31 C
Phnom Penh

ក្រសួង​ទេសចរណ៍៖ ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​ជាង​១​លាន​នាក់​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍ អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​សរុប​ជាង ១​លាន ១​សែន​នាក់​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​២០២១ ចូល​ឆ្នាំ​២០២២ ហើយ​តួលេខ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឆ្នាំ​២០២២ នេះ​មាន​ការ​កើន​ឡើង​ដល់​ទៅ ៦៣,៦៥% បើ​ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ ចូល​ឆ្នាំ​២០២១ កន្លងទៅ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង ១​លាន ១​សែន​នាក់​នេះ ខេត្ត​ជា​គោលដៅ​ទេសចរណ៍​ធំៗ​មាន​តែ ៧​រាជធានី-ខេត្ត​ប៉ុណ្ណោះ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​លើសលប់​ចាប់ពី​ជាង ៥​ម៉ឺន​នាក់ រហូត​ដល់​ជាង ៣​សែន​នាក់ ក្នុង​នោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​ខេត្ត​ផ្សេង​ទៀត​លើសលប់។

លោក ថោង ខុន អះអាង​ថា គោលដៅ​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​យ៉ាង​ផុស​ផុល ព្រោះ​ថា​បន្ទប់​សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និង​បឹងហ្កាឡូ ត្រូវ​បាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ​មួយ​រយ​ភាគរយ ខណៈ​ដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក៏​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​កម្រើក​ឡើងវិញ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ទូទាំង ២៥​រាជធានី-ខេត្ត កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ចូល​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani-Jamal បាន​អះអាង​ថា ជំងឺ Covid-19 បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បណ្តាល​ឲ្យ​វិស័យ​មួយ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៩៨% ដែល​បណ្តាល​ឱ្យ​អាជីវកម្ម​ជាង ៣​ពាន់​កន្លែង​ត្រូវ​ដួល​រលំ ហើយ​កម្មករ​ដែល​បម្រើ​ក្នុង​វិស័យ​នេះ​ជាង ៤​ម៉ឺន​នាក់ ត្រូវ​បាត់បង់​ការងារ​ទាំងស្រុង។

ក្រសួង​ទេសចរណ៍ ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ត្រឹមតែ​ជាង ១​លាន ៣​សែន​នាក់​ប៉ុណ្ណោះ គឺ​បាន​ថយ​ចុះ​ប្រមាណ ៨០% និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ ៩​លាន​នាក់ គឺ​បាន​ថយ​ចុះ ២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ។ ក្រសួង​ថា​បញ្ហា​នេះ​បណ្តាល​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​បាត់បង់​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស