ក្រសួងកសិកម្មកម្ពុជា អះអាងថា នៅសប្តាហ៍ទី១នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា គ្រោងនឹងចុះវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន ដោយជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយចំនួនជាតំណាងក្នុងការសិក្សាវាយតម្លៃនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះថា បច្ចុប្បន្ន ដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់ដល់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃហើយ។
ប្រភពដដែលអះអាងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវតែបំពេញលក្ខខណ្ឌស្តង់ដារអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវការសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារផងដែរ។
ក្រសួងកសិកម្ម អំពាវនាវឱ្យម្ចាស់ចម្ការ សហគមន៍កសិកម្មផ្លែមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានលទ្ធផលល្អ និងជោគជ័យតាមការគ្រោងទុក។ បន្ថែមពីនេះ ម្ចាស់ចម្ការផ្លែមៀន និងម្ចាស់រោងចក្រ ត្រូវតែនាំគ្នាដាក់ពាក្យស្នើសុំចុះបញ្ជីនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន ឱ្យបានរួសរាន់ផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ធ្នូ នេះថា ការជំរុញឱ្យម្ចាស់ចម្ការផ្លែមៀនរៀបចំចម្ការតាមស្តង់ដារដែលភាគីចិន បានតម្រូវជារឿងល្អហើយដើម្បីឱ្យផ្លែមៀនខ្មែរអាចនាំចេញទៅបរទេសបានកាន់តែច្រើន ប៉ុន្តែក្រសួងត្រូវតែមានផែនការច្បាស់លាស់ដើម្បីជួយកសិករឱ្យពួកគាត់មានលទ្ធភាពអាចអនុវត្តតាមតម្រូវការរបស់ភាគីចិនបាន។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា ដើម្បីជួយម្ចាស់ចម្ការផ្លែមៀន និងម្ចាស់រោងចក្រវេចខ្ចប់ ក្រសួងកសិកម្មត្រូវតែមានផែនការបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅជួយដឹកនាំប្រជាពលរដ្ឋធ្វើការនេះដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា ម្ចាស់ចម្ការទាំងនោះពិតជាអាចអនុវត្តតាមស្តង់ដារដែលគេបានតម្រូវបានត្រឹមត្រូវប្រាកដមែន។
មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រៅពីការជួយកសិករឱ្យអាចអនុវត្តតាមគោលការណ៍ស្តង់ដាររបស់ភាគីចិន ដែលបានតម្រូវហើយនោះ ក្រសួងក៏ត្រូវជួយចរចាតម្លៃទីផ្សារផ្លែមៀនឱ្យកសិករផងដែរ ព្រោះថាបើកសិករអាចធ្វើតាមការណែនាំបានត្រឹមត្រូវហើយនោះ ប៉ុន្តែតម្លៃដែលពួកគាត់លក់ចេញចុះថោក នោះការខាតបង់ គឺរឹតតែធ្ងន់ធ្ងរជាងមុនថែមទៀត។
ជុំវិញបញ្ហានេះ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅ ម្ចាស់ចម្ការផ្លែមៀនម្នាក់ត្រូវសាលាដំបូងខេត្តបាត់ដំបង សម្រេចឲ្យជាប់ពន្ធនាគារ ១០ខែ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីម្ចាស់ចម្ការរូបនោះបានរិះគន់អាជ្ញាធរ ថាមិនជួយរកទីផ្សារផ្លែមៀនឱ្យកសិករតាមបណ្តាខេត្តបណ្តោយព្រំដែនខ្មែរ-ថៃ ដែលបានកកស្ទះលក់មិនចេញរាប់ម៉ឺនតោននៅពេលនោះ៕