35 C
Phnom Penh

លោក ហ៊ុន សែន ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ភូមា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ខាងមុខ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ឲ្យ​ប្រទេស​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែង​រិះគន់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថា ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា នឹង​មិន​ជជែក​លើស​ពី​កុងសង់ស៊ីស​ទាំង ៥​ចំណុច​ដែល​បាន​ដាក់​ចេញ​ក្នុង​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នោះ​ទេ។

បុរស​ខ្លាំង​នៅ​កម្ពុជា បាន​លើកឡើង​ផង​ដែរ​ថា ប្រសិនបើ​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ គឺជា​គុណសម្បត្តិ​នៃ​ការ​ប្រឹងប្រែង​របស់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន។ បុរស​ខ្លាំង​ថា៖ «បញ្ហា​របស់​ភូមា មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ដូច្នេះ​ត្រូវ​រក​ដំណោះស្រាយ​ពិសេស​ផង​ដែរ ទើប​អាច​ដោះស្រាយ​បាន»

លោក ហ៊ុន សែន បាន​ចោទ​សួរ​ទៅ​ពលរដ្ឋ​ភូមា ថា តើ​ចង់​បន្ត​ឱ្យ​ប្រទេស​ស្ថិត​ក្រោម​វិបត្តិ​នយោបាយ​បែប​នេះ ឬ​ក៏​ចង់​មាន​ដំណោះស្រាយ? អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​លើ​លោក​រូប​នេះ អះអាង​ថា ដំណើរ​របស់​លោក​ទៅកាន់​ភូមា គឺ​មិន​បាន​ប្រយោជន៍​អ្វី​ពី​ភូមា នោះ​ឡើយ ហើយ​ថា​កម្ពុជា ជា​ប្រទេស​តូច និង​មាន​ពលរដ្ឋ​តិច​ជាង​ភូមា តែ​អ្វី​ដែល​លោក​ចង់​បាន​នោះ គឺ​ការ​រួម​វិភាគទាន​ដោះស្រាយ​បញ្ហា​របស់​ភូមា។

ជុំវិញ​ដំណើរ​ទៅកាន់​ប្រទេស​ភូមា នេះ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន កំពុងតែ​ដឹកនាំ​សមាគម​នេះ​តាម​លំនាំ​ខុស ដោយ​ធ្វើ​ឱ្យ​សមាគម​នេះ​បែកបាក់​គ្នា និង​ខ្មាស​គេ។ លោក​ថា ប្រសិនបើ​អាស៊ាន​មិន​អាច​ទប់ទល់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​បាន​ទេ នោះ​ក្រុម​មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​មួយ​ចំនួន អាច​នឹង​ជ្រើសរើស​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ដឹកនាំ​ដោយ​កម្ពុជា។

ចំណែក​ឯ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធិ បាន​លើកឡើង​ថា កិច្ចប្រឹងប្រែង​របស់​កម្ពុជា​មិន​បាន​សំដៅ​រក​ការ​ទទួលស្គាល់​របប​សឹក​នៅ​ភូមា​នោះ​ទេ ប៉ុន្តែ​ជា​ការ​ព្យាយាម​ទម្លុះ​ភាព​ទាល់ច្រក​តាមរយៈ​ការ​អនុវត្ត​គោលការណ៍ ៥​ចំណុច​ដែល​ត្រូវ​បាន​កំណត់​ឡើង​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ លោក​បន្ត​ថា ការ​ជំរុញ​ឲ្យ​មាន​វត្តមាន​របស់​ភូមា នៅ​ក្នុង​កម្រិត​ណា​មួយ​នៅ​ក្នុង​តុ​ចរចា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន គឺ​ជា​ការ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ពីព្រោះ​ថា ទោះ​ចង់​មិន​ចង់ គេ​ត្រូវ​យក​យន្តការ​អាស៊ាន​ដាក់​សម្ពាធ ឬ​ក៏​បង្ក​ជា​បរិយាកាស​ល្អ​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ។

កាលពី​ខែ​មេសា មេដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេដឹកនាំ​យោធា​ភូមា​ផង​ដែរ​នោះ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅលើ ៥​ចំណុច គឺ​ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​រក្សា​ការ​អត់ធ្មត់​ខ្ពស់​បំផុត។ កិច្ចសន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន។ ការ​ចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ដើម្បី​សម្របសម្រួល​ដំណើរការ​កិច្ចសន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។ ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន និង​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ភូមា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក ហ៊ុន សែន នឹង​ទៅ​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ឆ្នាំ​២០២២ នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក មីន អ៊ុងឡាំង មេដឹកនាំ​របប​យោធា​ក្រោម​កិច្ចពិភាក្សា​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង និង​រឿងរ៉ាវ​ជុំវិញ​បញ្ហា​អាស៊ាន​ផង។ ចាប់តាំង​ពី​លោក ហ៊ុន សែន មាន​គម្រោង​ទៅកាន់​ប្រទេស​ភូមា ពលរដ្ឋ​ភូមា​មួយ​ចំនួន​បាន​ប្រតិកម្ម​ថ្កោលទោស និង​ដុត​រូបថត​របស់​លោក ហ៊ុន សែន តាម​ទី​សាធារណៈ ដោយ​បង្ហាញ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​ប្ដេជ្ញា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​រូប​នេះ។

កាលពី​ដើម​ខែ​ធ្នូ លោក កាស៊ីត ភារម្យ (Kasit Piromya) សមាជិក​គណបក្ស​អ្នក​ប្រជាធិបតេយ្យ និង​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ដោយ​រិះគន់​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ភូមា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បាន​លើកឡើង​ថា វា​មាន​ភាព​មិន​សម​ហេតុ​សម​ហេតុផល​ទាល់តែសោះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ពិភាក្សា​ពី​គម្រោង​ធ្វើ​ផែនការ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា ដោយ​ករណី​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យោធា​ទទួល​បាន​ភាព​ស្រប​ច្បាប់​មុន​ពេល​ការ​វិវឌ្ឍ​ផ្សេងៗ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ចំណុច​ព្រមព្រៀង ៥​ចំណុច។ នេះ​ជា​ហេតុផល​ដែល​អាស៊ាន​មិន​ដាក់​បញ្ចូល​មេដឹកនាំ​យោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែ​តុលា ឆ្នាំ​២០២១។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជា​ការ​ល្អ​ប្រសើរ​ប្រសិនបើ​នាយករដ្ឋមន្ត្រី​កម្ពុជា​មាន​លទ្ធភាព និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ភូមា​បាន ក៏ប៉ុន្តែ​យើង​ពិបាក​នឹង​ជឿជាក់​បាន​ណាស់ ដោយសារ​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ខ្លួនឯង​កំពុង​បន្ត​ធ្លាក់​ចុះ និង​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

លោក​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​គួរ​គប្បី​រក​ដំណោះស្រាយ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​ជា​ប្រទេស​សាមី​របស់​ខ្លួនឯង​ឲ្យ​រួច​ផុត​ពី​ការ​រិះគន់​ជា​មុន​សិន ទើប​អាច​បង្កើន​ភាព​ជឿជាក់​ពី​មជ្ឈដ្ឋាន​នានា​ថា លោក​នឹង​អាច​ដោះស្រាយ​ស្ថានភាព​នៅ​ប្រទេស​ភូមា​បាន។

អង្គការ​សង្គម​ស៊ីវិល​យ៉ាងតិច​ជិត ២០០ នៃ​ប្រទេស​ភូមា និង​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី​៤ មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ទៅលើ​លោក ហ៊ុន សែន ចំពោះ​ការ​គាំទ្រ​របប​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​ជាបន្ទាន់​ពី​អន្តរជាតិ ដើម្បី​បញ្ឈប់​នូវ​យុទ្ធនាការ​ភេរវកម្ម​នៃ​របប​យោធា​ភូមា ព្រោះ​តែ​របប​នេះ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ចំនួន ១៤០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់​ចាប់ពី​ថ្ងៃ​រដ្ឋប្រហារ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក។

មេដឹកនាំ​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពី​តំណែង។ អ្នកស្រី​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់តាំង​ពី​រដ្ឋប្រហារ​មក ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទប្រកាន់​ចំនួន ១១​ករណី បើ​ទោះបីជា​អ្នកស្រី​បាន​ច្រានចោល​បទ​ចោទប្រកាន់​ទាំងអស់​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស