30 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជាន់​ដី​អាស៊ាន​មាន​របៀបវារៈ​បី គឺ​ឥទ្ធិពល​ចិន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Antony Blinken រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ចន្ទ ទី​១៣ ធ្នូ នេះ មាន​របៀបវារៈ​សំខាន់​ចំនួន​៣ គឺ​ឥទ្ធិពល​ចិន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ប្រទេស​ភូមា។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​ជប៉ុន Nikkei Asia ពី​ទីក្រុង​ហ្សាការតា ប្រមុខ​ការទូត​អាមេរិក​បាន​ទៅ​ដល់​ទីក្រុង​ហ្សាការតា រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​រសៀល​ថ្ងៃ​ចន្ទ។

គេ​រំពឹង​ថា លោក Antony Blinken នឹង​ថ្លែង​សារ​ស្ដីពី​នយោបាយ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​តុល្យភាព​នឹង​ចិន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ​បញ្ហា​ប្រទេស​ភូមា គឺ​មិន​អាច​ភ្លេច​បាន​ឡើយ​សម្រាប់​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា លោក Antony Blinken ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ មុន​នឹង​ឡើង​ថ្លែង​នៅ​លើ​វេទិកា​មួយ​អំពី​នយោបាយ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ។

ក្នុង​ទស្សនកិច្ច​លើកដំបូង​នៅ​ក្នុង​សមាគម​អាស៊ាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ ចាប់​យក​ប្រទេស​៣ គឺ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ។

ចេញពី​ឥណ្ឌូនេស៊ី ត្រូវ​បន្ត​ដំណើរ​ទៅ​ម៉ាឡេស៊ី និង​ថៃ ដែល​នៅ​ទីនោះ​មាន​ការ​រំពឹង​ថា លោក Antony Blinken នឹង​លើកឡើង​អំពី​ការ​ពង្រឹង​រចនាសម្ព័ន្ធ​សន្តិសុខ​តំបន់​ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ប្រទេស​ភូមា។

ក្នុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​ពីរ​នេះ លោក Blinken ត្រូវ​ជួប​ជាមួយ​សម​ភាគី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ពីរ​នេះ។ នៅ​ឆ្នាំ​២០២២ នេះ កងទ័ព​ជើងទឹក​ប្រទេស​ថៃ នឹង​ត្រូវ​ធ្វើ​សមយុទ្ធ​ជាមួយ​ទ័ព​ជើងទឹក​អាមេរិក នៅ​ឈូងសមុទ្រ​ថៃ។ គេ​រំពឹង​ថា លោក Blinken ក៏​អាច​លើកឡើង​ផង​ដែរ​ជាមួយ​សម​ភាគី​ថៃ អំពី​វិស័យ​សន្តិសុខ​ជាតិ​រវាង​អាមេរិក និង​ថៃ។

ការ​ធ្វើ​សមយុទ្ធ​រវាង​កងទ័ព​ជើងទឹក​ថៃ និង​អាមេរិក ទោះ​ជា​ការ​ធ្វើឡើង​ដោយ​ទ្វេភាគី​ក៏ដោយ តែ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ទាញ​ភូមិសាស្ត្រ​នយោបាយ​អាស៊ាន​ឱ្យ​កាន់តែ​នៅ​ជាមួយ​អាមេរិក ដែល​កាលពី​ឆ្នាំ​២០១៩ សមយុទ្ធ​រួម​អាស៊ាន ១០​ប្រទេស និង​អាមេរិក បាន​ធ្វើ​រួច​ទៅ​ហើយ។ គេ​រំពឹង​ថា សមយុទ្ធ​ដូចនេះ​នឹង​អាច​មាន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ ទាំងនេះ​សុទ្ធតែ​ជា​ការ​ពង្រឹង​អំណាច និង​ឥទ្ធិពល​របស់​មហាអំណាច​មួយ​នេះ​នៅ​ក្នុង​តំបន់។

ប្រមុខ​ការទូត​អាមេរិក ធ្លាប់​លើកឡើង​ថា ការ​ពង្រីក​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​របស់​ចិន គឺជា​ការ​បើក​សមរភូមិ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់ ដែល​អាមេរិក​ចាំបាច់​ត្រូវ​បំពេញ​តួនាទី​ជា​ប្រទេស​មហាអំណាច។

ក្រោយ​ពី​អាមេរិក និង​សម្ពន្ធមិត្ត​ដក​ទ័ព​ចេញពី​អាហ្វហ្គានីស្ថាន លោក​ប្រធានាធិបតី ចូ បៃដិន បាន​សម្រេច​ដូរ​ទិសដៅ​ភូមិសាស្ត្រ​នយោបាយ​មក​កាន់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​ផ្តល់​អាទិភាព​នយោបាយ​ការបរទេស​ដល់​តំបន់​អាស៊ី​អាគ្នេយ៍។ តែ​បញ្ហា​ចិន ដំឡើង​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី គឺជា​មូលហេតុ​ដែល​រដ្ឋការ​របស់​លោក ចូ បៃដិន ត្រូវ​ពង្រឹង​កម្លាំង​សម្ពន្ធមិត្ត​របស់​អាមេរិក​ឡើងវិញ ជាពិសេស​ប្រទេស​ចំនួន​៥ ដែល​ជា​ស្ថាបនិក​អាស៊ាន​នៅ​ឆ្នាំ​១៩៦៧។ ចំពោះ​វិបត្តិ​នៅ​ភូមា គឺ​ពិត​ណាស់​ដែល​អាមេរិក​ត្រូវ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​របស់​ប្រទេស​សមាជិក​សមាគម​អាស៊ាន​នេះ​ឡើងវិញ។

ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ ក៏​ជា​ការ​សម្របសម្រួល​ផង​ដែរ​នូវ​របៀបវារៈ​របស់​អាស៊ាន ដែល​ត្រូវ​បើក​កិច្ច​ជំនួប​កំពូល​អាមេរិក-អាស៊ាន នៅ​ដើម​ឆ្នាំ​២០២២ នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​នៅ​ឆ្នាំ​២០២២ គឺ​ដល់​វេន​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។ ដូចនេះ​ហើយ បាន​ជា​ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Derek Chollet ត្រូវ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក Derek Chollet បាន​ជួប​នឹង​មន្ត្រី​ការទូត​កម្ពុជា មាន​ទាំង​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ផង​ដែរ។

សហរដ្ឋ​អាមេរិក រំពឹង​ថា នឹង​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​នាម​កម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ការបរទេស​កម្ពុជា ធ្វើឡើង​ក្រោយ​ជំនួប​រវាង​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក Derek Chollet និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ដូច​គ្នា​ចំពោះ​សារសំខាន់​នៃ​តួនាទី​របស់​អាស៊ាន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឲ្យ​ដឹង​ថា ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Derek Chollet បាន​អះអាង​ជា​ថ្មី​ថា អាស៊ាន​គឺជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​លោក​រំពឹង​ថា អាមេរិក​នឹង​មិន​ខកចិត្ត​ទេ​ចំពោះ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ។ លោក Derek Chollet បន្ត​ថា លោក​ប្រធានាធិបតី ចូ បៃឌិន ពិតជា​រំពឹង​ថា​អាមេរិក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន នា​ពេល​ខាងមុខ​នេះ។

ចំណែក​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ថ្លែង​ស្វាគមន៍​ជំហរ​របស់​អាមេរិក​ជាមួយ​នឹង​កម្ពុជា​ផង ជាមួយ​នឹង​អាស៊ាន​ផង។ លោក​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស