29 C
Phnom Penh

លោក សម រង្ស៊ី ថា​មាន​តែ​កាត់ទោស​លោក កឹម សុខា ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ត្រូវតែ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ដាច់ស្រេច មិន​ត្រូវ​អូស​បន្លាយ​ពេល​ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ថា ការ​ចោទប្រកាន់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​អាច​ទទួលយក​បាន ហើយ​លោក កឹម សុខា ក៏​ជា​ជនរងគ្រោះ​ដ៏​អយុត្តិធម៌​បំផុត​ដែរ​នៅ​ក្នុង​ករណី​នេះ។

លោក សម រង្ស៊ី អះអាង​ថា ការ​ចោទប្រកាន់​បែប​នេះ គ្រាន់តែ​ជា​លេស​ដ៏​អាម៉ាស់​របស់​លោក ហ៊ុន សែន ក្នុង​បំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន សែន ដឹង​ថា បើ​មាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​កាន់​អំណាច​ប្រាកដ​ជា​ចាញ់។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពេល​ណា​មាន​ការ​កាត់ទោស​លោក កឹម សុខា យ៉ាង​ត្រឹមត្រូវ ពេល​នោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​ដោយ​ខ្លួនឯង ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​លោក សម រង្ស៊ី

ការ​អះអាង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ថា លោក​បាន​រំលាយ​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពេល​ដែល​លោក​ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​ចាស់​របស់​ខ្លួន គឺ​គណបក្ស​ភ្លើង​ទៀន កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ Facebook របស់​កញ្ញា​ថា នាង​និង​ឪពុក​របស់​នាង គឺ​លោក កឹម សុខា កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​រង​ការ​ចោទប្រកាន់​ពី​គណបក្ស​កាន់​អំណាច​កន្លងមក​ដោយ​ខ្លួនឯង​ហើយ ដូច្នេះ​លោក សម រង្ស៊ី មិន​ចាំបាច់​ដោះស្រាយ​ឱ្យ​ពួកគេ​ទេ សូម​ដោះស្រាយ​បញ្ហា​ខ្លួន​លោក​ចុះ។

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ លើកឡើង​ថា នៅ​ពេល​ដែល​លទ្ធិប្រជាធិបតេយ្យ និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បក្ស​កាន់​អំណាច​កម្ទេច​ចោល លោក សម រង្ស៊ី មិន​មាន​លទ្ធភាព និង​សមត្ថភាព​តស៊ូ​មតិ​ដើម្បី​គណបក្ស​នោះ​ទេ ប៉ុន្តែ​លោក សម រង្ស៊ី បែរជា​អះអាង​ថា លោក​ជា​អ្នក​ដឹកនាំ​ការ​តស៊ូ​មតិ​ដើម្បី​បក្ស និង​ដើម្បី​ឥស្សរជន​នយោបាយ​របស់​បក្ស​ប្រឆាំង​ទាំងអស់​នោះ​ទៅវិញ។

កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា លោក សម រង្ស៊ី បោកប្រាស់​បាន​តែ​ពលរដ្ឋ​ស្លូតត្រង់​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​ខ្លះ​មិន​បាន​ដឹង និង​មិន​យល់​ពី​សាច់រឿង​ពិត​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ធ្វើ​នៅ​ខាង​ក្រោយ​ឆាក​នៃ​ការ​សម្ដែង​នោះ​ទេ ដូច្នេះ​ដើម្បី​ការ​រួបរួម​ជាតិ និង​សុភមង្គល​របស់​ពលរដ្ឋ​ខ្មែរ លោក សម រង្ស៊ី គួរតែ​ឈប់​ព្យាយាម​បន្លំ​ពលរដ្ឋ​ខ្លួនឯង​ទៀត​ទៅ។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ធ្នូ ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី គឺ​ក្នុង​ចេតនា​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ​ថា​គាត់​ព្យាយាម​ជួយ​ដោះស្រាយ​បញ្ហា​លោក កឹម សុខា ប៉ុន្តែ​តាមពិត គឺ​ក្នុង​គំនិត​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​សកម្មភាព​នានា​ដែល​លោក សម រង្ស៊ី បាន​រំលោភ​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក គឺ​ល្មម​គ្រប់គ្រាន់​អាច​បញ្ជាក់​ពី​បំណង​បំបែក​ស្មារតី​សង្គ្រោះ​ជាតិ​បាន​ហើយ។

លោក ហ៊ុន កុសល អំពាវនាវ​ឱ្យ​លោក សម រង្ស៊ី និង​សហការី​របស់​គាត់ បញ្ឈប់​នូវ​នយោបាយ​យក​ភាព​រងគ្រោះ​របស់​សកម្មជន​ស្លូតត្រង់​មក​ធ្វើជា​ខ្ទង់​ចំណាយ ដើម្បី​ថ្កោលទោស​លោក ហ៊ុន សែន យក​មុខ​បង្កើត​ប្រជាប្រិយភាព​សម្រាប់​ខ្លួន និង​បក្ខពួក​បន្ត​ទៀត ព្រោះ​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​បាន​ធ្វើ ល្មម​គ្រប់គ្រាន់​សម្រាប់​អន្តរជាតិ​ថ្កោលទោស​បាន​ហើយ មិន​គួរ​លោក សម រង្ស៊ី រុញច្រាន​ស្ថានការណ៍​ឱ្យ​កាន់តែ​អាក្រក់ ដែល​ធ្វើ​ឱ្យ​សកម្មជន​របស់​ខ្លួន​រងគ្រោះ​ដោយសារ​តែ​ទង្វើ​របស់​ខ្លួន​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ អតីត​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន ធ្លាប់​បាន​រិះគន់​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ថា ខណៈ​លោក កឹម សុខា កំពុង​ជាប់​ឃុំឃាំង ហើយ​គណបក្ស​ប្រឈម​នឹង​ការ​រំលាយ ប៉ុន្តែ​លោក សម រង្ស៊ី បាន​នាំគ្នា​រត់​ចោល​ស្រុក បោះបង់​ចោល​សមរភូមិ​នយោបាយ ដែល​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​បក្ស​កាន់​អំណាច​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​លើ​គណបក្ស​ប្រឆាំង និង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ ជាពិសេស​គឺ​លើ​រូបលោក កឹម សុខា ផ្ទាល់​តែម្តង។

អតីត​ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន (ឆ្វេង)

លោក យឹម ស៊ីណន បញ្ជាក់​ថា លោក សម រង្ស៊ី មិនមែន​ជា​អ្នក​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ធាតុ​ពិត លោក សម រង្ស៊ី ជា​អ្នក​បំផ្លាញ​បក្ស​អ្នក​ប្រជាធិបតេយ្យ​ធំ​បំផុត​នៅ​កម្ពុជា តាំងពី​ទសវត្ស​ទី​៩០ ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេលនេះ។

អតីត​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ​បញ្ជាក់​ថា ទីបំផុត នៅ​ពេលនេះ​លោក សម រង្ស៊ី បាន​បញ្ជាក់​កាន់តែ​ច្បាស់​ហើយ​នៅ​ពេល​លោក​ងាក​ទៅ​គាំទ្រ​បក្ស​ចាស់ គឺ​គណបក្ស​ភ្លើង​ទៀន​របស់​លោក​វិញ ដែល​អាច​បញ្ជាក់​បាន​ថា លោក​មិន​គាំទ្រ​ឱ្យ​មាន​ស្មារតី​សង្គ្រោះ​ជាតិ «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» បន្ត​ទៀត​នោះ​ទេ។ ករណី​នេះ ក៏​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា លោក សម រង្ស៊ី គឺជា​អ្នក​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ ក្បត់​ប្រធាន​បក្ស លោក កឹម សុខា ក្បត់​សមាជិក​សមាជិកា និង​ក្បត់​ឆន្ទៈ​រាស្ត្រ​ម្ចាស់​ឆ្នោត​ឆ្នាំ​២០១៣ ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រហូត​មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស