38 C
Phnom Penh

មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​នៅតែ​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ជា​រដ្ឋ​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​អំពី​ជំនួប​របស់​លោក​ក្នុង​រយៈពេល​ចុងក្រោយ​ជាមួយ​អ្នក​ការទូត​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ខណៈ​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់ការ​បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​នោះ។

នៅ​ក្នុង​សារ​ចុងក្រោយ​មួយ​ទៀត​ដែល​ត្រូវ​បាន​មើល​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្ដែង​ការ​អរគុណ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​នានា​ដែល​កើត​មាន​នៅ​កម្ពុជា ក៏ដូចជា​សហរដ្ឋ​អាមេរិក។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបភាព​ពី​ហ្វេសប៊ុក​លោក កឹម សុខា)

សារ​របស់​លោក កឹម សុខា បាន​បញ្ជាក់​ថា មិន​ខុស​គ្នា​ពី​ឯកអគ្គរដ្ឋទូត និង​អ្នក​ការទូត​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដែល​ទើប​តែ​បាន​ជួប​រូបលោក​កាលពី​សប្តាហ៍​មុន ក្នុង​ខែ​វិច្ឆិកា កន្លង​ថ្មីៗ​នេះ​ទេ គឺ​តែងតែ​លើក​យក​មក​ពិភាក្សា​ជាមួយ​រូបលោក​អំពី៖

  • បញ្ហា​សេដ្ឋកិច្ច
  • ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល និង​ក្រោយ​ពេល​ជំងឺ​កូវីដ-១៩
  • តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២
  • និង​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ផង​ដែរ។

ចំណែក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ទ្វីតធឺ (Twitter) របស់​លោក​ដោយ​បញ្ជាក់​ថា លោក​តែងតែ​រីករាយ​ចំពោះ​ការ​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម កឹម សុខា។

លោក Patrick Murphy បាន​សរសេរ​ថា ភាគី​ទាំង​ពីរ​បាន​ជួប និង​ពិភាក្សា​គ្នា​អំពី៖

  • ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ
  • បញ្ហា​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ
  • និង​នៅ​ឆ្នាំ​ក្រោយ​ដែល​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន។

សារ​របស់​លោក Patrick Murphy នៅតែ​ចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ជា​រដ្ឋ​ឯករាជ្យ។ តែ​យ៉ាងណា ក្នុង​ជំនួប​ដែល​ចាត់ទុក​ថា​មាន​លក្ខណៈ​ពិសេស​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ពុំ​បាន​រំលេច​ទេ​អំពី​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ដែល​បាន​ដើរ​ដល់​ផ្លូវបំបែក​ហើយ​នោះ។

ប៉ុន្តែ​ជា​ការ​កត់សម្គាល់ គឺ​លោក Patrick Murphy ដែល​ជួប​លោក កឹម សុខា ជា​ថ្មី​ម្ដង​ទៀត​នេះ កើតឡើង​ទន្ទឹម​គ្នា​នឹង​កម្លាំង​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​ប៉ូល​នយោបាយ​ដ៏​ធំ​ប្រឆាំង​ការ​ដឹកនាំ​ផ្ដាច់ការ បាន​ឈាន​ដល់​ការ​បែកបាក់​គ្នា។

ជំនួប​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា​សច្ចា​ថា​នឹង​នៅ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​យ៉ាង​តិច ១០​ឆ្នាំ​ទៀត​ជាមួយ​នឹង​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ចំពោះមុខ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​ទាំង​ឧបនាយករដ្ឋមន្ត្រី​ទី​១ លោក ស ខេង ដែល​លោក​ថា លោក​សូម​ចាត់តាំង​ទុក​ជា​មុន គឺ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ឱ្យ​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ពេល​ណា​លោក​សម្រេច​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អាណត្តិ​ក្រោយៗ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស