38 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ផ្សះផ្សា​ជាតិ​ដើម្បី​បំពេញ​បំណង​ចុងក្រោយ​សម្ដេច​ក្រុមព្រះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បំពេញ​បំណង​ចុងក្រោយ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ការ​ប្រកាស​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​របស់​ខ្មែរ​ចាប់ពី​ពេលនេះ​តទៅ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ថា បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​គោរព​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​សោកស្ដាយ​ទ្រង់​ដោយ​ស្មោះត្រង់​មែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គួរ​បំពេញ​បំណង​របស់​សម្ដេច​ក្រុមព្រះ​ជា​លើក​ចុងក្រោយ ព្រោះ​ថា​ទ្រង់​ចង់​ឃើញ​កម្ពុជា​មាន​ការ​ផ្សះផ្សា​នយោបាយ​ដោយ​ពិតប្រាកដ។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា បើ​មិន​អាច​ផ្ដល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ទេ យ៉ាងហោចណាស់​ក៏​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ទម្លាក់​ចោល​បទ​ចោទប្រកាន់ ផ្ដល់​សេរីភាព​ជូន​អ្នកនយោបាយ​ជាប់​បម្រាម និង​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ។ ត្បិត​ទង្វើ​ទាំងនោះ ក៏​ជា​ការ​ផ្សះផ្សា​នយោបាយ​ជាតិ​មួយ ដើម្បី​ជូនដំណើរ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ចុងក្រោយ​ក្នុង​នាម​ព្រះអង្គ​ធ្លាប់​ជា​មេដឹកនាំ​ជាតិ​មួយ​រូប។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​ទី​២ ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣-១៩៩៨។ រូបថត AFP

លោក​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​បើ​ចិត្ត​ទូលាយ​ផ្សះផ្សា​ជាតិ ដោយ​ចាត់ទុក​ថា​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ធំ​មួយ​ដើម្បី​បង្កើត​កុសល​ជូន​ជាតិ​ផង ជា​ការ​គោរព​ព្រះ​រាជបល្ល័ង្ក​ផង និង​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ទ្រង់​ធ្លាប់​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​១ អតីត​ប្រធាន​រដ្ឋសភា​ជាតិ និង​ជា​ដៃគូ​នយោបាយ​របស់​លោក ហ៊ុន សែន ផង​នោះ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​លិខិត​រំលែក​ទុក្ខ​ក្នុង​ឱកាស​នៃ​ការ​ចូល​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ការ​ចូល​ទិវង្គត​របស់​ព្រះអង្គ គឺជា​ការ​បាត់បង់​នូវ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏​ឆ្នើម​មួយ​អង្គ ដែល​ទ្រង់​ពេញ​ព្រះទ័យ​ចំពោះ​ជាតិ​មាតុភូមិ​ប្រកប​ដោយ​មនសិការ​មោះមុត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨៥ មក បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ និង​ដើម្បី​កាន់កាប់​អំណាច​ផ្ដាច់មុខ​តែ​ម្នាក់​ឯង​យូរអង្វែង​ទៅ​ថ្ងៃ​មុខ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់​បង្កើត​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​រំលាយ​កម្លាំង​ទ័ព​រាជា​និយម «ហ៊្វុនស៊ិនប៉ិច» របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ។

បែប​នេះ​ក្តី សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន នៅតែ​បន្ត​ជំរុញ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​សេចក្តី​សុខ​របស់​ពលរដ្ឋ​ខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស