង ឬ​ស្រប​នឹង​បំណង​របស់​លោក ហ៊ុន សែន?

គេ​សង្កេត​ឃើញ​ថា ក្រៅពី​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​បំបែក​បក្ស​ជំទាស់​ពី​ខាង​បក្ស​ក្តោប​អំណាច​បាន​សម្រេច ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ​ដូច​គ្នា​នោះ ក៏​ជា​ហេតុ​បច្ច័យ​នាំ​ទៅ​រក​ការ​ប្រេះស្រាំ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មកទល់​ពេលនេះ​ដែរ។ ទាំងអស់​នេះ បណ្តាល​មកពី​កត្តា​យ៉ាង​តិច​បួន​របស់​អ្នក​ដឹកនាំ៖

  • សេចក្តី​យល់​ឃើញ​ខុស ឬ​មិច្ឆាទិដ្ឋិ;
  • សេចក្តី​ត្រិះរិះ​ខុស ឬ​មិច្ឆា​សង្កប្បៈ;
  • សម្ដី​ខុស ឬ​មិច្ឆាវាចា;
  • និង​កិច្ចការងារ​ខុស ឬ​មិច្ឆាកម្មន្តៈ។ មេដឹកនាំ​នៃ​ភាគី​ទាំង​ពីរ​សុទ្ធ​និយាយ​ថា​ត្រូវ​ទាំងអស់​គ្នា។

ប៉ុន្តែ​និមិត្តរូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​នៅតែ​គង់វង្ស​ដដែល បើ​ទោះបី​គណបក្ស​នេះ​រង​ការ​គាបសង្កត់ បំបែក និង​រំលាយ​ពី​សំណាក់​លោក ហ៊ុន សែន និង​មាន​ការ​បំបែក​រចនាសម្ព័ន្ធ​ជាបន្តបន្ទាប់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាបន្តបន្ទាប់​យ៉ាង​ណា​ក្តី។

ជាក់ស្តែង អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក គឺ​លោកស្រី Wendy Sherman បាន​ហៅ​ជំនួប​របស់​គាត់​ជាមួយ​លោក កឹម សុខា ក្នុង​ខែ​មិថុនា កន្លងទៅ​ថា ជា​ជំនួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ជា​ការពិត ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ មិន​ដែល​ទទួលស្គាល់​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក ហ៊ុន សែន ថា​ជា​រឿង​ស្រប​ច្បាប់​នោះ​ទេ។ សារ​របស់​លោកស្រី Wendy គឺជា​ការ​បញ្ជាក់​អំពី​ចំណុច​នេះ។

ដូច្នេះ លោក កឹម សុខា នៅតែ​ជា​តំណាង​ស្រប​ច្បាប់ និង​ជា​និមិត្តរូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ប៉ុន្តែ​តើ​ការ​វិវឌ្ឍ​ចុងក្រោយ​របស់​គណបក្ស​ភ្លើង​ទៀន អាច​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​រលាយ​រូប​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងស្រុង​ទេ?

ជា​ការពិត គណបក្ស​សង្គ្រោះ​ជាតិ​កើត​ចេញពី​ធាតុផ្សំ​ពីរ គឺ​ការ​បូក​បញ្ចូល​រវាង​គណបក្ស សម រង្ស៊ី ឬ​ហៅ​ថា​គណបក្ស​ភ្លើង​ទៀន ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា។ តែ​ឥឡូវ​នេះ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​ដំណើរ​ចាកចោល​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការ​ចាកចេញ​នេះ​ហាក់ដូចជា​មាន​ការ​គាំទ្រ​ពី​លោក សម រង្ស៊ី ទៀត​ផង ព្រោះ​គាត់​មិន​បាន​ប្រកាស​ថ្កោលទោស​អំពី​ការ​ដើរ​ចេញ​នេះ​ទេ។

ភាព​ស្ងៀមស្ងាត់​របស់​លោក សម រង្ស៊ី ចំពោះ​សកម្មភាព​គណបក្ស​ភ្លើង​ទៀន នៅ​ពេលនេះ គឺ​ពី​អ្វី​ដែល​គាត់​ធ្លាប់​ថ្កោលទោស​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ដែល​ចេញ​ទៅ​បើក​គណបក្ស​ថ្មី។ ដូច្នេះ វា​មាន​ន័យ​ថា ការ​ចេញ​ដំណើរ​របស់​គណបក្ស​ភ្លើង​ទៀន គឺជា​ការ​បែក​ចេញ​ជា​ផ្លូវការ​របស់​គណបក្ស​នេះ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ បើ​អ៊ីចឹង​មែន រូបកាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រលាយ​បាត់​មួយ​ចំហៀង​រួច​ទៅ​ហើយ។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា បំណង​របស់​លោក ហ៊ុន សែន ដែល​ចង់​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រលាយ​សាបសូន្យ​នោះ គឺ​ស្ទើរ​សម្រេច​បាន​ទាំងស្រុង ទោះបី​លោក កឹម សុខា ខិតខំ​ព្យាយាម​បន្ត​ជា​តំណាង​ស្រប​ច្បាប់​ដែល​ជា​និមិត្តរូប​ចុងក្រោយ​នៃ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ក្តី។

សរុប​សេចក្តី​មក បំណង​ទាំង​បី​របស់​លោក ហ៊ុន សែន គឺ​ការ​បំបែក រំលាយ និង​លុបបំបាត់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដល់​គោលដៅ​តាមរយៈ​ការ​ចេញ​ដំណើរ​ជា​ផ្លូវការ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ការ​គាំទ្រ​ដោយ​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់។

សេចក្តី​វិភាគ​នេះ ឆ្លុះ​បង្ហាញ​នូវ​ការ​មើល​ឃើញ​ពី​អ្នកវិភាគ​ក្រៅ​គណបក្ស​នយោបាយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស