29 C
Phnom Penh

លោក ហ៊ុន សែន៖ បើ​គ្មាន​ថ្ងៃ​២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេ កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ ធ្នូ ឆ្នាំ​១៩៧៨ និង​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ទេ​នោះ ប្រទេស​កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ ដែល​ព្រឹត្តិការណ៍​នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

មេដឹកនាំ​កម្ពុជា​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​កងទ័ព​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ក្រោយ​ការ​អំពាវនាវ​របស់​រណសិរ្ស ២ ធ្នូ ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​បាន​ក្រោក​ឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ការ​គាំទ្រ​ពី​មិត្តភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

លោក ហ៊ុន សែន អះអាង​ថា ជ័យជម្នះ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ របស់​បក្ស​កាន់​អំណាច បាន​បញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​ឱកាស​ដើម្បី​ស្ដារ កសាង​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ។

ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​បែប​នេះ ធ្វើឡើង​ដើម្បី​រំឭក​ខួប​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​មាន​អាយុ​ជាង ៤០​ឆ្នាំ​ហើយ បើ​គិត​ត្រឹម​ឆ្នាំ​២០២១ នេះ។

នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ប្រារព្ធ​ខួប ៤៣​ឆ្នាំ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ប្រែ​ឈ្មោះ​ទៅ​ជា​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ដោយ​លោក ហេង សំរិន លោក ជា ស៊ីម និង​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​របស់​កងទ័ព​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ក្រុង​ព្រះសីហនុ ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ វិច្ឆិកា នេះ​ថា ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ការ​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ​ប៉ុណ្ណោះ ព្រោះ​ថា​លោក ហ៊ុន សែន តែងតែ​អួត​ពី​ព្រឹត្តិការណ៍ ២ ធ្នូ ឆ្នាំ​១៩៧៨ ច្រើន​ណាស់។ ប៉ុន្តែ​រឿងរ៉ាវ​ដ៏​អាក្រក់​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​នេះ មេដឹកនាំ​ខ្មែរ​រូប​នេះ​តែង​ព្យាយាម​បិទ​បាំង​ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​រហូត​មក ហើយ​អ្នក​ដែល​ចេញ​មុខ​បកអាក្រាត​រឿង​នេះ ក៏​ត្រូវ​មេ​បក្ស​កាន់​អំណាច​ចាប់​ខ្លួន​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា បើ​ប្រៀបធៀប​ព្រឹត្តិការណ៍ ២ ធ្នូ និង​ថ្ងៃ​រំដោះ ៧ មករា របស់​បក្ស​កាន់​អំណាច​ជាមួយ​នឹង​ព្រឹត្តិការណ៍​បញ្ចប់​វិបត្តិ​នយោបាយ ២៣ តុលា ឆ្នាំ​១៩៩១ បង្ហាញ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ព្រឹត្តិការណ៍​ពិតប្រាកដ​សម្រាប់​ខ្មែរ និង​ប្រទេស​ជាតិ​ទាំងមូល ត្បិត​បើ​គ្មាន «២៣ តុលា ១៩៩១» ទេ នោះ​ប្រទេស​កម្ពុជា​ក៏​មិន​អាច​បញ្ចប់​សង្គ្រាម​ជម្លោះ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ដែរ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ព្រឹត្តិការណ៍ ២ ធ្នូ និង​ថ្ងៃ​រំដោះ ៧ មករា គ្រាន់តែ​ជា​ព្រឹត្តិការណ៍​សង្គ្រោះ​បន្លំ​ភ្នែក​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ព្រោះ​ថា​ព្រឹត្តិការណ៍​នេះ​គឺជា​ផែនការ​ដ៏​ធំ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​បំណង​ឈ្លានពាន​ទឹកដី​កម្ពុជា ដោយ​ប្រើប្រាស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​មេដឹកនាំ​លោក ហ៊ុន សែន ជាដើម ដើម្បី​ជួយ​សម្រួល​គ្រប់​បែប​យ៉ាង​ក្នុង​ការ​សម្រេច​ផែនការ​ឈ្លានពាន​របស់​ពួកគេ។

ជា​រៀងរាល់​ឆ្នាំ គណបក្ស​កាន់​អំណាច​តែង​ប្រារព្ធ​ទិវា​ដឹងគុណ​ថ្ងៃ​ទី​២ ធ្នូ និង​ថ្ងៃ​ទី​៧ មករា ហើយ​កាលពី​ឆ្នាំ​២០១៣ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​កាន់​អំណាច ក៏​ធ្លាប់​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ផង​ដែរ ដើម្បី​ផ្ដន្ទាទោស​អ្នក​ណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៧០ នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស