ចក្រភពអង់គ្លេស បង្ហាញជំហរជាថ្មីម្តងទៀត ដោយប្ដេជ្ញាចិត្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា កំពុងជាប់បណ្តឹងនៅតុលាការ និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់កំពុងប្រើសិទ្ធិសម្ដែងមតិធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ខូមិនវែលធ៍ និងកិច្ចការអភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs) របស់ចក្រភពអង់គ្លេស អ្នកស្រី Amanda Milling បានសរសេរនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់អ្នកស្រីថា ក្រោយពីអ្នកស្រីបានជួបជាមួយក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការងារខាងផ្នែកសិទ្ធិមនុស្ស កាលពីថ្ងៃទី១០ ខែមករា អ្នកស្រីក៏បានជជែកគ្នាជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អំពីសារសំខាន់នៃការការពារសិទ្ធិមនុស្សនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ផងដែរ។ អ្នកស្រីថា៖ «ចក្រភពអង់គ្លេសតែងតែគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសារព័ត៌មាន»។
ការលើកឡើងរបស់អ្នកស្រី Amanda Milling ស្របពេលដែលបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់ កំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារអស់រយៈពេលជិតមួយខែមកហើយ បណ្តាលឲ្យអាជ្ញាធររបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីពចំនួន ៨នាក់ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា ក៏បានសរសេរនៅលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១១ ខែមករា ថា ចក្រភពអង់គ្លេសចាត់ទុកការគោរពសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៃកិច្ចការដែលអង់គ្លេសត្រូវធ្វើ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា កន្លងមករដ្ឋាភិបាលបើកលំហឱ្យមានសេរីភាពបញ្ចេញមតិ ប៉ុន្តែមិនមែនជាការញុះញង់នោះទេ។ រដ្ឋាភិបាលកំពុងផ្ដោតលើការការពារអាយុជីវិតពលរដ្ឋពីជំងឺ Covid-19 ដូច្នេះរដ្ឋាភិបាលនឹងមិនឱ្យមានបញ្ហាដទៃទៀតមករំខាននោះឡើយ។ លោកថា៖ «កម្ពុជា បើកសេរីភាពឲ្យមានការទិតៀនតាមចិត្ត ក៏ប៉ុន្តែការញុះញង់ ការបំភ័ន្តមតិ គឺមិនអនុញ្ញាតឱ្យមានឡើយ»។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ខូមិនវែលធ៍ និងកិច្ចការអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អ្នកស្រី Amanda Milling ក៏បានជួបពិភាក្សាជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរ។
លោក កឹម សុខា បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី១១ មករា នេះដែរថា លោកមានកិត្តិយសណាស់ដែលបានជួបពិភាក្សាការងារផ្ទាល់ជាមួយអ្នកស្រី Amanda Milling ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ លោកថា ក្នុងជំនួបដែលរៀបចំដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជានេះ អ្នកស្រីរដ្ឋមន្ត្រីចង់ដឹងពីទស្សនៈរបស់លោកជុំវិញស្ថានភាពនានានៅកម្ពុជា ក្នុងបរិបទឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខនេះ។
លោក កឹម សុខា សរសេរថា អ្នកស្រីរដ្ឋមន្ត្រីរូបនេះក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងជាគោលការណ៍ស្នូលនៃគោលនយោបាយបរទេសដែលចក្រភពអង់គ្លេសត្រូវតែធ្វើ និងផ្សារភ្ជាប់ជាមួយ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស»។ រហូតមកទល់នឹងពេលនេះមានរយៈពេលជាង ៤ឆ្នាំហើយដែលតុលាការនៅមិនទាន់កាត់ទោសមេដឹកនាំបក្សប្រឆាំងរូបនេះពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជានឹងបើកសវនាការលើករណីមេបក្សប្រឆាំងរូបនេះនៅអំឡុងខែមករា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ។
លោក កឹម សុខា ធ្លាប់អះអាងកាលពីចុងខែមីនា ឆ្នាំ២០២១ ថា បណ្តាប្រទេសលោកសេរីនៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ថែមពីនេះ ពួកគេក៏បានទទួលស្គាល់នូវគោលជំហររបស់លោកដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងការស្វែងរកដំណោះស្រាយលើបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា នយោបាយការបរទេសរបស់មេបក្សប្រឆាំង លោក កឹម សុខា គឺជាការងាររំលត់កម្ដៅនយោបាយ ស្វែងរកដំណោះស្រាយតាមបែបអហិង្សា មិនសម្ដែង មិនអួតអាង និងមិនឆ្កឹះឆ្កៀលឌឺដងបង្កជាអណ្ដាតភ្លើងបង្កើនកម្ដៅនយោបាយសម្រាប់កម្ពុជានោះទេ៕