30.1 C
Phnom Penh

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ?

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។

លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​នឹង​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​ទៀត​ដែរ។

កម្ពុជា​ប្ដេជ្ញា​កាត់បន្ថយ​ការ​បាត់បង់​ព្រៃឈើ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០៣០ និង​ចូលរួម​មិន​ឱ្យ​មាន​ការ​បញ្ចេញ​ឧស្ម័ន​ពី​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៤០។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​កម្ពុជា លោក សាយ សំអាល់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លាហ្កូ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន ដើម្បី​លើក​កម្ពស់​សកម្មភាព​បញ្ចេញ​កាបូន​តិច មាន​ភាព​ធន់​នឹង​អាកាសធាតុ និង​មាន​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​សន្និសីទ COP26 ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​សន្និសីទ COP21 នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​ថា​រដ្ឋាភិបាល​ខ្មែរ​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​របស់​ខ្លួន​នៅឡើយ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ គឺ​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

ចាប់ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា មក ប្រទេស​ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ មាន​ចំនួន ១៣៧​ប្រទេស​ហើយ​នៅ​ពេលនេះ ខណៈ​ចាប់ផ្តើម​ដំបូង​មាន​ត្រឹម​តែ ១៣១​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​រហូត​មក​ទល់នឹង​ពេលនេះ ប្រទេស​កម្ពុជា​នៅតែ​មិនទាន់​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​នៅឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​រយៈពេល ១០​ឆ្នាំ​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យ​បាន ១​ពាន់​លាន​ដើម ព្រោះ​ថា​ព្រៃឈើ​មាន​តួនាទី​សំខាន់​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប៉ុណ្ណោះ​ទេ ក៏​អាច​ជួយ​កាត់បន្ថយ​គ្រោះ​ទឹកជំនន់ ការ​ទាក់ទាញ​ឱ្យ​មាន​ទឹកភ្លៀង​ទៀងទាត់ និង​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស