ចក្រភពអង់គ្លេស ប្រកាសជាសាធារណៈថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការសវនាការ និងសេរីភាពរបស់អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដើម្បីរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី អ្នកស្រី Amanda Milling បានសរសេរនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់អ្នកស្រីកាលពីថ្ងៃទី១១ មករា បន្ទាប់ពីជំនួបជាមួយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ថា អ្នកស្រីពិតជារីករាយដែលបានជួបលោក កឹម សុខា ដើម្បីនិយាយអំពីស្ថានភាពនយោបាយបច្ចុប្បន្ន។
អ្នកស្រីសរសេរថា ទាំងអ្នកស្រី និងលោក កឹម សុខា សុទ្ធតែចង់ឃើញប្រទេសកម្ពុជាមានសន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ហើយអ្នកស្រីបានពិភាក្សាអំពីភាពចាំបាច់ឱ្យមានការគោរពសិទ្ធិមនុស្ស និងអំពីវិធីដែលធ្វើឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយមានឥទ្ធិពល។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃចក្រភពអង់គ្លេស ជារឿងធម្មតា ដោយសារតែបុគ្គលគ្រប់រូបមានសិទ្ធិតាមដាន និងសង្កេតទៅលើដំណើរការនៃនីតិវិធីរបស់តុលាការដោយគ្មានការរារាំង។
អ្នកនាំពាក្យរូបនេះអះអាងថា វិធានការច្បាប់ដែលច្បាប់ចាត់ទុកថាជាអំពើនៃបទល្មើស ហើយតាមរយៈនីតិវិធីរបស់តុលាការ នោះជាដំណើរការយន្តការផ្លូវច្បាប់ជាធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយសង្គមប្រជាធិបតេយ្យណាក៏គេធ្វើដូច្នេះដែរ។ លោកបន្តថា ករណីនេះជាការលើកស្ទួយប្រជាធិបតេយ្យ នីតិរដ្ឋ មិនមែនជាការបន្ទច់បង្អាក់ ឬការរារាំងដល់ដំណើរការប្រជាធិបតេយ្យនោះទេ។
ប៉ុន្តែអ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ថ្លែងថា សហគមន៍អន្តរជាតិដឹងច្បាស់ថាលោក ហ៊ុន សែន សម្លាប់ប្រជាធិបតេយ្យ និងនៅតែបង្កឧបសគ្គធ្វើឲ្យរាំងស្ទះដំណើរការស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកថា ក្នុងក្រសែភ្នែកអន្តរជាតិ ទាំងរដ្ឋមន្ត្រីអង់គ្លេស ទំនងជាបង្ហាញនូវសេចក្ដីសង្ឃឹមខ្ពស់លើលោក កឹម សុខា ជាងអ្នកណាទាំងអស់ក្នុងការជ្រោមជ្រែងកសាងប្រជាធិបតេយ្យកម្ពុជាឡើងវិញ។
អ្នកវិភាគនយោបាយរូបនេះថា សាររបស់រដ្ឋមន្ត្រីអង់គ្លេស ក៏ជាការលើកទឹកចិត្តលោក កឹម សុខា ឲ្យរក្សាស្មារតីតស៊ូប្រឹងប្រែងមិនរាថយផងដែរ។
មន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលចូលរួមនៅក្នុងកិច្ចប្រជុំជាមួយអ្នកស្រី Amanda Milling ឱ្យដឹងថា នៅក្នុងជំនួបនេះ ក្រុមសង្គមស៊ីវិលបានលើកឡើងពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា លោកបានលើកនូវអ្វីដែលជាកង្វល់ និងការព្រួយបារម្ភរបស់សង្គមស៊ីវិលដែលធ្វើការងារខាងផ្នែកសិទ្ធិមនុស្ស ផ្នែកតស៊ូមតិ និងគោលនយោបាយផ្សេងៗ។ លោកទទូចឱ្យអង់គ្លេស លើកបញ្ហាទាំងអស់នេះទៅរដ្ឋាភិបាល ដើម្បីធ្វើការពិភាក្សាគ្នា និងរកដំណោះស្រាយ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល កន្លងមកបានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ លោក កឹម សុខា ត្រូវចូលទៅកាន់សាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៨កន្លះព្រឹក។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសមត្ថកិច្ចចោទថាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្ដួលរំលំរាជរដ្ឋាភិបាល។
លោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង ១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ លោកត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយទាំងស្រុងជាង ៤ឆ្នាំមកហើយ៕