37 C
Phnom Penh

លោក ស ខេង៖ វៀតណាម​ធ្លាប់​ជួយ​កម្ពុជា ប៉ុន្តែ​កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា វៀតណាម ធ្លាប់​ជួយ​កម្ពុជា​នៅ​ពេល​ដែល​កម្ពុជា​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុន្តែ​ក្នុង​អតីតកាល កម្ពុជា​ក៏​ធ្លាប់​ជួយ​វៀតណាម​ក្នុង​ការ​បង្រួបបង្រួម​ទឹកដី​ដែរ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ហែលទឹក​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ថា កាលពី​អតីតកាល វៀតណាម​បាន​បែងចែក​ទឹកដី​របស់​ខ្លួន​ជា​ពីរ​ចំណែក គឺ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ប៉ុន្តែ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៥ ធ្វើ​ឲ្យ​ប្រទេស​វៀតណាម អាច​បង្រួបបង្រួម​ទឹកដី​ទៅ​ជា​វៀតណាម​តែ​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​ដូច​សព្វថ្ងៃ​នេះ។

លោក ស ខេង អះអាង​ថា ទោះជាយ៉ាងណាក៏ដោយ ប្រជាជន​កម្ពុជា​តែង​រំឭក​គុណូបការៈ​របស់​កម្មាភិបាល និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ពលីកម្ម​សាច់​ឈាម និង​អាយុ​ជីវិត​របស់​ខ្លួន​ប្រកប​ដោយ​វីរភាព ក្នុង​ការ​ប្រយុទ្ធ​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​រាំង​ស្កាត់​មិន​ឲ្យ​របប​ដ៏​អប្រិយ​នេះ​វិល​ត្រឡប់​មកវិញ។

ការ​អះអាង​របស់​អនុប្រធាន​គណបក្ស​កាន់​អំណាច​នេះ ធ្វើឡើង​ដើម្បី​រំឭក​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​នៃ​ប្រទេស​វៀតណាម និង​កម្ពុជា តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មករា នេះ​ថា ការ​លើកឡើង​របស់​លោក ស ខេង ទំនង​ជា​ចង់​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ ជាពិសេស​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​តែងតែ​ការពារ​ហួសហេតុ​នូវ​ទិវា​ជ័យជម្នះ ៧​មករា អំពី​គុណ​របស់​វៀតណាម រហូត​ភ្លេច​នូវ​គុណ​របស់​កម្ពុជា​ដែល​ធ្លាប់​ជួយ​វៀតណាម​ដោយ​ស្មោះត្រង់​កាលពី​អំឡុង​ទសវត្ស​ទី​៧០ នោះ។

លោក ម៉ែន ណាត អះអាង​ថា បើ​តាម​ការ​អះអាង​របស់​លោក ស ខេង អាច​បញ្ជាក់​បាន​ថា គាត់​បាន​គិតគូរ​ថ្លឹងថ្លែង​អំពី​ផលប្រយោជន៍​កម្ពុជា​បាន​ច្រើន​ជាង​លោក ហ៊ុន សែន និង​ត្រកូល ហ៊ុន ប៉ុន្តែ​លោក ស ខេង នៅតែ​គ្មាន​ក្រឡា​អាច​ប្រជែង​ជាមួយ​លោក ហ៊ុន សែន បាន​ដោយ​បើកចំហ ដើម្បី​ប្រយោជន៍​ជាតិ​នៅ​ពេលនេះ​ទេ។

លោក​បន្ត​ថា នៅ​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​លាតត្រដាង​ឱ្យ​បាន​ច្បាស់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ថា តើ​ក្រោម​ផែនការ​របស់​វៀតណាម ដែល​បក្ស​កាន់​អំណាច​បាន​អះអាង​ថា ក្រុង​ហាណូយ តែងតែ​ជួយ​កម្ពុជា​កន្លងមក​នោះ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អ្វី​ខ្លះ ដូចជា​ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មហាសាល ជាពិសេស​ទឹកដី និង​ឯករាជភាព​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​មួយ​នេះ។

ទោះ​យ៉ាងណា ការ​លើកឡើង​របស់​លោក ស ខេង ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​បង្កប់​ខ្លឹមសារ​ស៊ីជម្រៅ​ជា​អវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា-វៀតណាម ក្នុង​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ថា​ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​កាន់​អំណាច​ខកខាន​មិន​បាន​ប្រារព្ធ​ទិវា​ជ័យជម្នះ ៧​មករា នៅ​ឆ្នាំ​២០២២ នេះ ដែល​ខ្លួន​តែង​ប្រារព្ធ​រាល់​ឆ្នាំ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ដែល​ជា​ទិវា​បង្ហាញ​ការ​ដឹងគុណ​កងទ័ព​វៀតណាម​របស់​បក្ស​កាន់​អំណាច​នោះ គឺ​ទំនង​មេដឹកនាំ​បក្ស​កាន់​អំណាច​មាន​ចេតនា​ព្រមាន​រដ្ឋាភិបាល​វៀតណាម តាមរយៈ​នយោបាយ​ការទូត​របស់​ខ្លួន​ចំពោះ​មេដឹកនាំ​វៀតណាម ដែល​បាន​មើលងាយ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​ពេល​ទស្សនកិច្ច​របស់​ពួកគេ​កាលពី​ពេល​កន្លងទៅ​នោះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បាន​អះអាង​ថា នៅ​កម្ពុជា​គ្មាន​សហគមន៍​ណា​ជួប​ការ​លំបាក​ច្រើន​ដូច​សហគមន៍​ជនជាតិ​វៀតណាម នោះ​ទេ គឺ​ដោយសារ​ពួកគេ​មាន​ស្ថានភាព​មិន​ច្បាស់លាស់​អំពី​ភាព​ស្រប​ច្បាប់ ហើយ​ភាគច្រើន​ជនជាតិ​វៀតណាម​ទាំងនោះ​មិន​មាន​ឯកសារ​សម្គាល់​ខ្លួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន​នោះ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​កម្ពុជា​បាន​ចាប់ផ្តើម​បង្ហាញ​នូវ​នយោបាយ​ការទូត​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ ដូច​ដែល​ខ្លួន​ធ្លាប់​លន់តួ​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នោះ​ទេ ព្រោះ​ថា​មេដឹកនាំ​កម្ពុជា​ទំនង​ជា​សម្រេច​ចិត្ត​ដឹកនាំ​នយោបាយ​ក្រោម​ស្លាប​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន​ទាំងស្រុង​ហើយ ខណៈ​មហាយក្ស​ចិន តែង​ប្រកាស​ទំនាក់ទំនង​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា​រហូត​មក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស