28 C
Phnom Penh

អង្គការ​ការពារ​បរិស្ថាន​ទាមទារ​ឲ្យ​កម្ពុជា​គោរព​សន្យា​រក្សា​គម្រប​ព្រៃឈើ​និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមាគម​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ជាច្រើន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​សន្និសីទ COP21 នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ដឹកនាំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ​អនុវត្ត​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​នោះ។

ប្រភព​ដដែល​អះអាង​ថា ការ​ចូលរួម​ការពារ​ព្រៃឈើ​របស់​ភាគី​ពាក់ព័ន្ធ រួម​មាន​សហគមន៍​មូលដ្ឋាន សកម្មជន​បរិស្ថាន អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​អាច​រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០​ភាគរយ​ត្រឹម​ឆ្នាំ​២០៣០ ខាងមុខ។

អង្គការ​សមាគម​ការពារ​បរិស្ថាន​ទាំងនេះ​បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ក្នុង​ការ​អភិរក្ស ថែរក្សា ការពារ​ធនធាន​ធម្មជាតិ ស្របតាម​រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ស្ដីពី​ព្រៃឈើ ជាដើម។

អង្គការ​សមាគម​ដដែល​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ COP26 ដាក់​សម្ពាធ​ទៅកាន់​សហភាព​អឺរ៉ុប​ផង​ដែរ ដើម្បី​ឱ្យ​បញ្ឈប់​ការ​នាំចូល​ឈើ​ពី​ប្រទេស​វៀតណាម ព្រោះ​ថា​ប្រទេស​វៀតណាម ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ និង​នាំចូល​ឈើ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ដូចជា​សមាគម​ព្រៃឈើ​ភ្នំ​សេះ ខេត្ត​ក្រចេះ សមាគម​ការពារ​ដីធ្លី​ខេត្ត​កោះកុង និង​សមាគម​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន​គ្រប់​រូបភាព​បន្ត​ទៀត។

ចាប់ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក មាន​ប្រទេស​ជាង ១៣០ ហើយ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow COP26 ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ ដើម្បី​ទប់ទល់​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ក្នុង​នោះ​រួម​មាន​ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​វៀតណាម ជាដើម ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ កម្ពុជា​នៅ​មិនទាន់​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នេះ​ជាមួយ​ប្រទេស​ទាំងនោះ​នៅឡើយ​ទេ។

ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (The Global Initiative Against Transnational Organized Crime) បាន​ចេញ​របាយការណ៍​កម្រាស់​ជិត ៤០​ទំព័រ​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ថា​នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ ៥៥​ម៉ឺន ៧​ពាន់​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ដែល​រង​ការ​កាប់​បំផ្លាញ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​កាន់កាប់​ដោយ​ជនជាតិ​វៀតណាម។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​អន្តរជាតិ​ខាងលើ​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្រុមហ៊ុន​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ រួម​មាន៖

  • ក្រុមហ៊ុន Think Biotech
  • ក្រុមហ៊ុន Angkor Plywood
  • ក្រុមហ៊ុន Sam Oeun Sovann
  • ក្រុមហ៊ុន PNT
  • និង​ក្រុមហ៊ុន Thy Nga Development ជាដើម ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​បច្ចុប្បន្ន​នេះ។

ប្រភព​ដដែល​ព្រមាន​ថា បើ​ទោះបី​ប្រទេស​កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​បាន​ទទួល​រង​នូវ​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស