សមត្ថកិច្ចបានចោទតំណាងកម្មករនិយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់ដែលបានចូលរួមធ្វើកូដកម្មតវ៉ានឹងក្រុមហ៊ុនកាស៊ីណូ ថាជាមេដឹកនាំចលនាខុសច្បាប់ដែលមានចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ក្រោមការបណ្តុះបណ្តាល និងទទួលជំនួយខុសច្បាប់ពីក្រៅប្រទេស។
ស្នងការរងនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ លោក ប៊ុន សុសិក្ខា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះថា មេដឹកនាំកម្មករទាំងនោះបានព្យាយាមបំផុសបំផុលចលនាខុសច្បាប់តាមផែនការរបស់បរទេស។
ចំណែកព្រះរាជអាជ្ញារង លោក សេង ហៀង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ដោយចោទថា តំណាងកម្មករនិយោជិត ៣រូបជាមេខ្លោងចលនាខុសច្បាប់ ក្នុងនោះរួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ គង្គារ និងលោក សុខ ណារិទ្ធិ ដែលតុលាការបានចេញដីកាឱ្យចាប់ខ្លួនកាលពីពេលថ្មីៗនេះ ខណៈមនុស្ស ៦នាក់ផ្សេងទៀតត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃុំខ្លួននៅមណ្ឌលកែប្រែ ម២ រួចហើយនៅពេលនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់កម្មករនិយោជិតចំនួន ៩នាក់ដែលបានធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុន Naga World ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចចោទប្រកាន់កម្មករនិយោជិត ៩នាក់ដែលបានចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះរួមមាន កញ្ញា រី សុវណ្ណឌី កញ្ញា សុន ស្រីពេជ និងកញ្ញា ហៃ សុភាព ជាដើម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រភពដដែលបញ្ជាក់ថា កម្មករនិយោជិតទាំង ៩នាក់នេះមាន ៦នាក់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនរួចហើយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែតំណាងកម្មករ ៣រូបផ្សេងទៀតរួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គារ បានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ ប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកម្រោលភ្លាមៗនៅពេលដែលកញ្ញាចុះពីលើរថយន្តនៅកន្លែងធ្វើកូដកម្ម ត្រង់ចំណុចកែងរដ្ឋសភាជាតិក្បែរស្ថានទូតអូស្ត្រាលី។
ជុំវិញការចាប់ខ្លួននេះ កម្មករនិយោជិតនៅកន្លែងធ្វើកូដកម្មជាង ១ពាន់នាក់ បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អាជ្ញាធរដែលថា តំណាងរបស់របស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ បានទទួលលុយពីបរទេសដើម្បីបង្កការញុះញង់ឱ្យមានការធ្វើកូដកម្មនេះកើតឡើង។ ប៉ុន្តែពួកគេបញ្ជាក់ច្បាស់ៗថា កូដកម្មនេះធ្វើឡើងដោយសារតែក្រុមហ៊ុន ណាហ្គាវើលដ៍ បានរំលោភសិទ្ធិការងារដោយការបញ្ឈប់បុគ្គលិកទាំងអយុត្តិធម៌ ក្នុងបំណងទុច្ចរិតដើម្បីរំលាយថ្នាក់ដឹកនាំសហជីពដែលតែងតែការពារសិទ្ធិកម្មករនាពេលកន្លងមកតែប៉ុណ្ណោះ។
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ កម្មករនិយោជិតជាង ១ពាន់នាក់ បាននាំគ្នាប្តូរមកធ្វើកូដកម្មនៅមុខវិមានរដ្ឋសភាវិញ ដោយសារតែអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងចម្រុះព័ទ្ធជុំវិញក្រុមហ៊ុន ណាហ្គាវើលដ៍ ដើម្បីរារាំងមិនឱ្យកម្មករនិយោជិតទាំងនោះដែលប្រមូលផ្តុំគ្នាធ្វើកូដកម្មបន្តទៀតបាន ខណៈដងផ្លូវមួយចំនួននៅក្បែរអគារបនល្បែងមួយនេះក៏ត្រូវបានបិទខ្ទប់ផងដែរ។
អ្នកនាំពាក្យឱ្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មករា នេះថា ការចោទប្រកាន់របស់អាជ្ញាធរមកលើកម្មករនិយោជិតនៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ ព្រោះកម្មករគ្រាន់តែទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ទាំង ៣៦៥នាក់ឱ្យធ្វើការវិញស្របតាមច្បាប់ការងារ។
លោក ស៊ឹង សែនករុណា រិះគន់ថា ទង្វើរបស់អាជ្ញាធរនៅពេលនេះ គឺត្រូវគេមើលឃើញថាជាការជួយបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុន និងគាបសង្កត់លើកម្មករដែលជាជនរងគ្រោះទៅវិញ ព្រោះថាសកម្មភាពរបស់សមត្ថកិច្ចនៅពេលនេះ គឺជាចេតនាមួយដែលព្យាយាមបង្វែរសាច់រឿងពីការទាមទាររបស់កម្មករជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យទៅជាការប្រឈមជាមួយនឹងអាជ្ញាធរទៅវិញ។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ ដោយថ្កោលទោសទង្វើអាជ្ញាធរដែលរារាំង និងប្រើកម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់កម្មករនិយោជិតដោយសន្តិវិធីនេះ ថាជាការរំលោភសិទ្ធិពលរដ្ឋក្នុងការសម្ដែងមតិយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការអនុវត្តយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ និងដោះលែងក្រុមអ្នកតវ៉ាឱ្យមានសេរីភាពឡើងវិញទាំងអស់ ហើយត្រូវបំពេញតួនាទីជាអាជ្ញាកណ្ដាលក្នុងការសម្របសម្រួលដោះស្រាយវិវាទនេះ ដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកបានរៀងៗខ្លួន ជាជាងការប្រើអំពើហិង្សាដូចជាការចាប់ចង ដែលអាជ្ញាធរកំពុងអនុវត្តនៅពេលនេះ។
ជុំវិញការចាប់ខ្លួនកម្មករនិយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ នេះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី៤ មករា នេះថា ពួកគេកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើបុគ្គលិកកម្មកររបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេត្រូវរងការគំរាមកំហែង។ ជាងនេះទៀត សកម្មភាពអាជ្ញាធរនៅពេលនេះគឺជាការព្យាយាមបំបិទសំឡេងរបស់កម្មករយ៉ាងធ្ងន់ធ្ងរ ព្រោះថាសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងការចងក្រងគ្នាជាក្រុម សមាគម ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដូច្នេះកម្មករទាំងនោះមិនបានប្រព្រឹត្តល្មើសនឹងវិធានការច្បាប់ណាមួយនោះឡើយ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា វាជាទម្លាប់របស់អាជ្ញាធរកម្ពុជាទៅហើយដែលប្រើល្បិចលាបពណ៌ក្រុមអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ដើម្បីជាលេសក្នុងការបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ ព្រោះថាអាជ្ញាធរខ្មែរក្នុងពេលបច្ចុប្បន្នក្រោមបង្គាប់បញ្ជារបស់បក្សកាន់អំណាច មិនមែនជាកងកម្លាំងការពារជាតិ ឬប្រជាជននោះទេ ប៉ុន្តែកងកម្លាំងទាំងនោះបង្កើតឡើងដើម្បីការពារតែផលប្រយោជន៍ក្រុមគ្រួសារលោក ហ៊ុន សែន ប៉ុណ្ណោះ ត្បិតក្រុមហ៊ុនធំៗស្ទើរតែទាំងអស់នៅកម្ពុជា សុទ្ធតែបានផ្តល់ផលប្រយោជន៍ដល់គ្រួសារត្រកូល ហ៊ុន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាក្រុមហ៊ុន ណាហ្គាវើលដ៍ នេះជាដើម។
ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នេះ ការធ្វើកូដកម្មរបស់កម្មករនៃក្រុមហ៊ុន ណាហ្គាវើលដ៍ គឺមានរយៈពេលជាងកន្លះខែហើយ ក្នុងនោះកម្មករនិយោជិតជាង ២០នាក់ហើយដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនទាំងអយុត្តិធម៌៕