ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការចាប់ខ្លួនប្រធានសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដាក់ពន្ធនាគារ និងការគាបសង្កត់តាមរូបភាពផ្សេងទៀត គឺបង្ហាញពីភាពលម្អៀងរបស់អាជ្ញាធរទៅខាងក្រុមហ៊ុនកាស៊ីណូ ដែលជាហេតុធ្វើឱ្យរាជការបាត់បង់នូវអព្យាក្រឹត និងយុត្តិធម៌ក្នុងការអនុវត្តច្បាប់របស់ខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ មករា នេះថា ដើម្បីឱ្យមានភាពយុត្តិធម៌ត្រឹមត្រូវ អាជ្ញាធរត្រូវតែប្រគល់សេរីភាពដល់ប្រធានសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងនោះវិញ ហើយជាងនេះទៅទៀត អាជ្ញាធរត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាត នោះទើបវិវាទរវាងកម្មករ និងក្រុមហ៊ុន ណាហ្គាវើលដ៍ អាចរកដំណោះស្រាយបានដោយយុត្តិធម៌។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ការដោះស្រាយវិវាទទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ អាជ្ញាធរដែលជាភ្នាក់ងាររបស់រដ្ឋ ក្រៅពីត្រូវអនុវត្តតាមនីតិវិធីច្បាប់ គឺត្រូវយកចិត្តទុកដាក់ជាអាទិភាពចំពោះការរំលោភបំពានណាមួយលើពលរដ្ឋឱ្យបានពេញលេញថែមទៀត។
អ្នកវិភាគរូបនេះបញ្ជាក់ថា ការអសមត្ថភាពរបស់សមត្ថកិច្ចលើការដោះស្រាយវិវាទជូនពលរដ្ឋ ក៏ត្រូវគេមើលឃើញយ៉ាងជ្រៅអំពីការដឹកនាំរបស់រដ្ឋាភិបាល ថាជារដ្ឋាភិបាលដែលខ្វះសមត្ថភាព គ្មានគោលនយោបាយច្បាស់លាស់ក្នុងការកសាងរៀបចំដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ទើបមិនអាចធានាបាននូវជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានសមរម្យដូចសព្វថ្ងៃនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនប្រធានសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ដាក់ពន្ធនាគារទាំងអយុត្តិធម៌នៅពេលនេះ។
គិតចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក កម្មករនិយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ បានធ្វើកូដកម្មដោយសន្តិវិធីអស់រយៈពេល ២៦ថ្ងៃហើយ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ ប៉ុន្តែខាងក្រុមហ៊ុន ណាហ្គាវើលដ៍ នៅតែមិនអាចផ្តល់ដំណោះស្រាយសមស្របណាមួយជូនពួកគេបាននៅឡើយ ខណៈសមត្ថកិច្ចបានចាប់ខ្លួនតំណាងកូដករទាំងនោះជាបន្តបន្ទាប់ និងប្រើវិធីបង្ក្រាបគ្រប់ទម្រង់លើក្រុមកូដករទាំងនោះផងដែរ។
ជុំវិញបញ្ហានេះ កម្មករនិយោជិតរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលក្រុមហ៊ុនមិនបានបញ្ឈប់ ក៏បាននាំគ្នាបញ្ចេញប្រតិកម្មព្រោងព្រាតលើបណ្តេញសង្គមប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនបនល្បែងស៊ីសងមួយនេះទទួលយកបុគ្គលិកដែលខ្លួនបានបញ្ឈប់ទាំង ៣៦៥នាក់ឱ្យចូលធ្វើការវិញ ដូចជាកញ្ញា អោម ចន្ថន កញ្ញា សៅ គឹមឡាយ កញ្ញា នៅ រត្នវត្តី និងបុគ្គលិកជាច្រើនផ្សេងទៀតផងដែរ។
ជុំវិញបញ្ហានេះ កញ្ញា ជួប សុគន្ធ អះអាងនៅថ្ងៃពុធ ទី១២ មករា នេះថា កញ្ញាជាបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមិនមានឈ្មោះកាត់ចេញពីក្រុមហ៊ុនទេ ប៉ុន្តែកញ្ញាស្ម័គ្រចិត្តដើរចេញពីក្រុមហ៊ុនដើម្បីចូលរួមធ្វើកូដកម្ម ក្នុងបំណងឲ្យក្រុមហ៊ុនទទួលយកតំណាងសហជីព និងសមាជិកសហជីពទាំង ៣៦៥នាក់ចូលធ្វើការវិញ។
កញ្ញា ជួប សុគន្ធ បញ្ជាក់ថា ការចូលរួមជាមួយកូដករទាំងនេះ ដោយសារកញ្ញាមិនអាចទ្រាំឈរឱបដៃមើលនូវភាពអយុត្តិធម៌ដែលគ្រាន់តែកម្មករប្រើប្រាស់សិទ្ធិទាមទាររកយុត្តិធម៌ដោយស្របច្បាប់ តែបែរត្រូវរងការចោទប្រកាន់រហូតជនរងគ្រោះក្លាយទៅជាអ្នកទោស ដោយមានការចោទប្រកាន់លាបពណ៌ទាំងអយុត្តិធម៌លើពួកគេនៅពេលនេះ។
ជុំវិញបញ្ហានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានអះអាងនៅថ្ងៃទី១២ ខែមករា នេះថា រហូតមកទល់ពេលនេះ ស្ថាប័នពាក់ព័ន្ធមិនមានចំណាត់ការណាមួយរកដំណោះស្រាយជូនកូដករ ក្រៅពីការចាក់មេក្រូប្រកាសពីលិខិតអញ្ជើញកូដករឲ្យទៅដោះស្រាយទទួលសំណងនោះឡើយ។
យ៉ាងណាក៏ដោយ កូដករទាំងនោះបានប្រកាសពីជំហររបស់ពួកគេហើយថា ពួកគេនឹងបន្តការធ្វើកូដកម្មរហូតមានការដោះលែងតំណាងរបស់ពួកគេ និងជំរុញឱ្យក្រុមហ៊ុនចេញមុខដោះស្រាយតាមសំណើរបស់កម្មករស្របនឹងច្បាប់ការងារផងដែរ។
ជាច្រើនថ្ងៃជាប់ៗគ្នាមកនេះ អាជ្ញាធរក្រុងភ្នំពេញបានប្រើមេក្រូ និងឧបករណ៍បំពងសំឡេងផ្សេងទៀតចាក់សំឡេងរំខានកូដករ ក្នុងចេតនាដើម្បីកុំឱ្យកូដករទាំងនោះប្រើឧគ្ឃោសនាសព្ទធ្វើការតវ៉ាទាមទារទៅកាន់ក្រុមហ៊ុន ណាហ្គាវើលដ៍ បន្តទៀត។
គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះមានរយៈពេល ១៣ថ្ងៃហើយដែលប្រធានសហជីពក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំង ៨នាក់ ដូចជា កញ្ញា ឈឹម ស៊ីថរ ជាដើម ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទ បង្កការញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕