មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ទាមទារឲ្យអ្នកដែលចូលរួមឈូសឆាយដីគម្របព្រៃឈើជាង ៧០០ហិកតារ នៅស្រុកទឹកផុស បង្ហាញខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយគិតចាប់ពីថ្ងៃចេញជូនដំណឹងនេះតទៅ។
សេចក្ដីជូនដំណឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទើបត្រូវផ្សព្វផ្សាយ បានឱ្យដឹងថា ជនទាំងឡាយណាដែលបានឈូសឆាយដីគម្របព្រៃឈើចំនួន ៧១១ហិកតារ ស្ថិតក្នុងឃុំក្រាំងស្គារ និងឃុំជៀប ស្រុកទឹកផុស នៅខេត្តនេះ ធ្វើការបង្ហាញខ្លួននៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធផ្សេងៗផងដែរ។
ប្រភពដដែលឲ្យដឹងថា ឯកសារពាក់ព័ន្ធនោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារកាន់កាប់ដីជាដើម ដើម្បីឱ្យអាជ្ញាធរពិនិត្យដោះស្រាយតាមច្បាប់ស្ដីពីព្រៃឈើ ដោយគិតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា តទៅ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា បើសិនជាជនទាំងនោះមិនព្រមបង្ហាញខ្លួនដើម្បីចូលទៅដោះស្រាយតាមកំណត់ រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង នឹងបន្តចាត់ការតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ៕