30.7 C
Phnom Penh

ក្រសួង​សុខាភិបាល​រំឭក​វិធានការ​៣​ចំណុច​ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​បង្ការ​ការ​ឆ្លង​ជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល រំឭក​ដល់​អភិបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ឲ្យ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ទោះបី​លោក ហ៊ុន សែន បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍ «២០ កុម្ភៈ» ដែល​ជា​ព្រឹត្តិការណ៍​ចាប់ផ្ដើម​ឆ្លង​ជំងឺ Covid-19 នៅ​កម្ពុជា​ហើយ​ក៏ដោយ។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្រសួង​សុខាភិបាល​បាន​ដាក់​វិធានការ ៣​ចំណុច និង​ក្រើន​រំឭក​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ពង្រឹង​បន្ថែម​ទៀត​នូវ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19។

វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​សម្រេច​គោលដៅ។ បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែទាំ​ព្យាបាល​អ្នក​ជំងឺ Covid-19 នៅ​តាម​ទីតាំង​ព្យាបាល និង​មន្ទីរពេទ្យ ក៏ដូចជា​នៅ​តាម​ផ្ទះ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​អត្រា​ឈឺ​ធ្ងន់ និង​ស្លាប់​ដោយសារ​ជំងឺ Covid-19 ដោយ​អនុវត្ត​ឲ្យ​បាន​ល្អ និង​គ្រប់​ជ្រុងជ្រោយ​តាម​មគ្គុទ្ទេសក៍​សម្រាប់​គ្រប់គ្រង និង​ព្យាបាល​ជំងឺ Covid-19 ដែល​ចេញ​ដោយ​ក្រសួង​សុខាភិបាល។

ក្រសួង​ជំរុញ​ឲ្យ​មាន​ការ​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ពលរដ្ឋ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​សុខាភិបាល ដោយ​រៀន​រស់​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19 និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន «៣​ការពារ ៣​កុំ» សំដៅ​កាត់បន្ថយ​អត្រា​ឆ្លង​ថ្មី​ឲ្យ​បាន​ជា​អតិបរិមា។

កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រោយ​ពី​ប្រទេស​កម្ពុជា​ហាក់​បាន​ធូរស្បើយ​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ។

ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ដែរ​ថា អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​មេរោគ Covid-19 បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ក្រសួង​ប្រកាស​ថា តាម​ការ​ពិនិត្យ​ដោយ​ម៉ាស៊ីន​វិភាគ PCR គឺ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ចំនួន ៣​នាក់ ករណី​ជាសះស្បើយ​ចំនួន ៩​នាក់ និង​ករណី​ស្លាប់ ១​នាក់។

ក្រសួង​សុខាភិបាល បាន​ប្រកាស​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​ធ្នូ អ្នក​ឆ្លង​ជំងឺ Covid-19 នៅ​កម្ពុជា​សរុប​ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២០៤៣០​នាក់) ចំនួន​អ្នក​ព្យាបាល​បាន​ជាសះស្បើយ​សរុប​ជាង ១១​ម៉ឺន ៦​ពាន់​នាក់ (១១៦៨២៤​នាក់) និង​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ជាង ៣​ពាន់​នាក់ (៣០០៦​នាក់)។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ដែរ​ថា អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចាក់​លើ​ពលរដ្ឋ​ទូទៅ​បាន​ចំនួន ៨៨,៩៤% បើ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​សរុប ១៦​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស