25.7 C
Phnom Penh

ចិន​ប្រាប់​ឥណ្ឌូនេស៊ី ឱ្យ​បញ្ឈប់​ការ​ខួង​យក​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ឥណ្ឌូនេស៊ី​បដិសេធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន បាន​ប្រាប់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ជា​ផ្លូវការ​ឱ្យ​បញ្ឈប់​សកម្មភាព​ការ​ខួង​រក​ឧស្ម័ន​របស់​ក្រុមហ៊ុន​ថាមពល Harbor Energy នៅ​ឯនាយ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ដែនទឹក​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន Energy Voice។

យោង​តាម​លិខិត​មួយ​របស់​អ្នក​ការទូត​ចិន ដែល​បញ្ជូន​ទៅ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី គឺ​ក្រុង​ប៉េកាំង បាន​ប្រាប់​ឥណ្ឌូនេស៊ី ឱ្យ​បញ្ឈប់​ការ​ខួង​រក​ឧស្ម័ន​របស់​ក្រុមហ៊ុន Harbor Energy និង​ដៃគូ​មកពី​ប្រទេស​រុស្ស៊ី ឈ្មោះ Zaru-bezhneft ព្រោះ​ស្ថិតនៅ​ក្នុង​ដែនទឹក​របស់​ចិន។ នេះ​បើ​យោង​តាម​លោក Muhammad Farhan ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​នៃ​រដ្ឋសភា​ឥណ្ឌូនេស៊ី។

លោក Farhan បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា ការ​ឆ្លើយតប​របស់​ឥណ្ឌូនេស៊ី គឺ​រឹងមាំ​ណាស់​ដែល​នឹង​មិន​បញ្ឈប់​ការ​ខួង​រុករក​ឧស្ម័ន និង​ប្រេងកាត​នៅ​ទីនោះ​ទេ ព្រោះ​វា​ជា​សិទ្ធិ​អធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី។

ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ឥណ្ឌូនេស៊ី ហើយ​ឥណ្ឌូនេស៊ី គឺជា​ប្រភព​នៃ​ការ​វិនិយោគ​ធំ​ជាងគេ​ទី​ពីរ​នៅ​ក្នុង​តំបន់។

មហិច្ឆតា​របស់​ឥណ្ឌូនេស៊ី ក្នុង​ការ​ក្លាយ​ជា​សេដ្ឋកិច្ច​លំដាប់​កំពូល​ក្នុង​តំបន់ បាន​នាំ​ឲ្យ​ប្រទេស​ធំ​ជាងគេ​នៃ​សមាគម​អាស៊ាន​នេះ​ហ៊ាន​ប្រឈមមុខ​នឹង​ចិន ដែល​កំពុង​រង​ការ​ចោទ​ថា​ធ្វើ​អនុត្តរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ពេល​ដែល​ប្រទេស​បួន​ទៀត​នៃ​សមាគម​អាស៊ាន គឺ​ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ប្រ៊ុយណេ មាន​ជម្លោះ​នឹង​ចិន គេ​សង្កេត​ឃើញ​ប្រទេស​ឥណ្ឌូនេស៊ី ហាក់​ស្ថិត​ក្នុង​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ជា​ប្រទេស​ដែល​មាន​សេចក្ដី​សុខ​ច្រើន​ជាងគេ បើ​និយាយ​អំពី​អនុត្តរភាព​របស់​មហាយក្ស​ចិន ទាក់ទង​នឹង​ជម្លោះ​ផលប្រយោជន៍​នៃ​សមុទ្រ​ចិន​ខាងត្បូង។

សមាជិក​សភា​ឥណ្ឌូនេស៊ី លោក Farhan បាន​ឱ្យ​ដឹង​ថា នៅ​ពេល​នាវា​ស្ទង់​រក​ប្រេង និង​ឧបករណ៍​ខួង​ប្រេង​របស់​ឥណ្ឌូនេស៊ី កំពុង​ស្ថិត​ក្នុង​ប្រជុំកោះ Natuna ដែល​ស្ថិត​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី គេ​ឃើញ​ចិន​ដូចជា​ច្របូកច្របល់​ជា​ខ្លាំង ហើយ​ក៏​ប្រតិកម្ម​តវ៉ា​ឱ្យ​ឥណ្ឌូនេស៊ី បញ្ឈប់​ការ​ខួង​រក​ប្រេងកាត និង​ឧស្ម័ន តែ​លោក​ថា​តំបន់​នោះ គឺជា​កម្មសិទ្ធិ​របស់​ឥណ្ឌូនេស៊ី គឺ​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ ឬ​ការ​ដាក់​សម្ពាធ​របស់​ចិន​បាន​ឡើយ។

តាម​គេហទំព័រ Energy Voice នាវា​របស់​ចិន និង​នាវា​កងទ័ព​ជើងទឹក និង​នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌូនេស៊ី បាន​ប្រឈមមុខ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​តំបន់​ប្រទាញប្រទង់​គ្នា​នេះ។ តែ​សម្រាប់​ឥណ្ឌូនេស៊ី មិន​បាន​ដក​នាវា​របស់​ខ្លួន​ចេញពី​ទីនោះ​ទេ។ តាម​ប្រភព​ដដែល​នេះ គឺ​ប្រហែល ៤​ខែ​ចាប់ពី​ដើម​ខែ​កក្កដា មក នាវា​ចម្បាំង​របស់​ឥណ្ឌូនេស៊ី បាន​ដាក់​ពង្រាយ​នៅ​ទីនោះ ដោយ​រង់ចាំ​ការពារ​នាវា​ស្ទង់​ប្រេង និង​ឧបករណ៍​ខួង​ប្រេង​របស់​ក្រុមហ៊ុន Harbor Energy។

ក្រុមហ៊ុន Harbor Energy និង​ដៃគូ Zarubezhneft បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​វាយតម្លៃ​របស់​ពួកគេ​ក្នុង​ការ​ស្ទង់​រក​ឧស្ម័ន​នៅ​ឯ​ប្លុក Tuna ក្នុង​ប្រជុំកោះ Natuna នៃ​សមុទ្រ​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល​បង្ហាញ​ថា ទីនោះ​គឺជា​ជង្រុក​ប្រេង និង​ឧស្ម័ន។

ប៉ុន្តែ​ការ​ដែល​នាវា​ចិន បាន​ចូល​ជ្រៀតជ្រែក​ក្នុង​ប្លុក Tuna គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ទាមទារ​កម្មសិទ្ធិ​ដែនទឹក​នៅ​ក្នុង​ដែនទឹក​នៅ​ទីនោះ។ ចិន អះអាង​ថា សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល គឺ​ចិន​មាន​កម្មសិទ្ធិ​ដល់​ទៅ ៩០% នៃ​ក្រឡាផ្ទៃ ៣​លាន​គីឡូម៉ែត្រ​ក្រឡា។

ការ​តវ៉ា​ការទូត​របស់​ចិន ទៅលើ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ក្រុង​ប៉េកាំង ចោទ​ថា​បាន​ចូល​ធ្វើ​សកម្មភាព​ខួង​រុករក​ឧស្ម័ន​ក្នុង​ដែនទឹក​របស់​ចិន និង​ករណី​នាវា​ចិន ចំនួន ៣​គ្រឿង​កំពុង​ស្ថិត​ក្នុង​ដែនទឹក​ហ្វីលីពីន មើល​ទៅ​ដូចជា​ការ​ដើរ​ផ្ទុយ​នឹង​ការ​អះអាង​របស់​មេដឹកនាំ​កំពូល​ចិន គឺ​ប្រធានាធិបតី ស៊ី ជីនពីង ដែល​បាន​ថ្លែង​ប្រាប់​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​ជំនួប​កំពូល​ចិន-អាស៊ាន កាលពី​ថ្មីៗ​នេះ​ថា ទោះ​ចិន​ជា​ប្រទេស​ធំ​ជាងគេ​មែន តែ​ចិន​ពុំ​ដែល​មាន​មហិច្ឆតា​រំលោភ​បំពាន​ធ្វើ​បាប និង​ធ្វើ​អនុត្តរភាព​ទៅលើ​ប្រទេស​តូច​ជាង​ខ្លួន​ឡើយ។

មិន​តែប៉ុណ្ណោះ មេដឹកនាំ​ចិន​រូប​នេះ​បាន​ទទូច​សុំ​ឱ្យ​ប្រទេស​អាស៊ាន រួម​គ្នា​នឹង​ប្រទេស​ចិន ក្នុង​ការ​ការពារ​ស្ថិរភាព​ក្នុង​តំបន់​ទៀត​ផង។ តែ​សម្រាប់​ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បាន​ថ្លែង​ថា លោក​មិន​ដែល​ជឿ​សម្ដី​របស់​អ្នក​ណា​ម្នាក់​ទេ គឺ​រង់ចាំ​មើល​ទង្វើ​របស់​អ្នក​នោះ​សិន។ លោក ឌូទើតេ បាន​ទទូច​ថា សូម​ប្រទេស​ធំ​គោរព​ច្បាប់​អន្តរជាតិ​ផង ហើយ​ទុក​ឱកាស​ឱ្យ​ប្រទេស​តូច​រស់នៅ​ក្បែរ​ផង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស