31 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​និយម​វ៉ាក់សាំង​ចិន​រិះគន់​អូស្ត្រាលី​យឺតយ៉ាវ​ផ្ដល់​ជំនួយ​វ៉ាក់សាំង Pfizer មក​ឲ្យ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចោទ​សួរ​ទៅ​អូស្ត្រាលី ថា​តើ​នៅ​ពេល​ណា​ដែល​ប្រទេស​នេះ​ធ្វើការ​ចែកចាយ​វ៉ាក់សាំង Pfizer ចំនួន ២​លាន​ដូស​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន ខណៈ​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​និយាយ​ថា នឹង​បន្ត​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ថែមទៀត។

សារព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី The Sydney Morning Herald បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា មេដឹកនាំ​កម្ពុជា​កាន់​អំណាច​ដ៏​យូរ​នេះ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ភ្នំពេញ ខណៈ​លោក​រំឭក​ការ​សន្យា​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង​មក​ឱ្យ​កម្ពុជា ដែល​លោក​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ​មិន​ចោល​ទេ​ភាព​អួតអាង​របស់​ខ្លួន ដែល​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​សមាគម​អាស៊ាន​ដែល​ជោគជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន។

លោក ហ៊ុន សែន បញ្ជាក់​ថា អូស្ត្រាលី​បាន​សន្យា​ផ្ដល់​ជំនួយ​វ៉ាក់សាំង Pfizer មក​ឱ្យ​កម្ពុជា ហើយ​ពេលនេះ គឺ​មិនទាន់​មក​ដល់ ហើយ​មិន​ច្បាស់​ទៀត​ថា​នឹង​មាន​ឬ​អត់។

លោក​ថា បើ​ដូចនេះ គឺ​កម្ពុជា​មាន​តែ​បន្ត​ទិញ​វ៉ាក់សាំង Sinovac ពី​ប្រទេស​ចិន​ថែមទៀត។ លោក​បន្ត​ថា បើ​តាម​លោក​ដឹង គឺ​កម្ពុជា​មិនទាន់​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ចាក់​ទៅ​ឲ្យ​ពលរដ្ឋ ហើយ​វា​អាច​ប្រើ​ដល់​ទៅ ៣​ឆ្នាំ​ទៀត។

ប្រភព​ដ៏​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​សួរនាំ​ទៅ​មន្ត្រី​អូស្ត្រាលី ថា​តើ​ជំនួយ​វ៉ាក់សាំង​នេះ​នឹង​មក​ដល់​ពេលណា។

យ៉ាងណា ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា ស្ថានទូត​មិន​ដឹង​ថា​វ៉ាក់សាំង​នេះ​នឹង​មក​ដល់​នៅ​ពេលណា​នោះ​ទេ។

អូស្ត្រាលី មិនមែន​ជា​ប្រទេស​ប្រកាស​លក់​វ៉ាក់សាំង​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ​សន្យា​ថា​នឹង​ចែកចាយ​វ៉ាក់សាំង​ចំនួន ៦០​លាន​ដូស​ទៅ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ជំនួយ​នេះ​នឹង​មាន​ដល់​ទៅ​ចុង​ឆ្នាំ​២០២២។ តែ​មក​ដល់​ពេលនេះ អូស្ត្រាលី​បាន​បញ្ចេញ​វ៉ាក់សាំង Pfizer ចំនួន​ជិត ៦​លាន​ដូស​ក្នុង​ចំនួន ៦០​លាន​ដូស​ដែល​បាន​សន្យា។

ប្រទេស​កម្ពុជា​ដែល​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ចិន​ច្រើន​ជាងគេ ទាំង​ទៅ​លើ​កុមារ​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើង​ទៅ​រហូត​ដល់​មនុស្ស​ចាស់ និង​វ៉ាក់សាំង​ជំនួយ​ពី​អាមេរិក អង់គ្លេស ជប៉ុន តាមរយៈ​កម្មវិធី COVAX នៃ​អង្គការ​សុខភាព​ពិភពលោក បាន ៨៥% ហើយ​នៃ​ប្រជាជន ១៦​លាន​នាក់។

លោក អៀ សុផល អ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន រិះគន់​ប្រទេស​អូស្ត្រាលី គឺជា​តាក់ទិច​របស់​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ។ លោក​ថា លោក ហ៊ុន សែន កំពុង​លេង Game ជាមួយ​នឹង​ការ​និយាយ​បែប​ចំអក​ថា បើ​អ្នក​មិន​ឱ្យ​កម្ពុជា​ទេ គឺ​កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ពី​ចិន​ថែមទៀត។ ចិន និង​អូស្ត្រាលី នៅ​ពេលនេះ​កំពុង​មាន​ជម្លោះ​ការទូត​ផង និង​ជម្លោះ​ពាណិជ្ជកម្ម​ផង។

អូស្ត្រាលី ជា​ប្រទេស​មួយ​ឈាន​មុខ​គេ​ប្រឆាំង​ការ​គំរាមកំហែង​របស់​ចិន លើ​ដែន​កោះ​តៃវ៉ាន់។ សម្រាប់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង ត្រូវ​ក្រុម​ប្រឆាំង​ចាត់ទុក​ថា​ជា​អាយ៉ង​ចិន។ មេដឹកនាំ​កម្ពុជា​រូប​នេះ​តែងតែ​សរសើរ​ចិន​ជា​ខ្លាំង​ក្នុង​ការ​ជួយ​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា។

វ៉ាក់សាំង​ចិន​ដែល​ពលរដ្ឋ​កម្ពុជា​ស្ទើរ​ទូទាំង​ប្រទេស​បាន​ចាក់​នោះ គឺ​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម។ វ៉ាក់សាំង​ដែល​ពុំសូវ​មាន​ប្រសិទ្ធភាព​នេះ គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ប្រកាស​លែង​ប្រើ​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស