38 C
Phnom Penh

សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់ ACU ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​និង​យឺតយ៉ាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មិនមែន​រដ្ឋាភិបាល រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ថា​ប្រតិបត្តិ​ការងារ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ចំណាត់ការ​រឿង​ក្តី ជាពិសេស​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ពី​ចំណាត់ថ្នាក់​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ចំណាត់ការ​របស់​ខ្លួន។ តាមរយៈ​បទបង្ហាញ​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា លោក ស៊ុំ សុជាតិ ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​កាន់កាប់ និង​ចូល​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជាប់​បឹង​ទន្លេសាប​ជិត ១​ពាន់​ហិកតារ (៩៥២០២​ហិកតារ)។

ក្រៅពី​នេះ ACU ក៏​បាន​រក​ឃើញ​ទៀត​ថា ឧត្តមសេនីយ៍​រូប​នេះ​បាន​លក់​ដី​ព្រៃលិចទឹក​ចំនួន ៨​លើក ស្ថិត​នៅ​ក្នុង​តំបន់​៣ ដែល​ជា​តំបន់​ត្រូវ​ការពារ​ដោយ​អនុក្រឹត្យ និង​ជា​ជម្រក​ត្រី​ពង​កូន ហើយ​ទទួល​បាន​លុយ​ជាង ៥១​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត​ផង។

ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ

មិន​តែប៉ុណ្ណោះ ACU ក៏​បាន​បង្ហាញ​អត្តសញ្ញាណ​មនុស្ស ១២​នាក់​ផ្សេង​ទៀត​ដែល​មាន​ឋានៈ និង​តួនាទី​ចាប់ពី​អតីត​ស្មៀនឃុំ​រហូត​ដល់​នាយការិយាល័យ និង​មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង ជាដើម ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនោះ​ផង​ដែរ។ ពួកគេ​បាន​កាន់កាប់ និង​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ទាំងនោះ ដែល​មាន​ទំហំ​ដី​ចាប់ពី ៣០​ហិកតារ​រហូត​ទៅ​ដល់​ជាង ៤០០​ហិកតារ។

បើ​ផ្អែក​តាម​តួលេខ​នេះ មាន​ផ្ទៃដី​ប្រមាណ​ជាង ២​ពាន់​ហិកតារ ដោយ​គិត​ត្រឹមតែ​ខេត្ត​កំពង់ឆ្នាំង​មួយ​ប៉ុណ្ណោះ ត្រូវ​បាន​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ក្នុង​ចំណោម​មនុស្ស​ទាំង ១២​នាក់​នេះ។ ចំនួន​នៃ​ការ​ហិនហោច និង​រេចរឹល​ដី​ព្រៃលិចទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នេះ នៅ​មិន​ទាន់​គិត​ទៅ​ដល់​បណ្តា​ខេត្ត​ផ្សេង​ទៀត​នៅ​ជាប់​បឹង​ទន្លេសាប មាន​ដូចជា​ខេត្ត​កំពង់ធំ សៀមរាប បាត់បង់ និង​ខេត្ត​បន្ទាយមានជ័យ នៅឡើយ​ផង។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ACU បាន​ឃាត់​ខ្លួន​ជន​ជាប់ចោទ​ចំនួន ២​នាក់ ក្នុង​នោះ​មាន​លោក ស៊ុំ សុជាតិ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​លោក កែវ ណារុន នាយការិយាល័យ​នគរបាល​ខេត្ត បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ហៅ​ចំណាត់ការ​របស់ ACU នេះ​ថា​ជា​វិធី​ដើម្បី​ផ្គាប់ចិត្ត​លោក ហ៊ុន សែន ប៉ុណ្ណោះ ខណៈ​លុយ​រាប់​ម៉ឺន​ដុល្លារ​ដែល​បាន​មកពី​អំពើពុករលួយ​នេះ ត្រូវ​បិទ​បាំង និង​មិន​ដែល​បើក​ការ​ស៊ើបអង្កេត​ម្តង​ណា​ឡើយ។

ម្យ៉ាង​វិញ​ទៀត ករណី​ទាំងនេះ​គឺ​បង្ហាញ​ពី​ការ​ខ្ជីខ្ជា និង​ទន់ខ្សោយ​មួយ​កម្រិត​ទៀត​របស់​អាជ្ញាធរ​បឹង​ទន្លេសាប។ បទល្មើស​បាន​កើតឡើង​អស់​ពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​អង្គភាព​រដ្ឋ​មួយ​នេះ​មិន​បាន​អើពើ និង​ចាត់​វិធានការ​ឆ្លើយតប​ណា​មួយ​ប្រឆាំង​ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក ឬ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ណា​មួយ​មក​ផ្ដន្ទាទោស​ឡើយ។ ផ្ទុយ​មកវិញ អាជ្ញាធរ​បឹង​ទន្លេសាប បាន​បណ្តោយ​ឱ្យ​មាន​បទល្មើស​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ពេល​ដែល​រដ្ឋ​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​អាមេរិក​ឥត​អំពើ​ដោយសារ​បេសកកម្ម​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស