31.4 C
Phnom Penh

ភាគ​១៣៖ គណបក្ស​ប្រជាជន​កម្ពុជា​ស្វែងរក​សាមគ្គីភាព​ខ្មែរ​នៅ​បរទេស​ឲ្យ​ទៅ​គាំទ្រ​បក្ស​នេះ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្មែរ​ភាគច្រើន​លើសលប់​និយាយ​ស្ទើរ​គ្រប់ៗ​គ្នា​ថា ចង់​បាន ត្រូវ​ស្វែងរក ឬ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ។ ប៉ុន្តែ​គេ​ពុំ​មាន​ចិត្ត​បរិសុទ្ធ​ប្រតិបត្តិ​តាម​អត្ថន័យ​នៃ​ពាក្យ​សាមគ្គី ដែល​មាន​ខ្លឹមសារ​ថា ស្មោះត្រង់​ទៅវិញ​ទៅមក បម្រើ​ប្រយោជន៍​រួម​នោះ​ទេ គឺ​ឲ្យ​ស្មោះស្ម័គ្រ​ទៅកាន់​បក្ស​គេ​តែ​មួយ​ផ្លូវ​គត់។ មិន​ត្រឹម​តែប៉ុណ្ណោះ អ្នក​ដឹកនាំ​បក្ស​ក្តាប់​អំណាច ថែមទាំង​ហ៊ាន​ប្រើ​ភាសា​គំរាម​ខ្មែរ​នៅ​បរទេស​ទៀត​ផង។

ក្រោយ​ពី​លោក ជុំ ប៊ុនរ៉ុង ទទួល​ការ​តែងតាំង​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋ​អាមេរិក​នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ ហើយ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សកម្មភាព​រៀបចំ​បណ្ដាញ​សាខា​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចាប់​កំណើត។

ភារកិច្ច​ថ្មី​ក្នុង​បេសកកម្ម​ការទូត​ប្រចាំ​ស្ថានទូត​ប្រទេស​កម្ពុជា​នៅ​បរទេស ទាំង​នៅ​សហរដ្ឋ​អាមេរិក នៅ​អូស្ត្រាលី នៅ​អឺរ៉ុប នៅ​អាស៊ី ពោល​គឺ​នៅ​ទីណា​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន ផ្តើម​ពី​ការ​ទាក់ទង​ប្រស្រ័យ​ជាមួយ​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​នីមួយៗ​តាមរយៈ​មនុស្ស​ជា​តំណាង​របស់​គេ ដូចជា​អ្នក​ម៉ៅការ​ពី​ក្រុមហ៊ុន ឬ​មនុស្ស​ក្នុង​សមាគម អង្គការ​សង្គហកិច្ច សង្គមកិច្ច វត្តអារាម ជាដើម ដោយ​ចូលរួម​ពិធី​បុណ្យ​ផ្សេងៗ។

តាម​ការ​សង្កេត​រៀង​មក សហគមន៍​ខ្មែរ​មួយ​ចំនួន​ហាក់ដូចជា​គិត​ថា​គេ​មាន​ក្តី​សោមនស្ស​រំភើប​រីករាយ មាន​កិត្តិយស​ណាស់​ដែល​មាន​ឯកអគ្គរាជទូត​ចូលរួម​ជា​ភ្ញៀវ។ អ្នក​ខ្លះ​និយាយ​ថា មន្ត្រី​ទូត​ក៏​ជា​ខ្មែរ​ដូច​គ្នា​ដែរ ដូច្នេះ​គួរ​តែ​ចេះ​បង្ហាញ​សាមគ្គីភាព​ឯកភាព​រវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នា។ បន្ទាប់ពី​គេ​ស្ទាបស្ទង់ វាស់វែង ថ្លឹងថ្លែង​ទឹកចិត្ត​ខ្មែរ​ក្នុង​សហគមន៍​ដឹង​ប្រាកដ​ថា​ដូចជា​ស្និទ្ធស្នាល ជឿ​ចិត្ត​គ្នា ស្គាល់​មនុស្ស​ណា​ត្រេកត្រអាល​ចង់​បាន​អ្វី​ហើយ​នោះ គេ​ចាប់ផ្តើម​ផ្តល់​កិត្តិយស​ផ្តល់​ងារ មុខនាទី​ឲ្យ​តំណែង​អ្នក​ខ្លះ​តាមរយៈ​ការ​តែងតាំង ហើយ​ជួយ​ស្វែងរក​សមាជិក​ទាំង​ចាស់​ទាំង​ក្មេង​ឲ្យ​ចូល​បក្ស​ប្រជាជន​កម្ពុជា។

ប្រមាណ​មួយ​ឆ្នាំ​ក្រោយ​មក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​នា​ខែ​មេសា ឆ្នាំ​២០១៦ ផ្តើម​ពី​ក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាឈូសិត្ស ភាគ​ឦសាន​សហរដ្ឋ​អាមេរិក ក្នុង​ន័យ​មក​សួរ​សុខទុក្ខ និង​ស្តាប់​សេចក្តី​រាយការណ៍​បូក​សរុប​អំពី​ការ​វិវឌ្ឍ​រីកចម្រើន​របស់​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស។ វត្តមាន​របស់​លោក​បាន​បង្ក​ឲ្យ​សហគមន៍​ខ្មែរ​បែក​សាមគ្គី​គ្នា​រវាង​អ្នក​គាំទ្រ​លោក និង​អ្នក​មិន​គាំទ្រ មិន​ស្វាគមន៍​លោក។

លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២២៧​នាក់ ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។

រឿង​ដែល​ស្ថានទូត​អះអាង​ថា ជា​ការ​ព្យាយាម​បោះដៃ​រាប់អាន​ខ្មែរ​ដូច​គ្នា​នោះ ក្លាយ​ជា​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រឈមមុខ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ទៅវិញ។ លោក ហ៊ុន ម៉ាណែត ប្រាប់​និពន្ធ​នាយក​កាសែត Lowell Sun ថា លោក​មិន​យល់ តើ​ក្រុម​ជំទាស់​មាន​ទិសដៅ​អ្វី​ពិតប្រាកដ​មក​ប្រឆាំង​នឹង​លោក​នោះ? លោក​ថា​នៅ​ស្រុក​ខ្មែរ គេ​មាន​ទូរទស្សន៍ មាន​ឡាន​ជិះ​សន្ធឹកសន្ធាប់​ទៅ​ហើយ។

ក្រុម​ជំទាស់​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ក្រុង​ឡូវ៉ែល ដូចជា​អ្នកស្រី ផាញ ចម្ប៉ា (Champa Pagne) ថ្លែង​ថា អ្នកស្រី​ត្រូវ​ងើប​តវ៉ា​ជំនួស​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​មិន​អាច​បញ្ចេញ​សំឡេង​របស់​គេ​បាន​នៅ​ប្រទេស​កម្ពុជា។

លោក កៃ កាម៉ារ៉ា ថា​លោក​ខក​ចិត្ត​នឹង​ខ្មែរ-អាមេរិកាំង​ខ្លះ​ដែល​ទៅ​ជួប​អបអរ​ទទួល​លោក ហ៊ុន ម៉ាណែត។ យ៉ាងណាមិញ មន្ត្រី​អាមេរិកាំង​នៃ​រដ្ឋបាល​ក្រុង​ឡូវ៉ែល ជាច្រើន​បាន​លុបចោល​គម្រោង​ជួប​លោក ហ៊ុន ម៉ាណែត។

សមាជិក​សភា​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៃ​រដ្ឋ​ម៉ាស្សាឈូសិត្ស លោក ម៉ុម រ៉ាឌី ប្រាប់​កាសែត​ថា នយោបាយ​នៅ​ប្រទេស​កម្ពុជា​គ្មាន​អ្វី​ទាក់ទង​នឹង​របៀប​យើង​រស់នៅ​ទីនេះ​ទេ។ គេ​អាច​វាយប្រហារ​គ្នា​ឯង​ទៅវិញ​ទៅមក យើង​ជា​អាមេរិកាំង។ នេះ​មាន​ន័យ​ថា ខ្មែរ​មិន​បាច់​ខ្វល់​រឿង​ស្រុក​ខ្មែរ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​សភា​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៃ​រដ្ឋ​ម៉ាស្សាឈូសិត្ស លោក ម៉ុម រ៉ាឌី។

ដំណាល​ពេល​គ្នា​នោះ លោក ម៉ុម រ៉ាឌី បាន​ទៅ​ជួប​សម្ដែង​ការ​គួរសម និង​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ហើយ​ចង់​រៀនសូត្រ​ពី​របៀប​គ្រប់គ្រង​ប្រទេស​ពី​លោក ហ៊ុន សែន ទៀត​ផង។ លោក​ធ្លាប់​រៀន​ក្នុង​សាលា​អាមេរិកាំង យល់​ដឹង​អំពី​របៀប​របប​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​ចង់​រៀន​ពី​អ្នក​ដឹកនាំ​ផ្ដាច់ការ​នៃ​អតីត​បក្ស​កុម្មុយនីស្ត​ទៅវិញ។ ម្យ៉ាង​ទៀត លោក ម៉ុម រ៉ាឌី ថា​លោក​មាន​ពិសោធន៍​គ្រប់គ្រាន់​នឹង​របប​កុម្មុយនីស្ត ព្រោះ​ថា​លោក​ក៏​ធ្លាប់​ជា​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ដែរ។

ក្នុង​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក លោក ហ៊ុន ម៉ាណែត បាន​បន្ត​ដំណើរ​ពី​ក្រុង​ឡូវ៉ែល ទៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័នីញ៉ា ទៀត ក្នុង​បំណង​ចូលរួម​ធ្វើ​ព្យុហយាត្រា​ពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្រុង​ខ្មែរ ប៉ុន្តែ​អាក់ខាន​ទៅវិញ។ មួយ​សប្តាហ៍​មុន​ចូល​ឆ្នាំ​ខ្មែរ លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ខ្មែរ តែ​មាន​ឧបទ្ទវហេតុ​កើតឡើង​ខាងក្រៅ​ភោជនីយដ្ឋាន La Lune ពេល​លោក​បាន​ទៅ​ដល់។

ពិធី​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២២៧​នាក់ ចូលរួម​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។

ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ Paul Hayes ព្យាយាម​យក​ដីកា​តុលាការ​ប្រគល់​ឲ្យ​ហៅ​ឈ្មោះ​ចំៗ​ថា ហ៊ុន ម៉ាណែត តាម​ពាក្យ​បណ្តឹង​មួយ។ ប៉ុន្តែ​លោក និង​សាក្សី​និយាយ​ថា ត្រូវ​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត រុញ​ផ្តួល​ទៅ​ដី​បណ្តាល​ឲ្យ​លោក Paul Hayes រង​របួស​កដៃ និង​ជើង​ជា​ទម្ងន់។ នេះ​ស​ឲ្យ​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​មិន​ស្វាគមន៍ ហ៊ុន ម៉ាណែត ទេ ហើយ​វត្តមាន​របស់​លោក​ក៏​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទៀត។ រឿង​ក្តី​ទាក់ទង​នឹង ហ៊ុន ម៉ាណែត កំពុង​នៅ​ជាធរមាន មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ។

ខែ​តុលា ឆ្នាំ​២០១៦ បី​ខែ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី គឺ​លោក ហ៊ុន ម៉ាណែត បន្ត​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ទៀត។ លើក​នេះ​ទៅកាន់​ទីក្រុង​ម៉ែលប៊ន រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន​ជាង​រដ្ឋ​ដទៃ។ បាតុករ​ខ្មែរ​ប្រមាណ ២០០​នាក់​ស្រែក​បន្ទរ​ដាក់​លោក ហ៊ុន ម៉ាណែត ថា៖ «តិរច្ឆាន ចុះ​នរក!»។ អ្នក​ខ្លះ​ស្រែក​ថា «ហ៊ុន ម៉ាណែត ជា​ជន​ក្បត់!»។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ ក្រុម​ពលរដ្ឋ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ ១០០​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តប​វិញ។ អ្នក​នាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​កាសែត​ថា បាតុករ​នៅ​អូស្ត្រាលី សុទ្ធតែ​ជា​អច្ចន្តិកជន ឬ​ពួក​ជ្រុល​និយម​ហួស (extremist) ហើយ​ថា​ខាង​លោក​ក៏​មាន​អ្នក​គាំទ្រ​ដែរ។ ឆ្នាំ​២០១៧ លោក ហ៊ុន ម៉ាណែត ទៅ​អឺរ៉ុប មាន​ទាំង​យក​កាតាប​លុយ​រាប់​លាន​ទៅ​ជាមួយ​ផង ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បារាំង​ឃាត់​ទុក​មួយ​រយៈ។

អំឡុង​ខែ​មីនា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី។ លោក ហ៊ុន សែន គំរាម​ខ្មែរ​រស់នៅ​អូស្ត្រាលី ដែល​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ គេ​នាំគ្នា​ហៅ​ថា​មេដឹកនាំ​ផ្ដាច់ការ​កណ្ដាប់ដៃ​ដែក ហើយ​ប៉ុនប៉ង​ដុត​ទីងមោង​រូបលោក ហ៊ុន សែន នោះ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ច្បាស់បើ​អ្នក​ឯង​មាន​សិទ្ធិ​ដុត​រូប​ខ្ញុំ យើង​មាន​សិទ្ធិ​របស់​យើង​ដើម្បី​វាយ​សំពង​អ្នក​ឯង។ គ្មាន​អ្វី​ខុស​ទេ។ ខ្ញុំ​នឹង​តាម​អ្នក​ឯង​ដល់​ផ្ទះ ហើយ​ចាប់​អូស​ទាញ​អ្នក​ឯង​វិញ»

ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​មួយ​ចំនួន​យល់​ថា លោក ហ៊ុន សែន មិន​អាច​ទៅ​ដេញ​ចាប់​ពួកគេ​នៅ​ទីនោះ​ទេ ប៉ុន្តែ​អ្នក​គាំទ្រ​បក្ស​លោក ហ៊ុន សែន នៅ​អូស្ត្រាលី អាច​នឹង​ធ្វើ​អ្វី​មួយ ព្រោះ​សុទ្ធតែ​ពួក​ចាំ​ស្តាប់​បញ្ជា។ ក្រុម​ជំទាស់​នឹង​លោក ហ៊ុន សែន សម្រេច​ចិត្ត​ថា គេ​ត្រូវតែ​ត​ទល់​នឹង​ចរិត​ឈ្លានពាន​ហ្នឹង។

ទោះជាយ៉ាងណា​មិញ អ្នកវិភាគ​នយោបាយ ដូចជា​បណ្ឌិត Lee Morgenbesser ក្នុង​វិទ្យាស្ថាន​អាស៊ី​នៃ​សកលវិទ្យាល័យ Griffith ជាដើម អធិប្បាយ​ថា៖ «អ្វី​លោក ហ៊ុន សែន និយាយ​នោះ សំដៅ​ប្រាប់​មនុស្ស​ក្នុង​ស្រុក​ខ្មែរ​ថា មាន​តែ​លោក​ម្នាក់​គត់​ដែល​អាច​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​ក្រៅ ដូចជា​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ជាដើម​នោះ»។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ខ្លះ​សួរ​គ្នា​ថា ហេតុ​អ្វី​លោក ហ៊ុន សែន ហ៊ាន​និយាយ​ដូច្នោះ​លើ​ទឹកដី​ប្រទេស​សេរី​និយម​ប្រជាធិបតេយ្យ? អ្នកវិភាគ​មាន​ពិសោធន៍​ក្នុង​កិច្ចការ​ខ្មែរ ស្នើ​មិន​ចេញ​ឈ្មោះ ថ្លែង​ថា៖ «លោក ហ៊ុន សែន កូនប្រុស​របស់​លោក ឬ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ឯ​ទៀត​សំអាង​ថា បក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​គាំទ្រ មាន​សមាជិក មាន​បណ្ដាញ សាខា​របស់​គេ​នៅ​ក្រៅ​ប្រទេស ដែល​មាន​ប្រយោជន៍ មាន​លាភសក្ការៈ​ក្នុង​ស្រុក​ខ្មែរ​ជាមួយ​លោក ហ៊ុន សែន។ ដូច្នេះ គេ​អាច​ហ៊ាន​ធ្វើការ​បម្រើ​បក្ស​លោក ហ៊ុន សែន ដើម្បី​ផ្គាប់​ចិត្ត។ ម្យ៉ាង​ទៀត​គេ​ដឹង​ថា ខ្មែរ​ឯ​បរទេស​ខ្លះ​ជា​អ្នក​សន្សំ​រក​សុខ រក​ស្រួល ទុក​ផ្លូវ​ទៅ​លេង​ស្រុក​ខ្មែរ​ម្តងម្កាល ដូច្នេះ​ពិតជា​មិន​ហ៊ាន​ចេញ​មុខ​តតាំង​បែប​ណា​មួយ​នឹង​គេ​ទេ ទោះ​ជា​តាម​ផ្លូវច្បាប់​ក៏ដោយ។ របៀប​ដឹកនាំ​ច្រឡោងខាម បំភិតបំភ័យ បាន​រាល​ឆ្លង​ទ្វីប​ដល់​ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​ហើយ

ទោះ​ជា​មាន​មេដឹកនាំ​ខ្មែរ​ដើរ​និយាយ​គំរាម​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក្តី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី Gareth Evans ធ្លាប់​រំឭក​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VoA) ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ ឲ្យ​មាន​សុទិដ្ឋិនិយម មាន​ន័យ​ថា​កុំ​អស់​សង្ឃឹម។

អូស្ត្រាលី​ធ្លាប់​មាន​ឈ្មោះ​ជា​ឋានសួគ៌​មួយ​ក្នុង​ចំណោម​ឋានសួគ៌​លាង​លុយ​កខ្វក់។

ដើម​ខែ​ធ្នូ មុន​ដាច់​ឆ្នាំ​២០២១ នេះ សភា​អូស្ត្រាលី បាន​អនុម័ត​ច្បាប់​តាម​លំនាំ​ច្បាប់​អនុម័ត​នៅ​សហរដ្ឋ​អាមេរិក កាណាដា អង់គ្លេស និង​សហភាព​អឺរ៉ុប ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស​ណា​ដែល​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ និង​ពុករលួយ។

ច្បាប់ Magnitsky Act ចាប់ផ្តើម​ដៅ​ជនជាតិ​រុស្ស៊ី និង​ចិន មុន​គេ ដែល​គេ​ស៊ើប​អង្កេត​ឃើញ​ថា ជាប់​ជំពាក់​ក្នុង​ករណី​រំលោភ​លើ​សិទ្ធិមនុស្ស និង​ពុករលួយ។ សម្រាប់​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​ពិចារណា​ការ​កំណត់​ដាក់​ទណ្ឌកម្ម​យោង​តាម​សេចក្តី​រាយការណ៍​ពី​រដ្ឋាភិបាល​ជាតិ រដ្ឋាភិបាល​បរទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​តាមដាន​រឿង​សិទ្ធិមនុស្ស។ ប្រធានាធិបតី​ជា​អ្នក​កំណត់ អម​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ការបរទេស ក្រសួង​យុត្តិធម៌ ព្រមទាំង​ប្រធាន ឬ​អនុប្រធាន​គណៈកម្មាធិការ​សភា។ នៅ​កាណាដា កំណត់​ដោយ​ទេសាភិបាល​ក្រុមប្រឹក្សា តាម​អនុសាសន៍​ពី​រដ្ឋមន្ត្រី​ការបរទេស។ នៅ​អង់គ្លេស កំណត់​ដោយ​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស