28 C
Phnom Penh

ភាគ​៩៖ តើ​អ្វី​ទៅ​ជា​បណ្ដាញ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កូចាម៉ា (KOJAMA)?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​យុវជន​បក្ស​ក្រៅ​ប្រទេស យក​ធនធាន​បាន​មកពី​អ្វី​ទៅ​ជួយ​ឧបត្ថម្ភ? ក្នុង​ភាគ​ទី​៩ លោក ហាស់ សាន សូម​ពិនិត្យ​មើល​របៀប​រៀបចំ​នៅ​អាស៊ី និង​អាស៊ី​អគ្នេយ៍ ហើយ​មនុស្ស​បែប​ណា​គ្រប់គ្រង​ត្រួតត្រា​បណ្ដាញ​ក្រៅ​ប្រទេស​ទាំងនោះ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ទៅ​ខាងក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​ប្រទេស ហើយ​បែង​ក្រឡា​ចែកចាយ​ទៅ​ឲ្យ​កូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បី​រក​ប្រយោជន៍​ចែក​គ្នា។

ក្នុង​រយៈកាល​រាប់​ទសវត្ស​កន្លងមក​នេះ បក្ស​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​នេះ បាន​ជាប់​ឈ្មោះ​អាស្រូវ​ទាក់ទង​នឹង​អំពើពុករលួយ គ្រឿងញៀន​រត់​ពន្ធ​ឆ្លងកាត់​ប្រទេស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក លើ​ដី ក្រោម​ដី រួម​នឹង​រឿង​រំលោភ​សិទ្ធិមនុស្ស។

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប្រធាន​បក្ស​ប្រជាជន​កម្ពុជា បាន​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​ទុច្ចរិត​ជិតស្និទ្ធ​នឹង​លោក រួម​ដៃ​ជាមួយ​នាហ្មឺន មន្ត្រី ឧត្តមសេនីយ៍​ពុករលួយ​មួយ​ចំនួន ធ្វើ​អាជីវកម្ម​រក​ផល​ចំណេញ​យក​ទៅ​ពង្រឹង​បក្ស និង​ពួក​ក្តាប់​អំណាច ដើម្បី​ពង្រឹង ហើយ​ពង្រីក​អំណាច (political patronage)។ មាន​ធនធាន​ខ្លះ​បាន​មកពី​ការ​រកស៊ី​រត់​ពន្ធ គេច​ពន្ធ លាង​លុយ​កខ្វក់​តាម​បន​ល្បែងស៊ីសង កាស៊ីណូ ទិញ លក់ ដោះដូរ​អចលនទ្រព្យ ដូចជា​ដីធ្លី ផ្ទះសម្បែង ជាដើម។ ធនធាន​ទាំងអស់​នេះ​រួម​នឹង​វិភាគទាន​ពី​ពាណិជ្ជករ​ធំៗ​មាន​ខ្សែ​ជិតស្និទ្ធ​នឹង​អ្នក​មាន​អំណាច ដែល​គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រើប្រាស់​ដើម្បី​ឧបត្ថម្ភ​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​បង្កើត​ជា​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស។ ក្រៅពី​ធនធាន​ទាំងនោះ មាន​ធនធាន​បាន​មកពី​ពាណិជ្ជករ អាជីវករ​រស់នៅ​បរទេស​ដែល​ស្ម័គ្រចិត្ត​បម្រើ​បក្ស។

ឥទ្ធិពល​នៃ​បក្ស​ប្រជាជន​កម្ពុជា បាន​រាតត្បាត​ទៅ​ដល់​ទឹកដី​អាមេរិក​ខាងជើង ដូចជា​សហរដ្ឋ​អាមេរិក និង​កាណាដា ទឹកដី​សហភាព​អឺរ៉ុប ដូចជា​បារាំង អាល្លឺម៉ង់ អង់គ្លេស ស្វីស បែលហ្សិក ហុឡង់ដ៍ ជាដើម។ នៅ​តំបន់​អាស៊ី និង​អាស៊ី​អាគ្នេយ៍ មាន​ដូចជា​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី ជាដើម ហើយ​និង​ទ្វីប​អូសេអានី មាន​អូស្ត្រាលី និង​នូវែលហ្សេឡង់។

នៅ​ប្រទេស​ថៃឡង់ដ៍ ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា កូនប្រុស​លោក ហ៊ុន សែន ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានី ដែល​គ្រប់គ្រង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ព្យាយាម​បង្កើត​សហជីព​ក្នុង​ប្រទេស​ថៃឡង់ដ៍ ថា​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក ដែល​ធ្វើការ​តាម​រោង​កាប់​មាន់ ទា សាច់ជ្រូក​ដាក់​កេះ​ក្នុង​ខេត្ត​មួយ​ចំនួន។ រដ្ឋាភិបាល​ថៃ មិន​អនុញ្ញាត​ឲ្យ​បង្កើត ពីព្រោះ ហ៊ុន ម៉ានី ជា​សមាជិក​រដ្ឋសភា ជា​កូន​ប្រមុខ​រដ្ឋាភិបាល មិនមែន​ជា​ជនស៊ីវិល។

ក្រៅពី​ប្រទេស​ថៃឡង់ដ៍ ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល បាន​បង្កើត​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី។ គេ​ប្រសិទ្ធិនាម​ជា​ពាក្យ​ហៅ​កាត់​ថា កូចាម៉ា (KOJAMA) ឬ កូរ៉េ ជប៉ុន ម៉ាឡេស៊ី។ អ្នក​ជួយ​ជ្រោមជ្រែង​ប្រមែប្រមូល​យុវ​ពលករ​ចូលរួម​គាំទ្រ គឺ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ឡុង ឌីម៉ង់ កូនប្រុស​លោក ឡុង វិសាលោ មន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

កូចាម៉ា ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​ឈ្មោះ ហេង សួរ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ហេង សួរ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស​ប្រជាជន​កម្ពុជា (CPP Central Committee) និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី។ សមាជិក​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​កូចាម៉ា មាន​ពលករ សិស្ស និស្សិត ដែល​ឧស្សាហ៍​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​ហ៊្សូម (ZOOM)។ កិច្ចប្រជុំ​ថ្ងៃ​ទី​២៩ កក្កដា ២០២១ ធ្វើឡើង​ក្រោម​អធិបតីភាព​ឈ្មោះ សេង សក្តា អនុប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ាឡេស៊ី។ អ្នក​គ្រប់គ្រង​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ដូចជា​ឈ្មោះ ហេង សួរ ជាដើម មិន​បាន​ធ្វើ​ឲ្យ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឬ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឈ្មោះ​ល្បី​ល្អ​នោះ​ទេ ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​នយោបាយ​នៅ​ក្រៅ​ប្រទេស។

មក​ទល់​នឹង​ដើម​ឆ្នាំ​២០២១ ក្រោយ​ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​ខាងត្បូង ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មាន​ចំនួន​ប្រមាណ ៧​ម៉ឺន​នាក់ ហើយ​ក្នុង​ចំនួន​នេះ​មាន ១​ម៉ឺន ៥​ពាន់​នាក់​ជា​នារី​ភេទ។ ក្នុង​កិច្ចប្រជុំ​មួយ​រៀបចំ​ដោយ​ឯកអគ្គរាជទូត ឡុង ឌីម៉ង់ តាម​ប្រព័ន្ធ​ហ៊្សូម រវាង​ពលករ និស្សិត ស្ត្រី​រៀបការ​ប្តី​កូរ៉េ​នៅ​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ទី​២៦ មិថុនា ២០២១ និង​ឈ្មោះ ហេង សួរ សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី គឺ៖ «ពិភាក្សា​ការងារ​ជាមួយ​ប្រធាន និង​អនុប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​នៅ​តាម​តំបន់​នៃ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ក្រុម​ការងារ​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រធាន​សមាគម​គាំពារ​ពលករ​ខ្មែរ​នៅ​តាម​តំបន់​អំពី​ផែនការ​សកម្មភាព​ការងារ និង​បាន​លើកឡើង​ពី​ចំណុច​ខ្លាំង និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​សមាជិក​បក្ស​ចាស់ និង​ចងក្រង​កសាង​សមាជិក​ថ្មី​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ដើម្បី​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ធ្វើការ​ជួយ​សម្របសម្រួល និង​ដោះស្រាយ។»

អ្នក​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​ហ៊្សូម​ខ្លះ​ចេញ​មុខ ខ្លះ​លាក់​មុខ មាន​ដូចជា​ឈ្មោះ៖

  • អុល ពេជ្រចរិយា
  • ជា សុខនី
  • តាំង ផេង រិទ្ធី
  • ឃឹម សូសម្រេច
  • បញ្ញា
  • ឡោ សុភារិទ្ធ
  • សុផាណារិទ្ធ
  • ជា ចិនចិន
  • អ៊ូច ស៊ិមពេជ្រកន្និកា
  • អាន ប៊ុណ្ណា
  • ម៉ៅ ស្រីដានុត
  • សេរី វិបុល
  • ហៃ ហ៊ុនឡេង
  • អំ សុផល
  • ញ៉ុត ឧត្តម
  • ទុយ ដារិទ្ធ
  • សុខ សាន
  • ជុំ ធីតា
  • អ៊ុង សៀងរិទ្ធី
  • អាន ប៊ុនហាក់
  • ឈុន ធាវី
  • កែវ រស្មី
  • ទូច ដាណា
  • ហុង ជឿន
  • ឃុន ចណ្ណារិទ្ធ
  • និង ភឹម សេរីរតន៍ ជាដើម។ល។

សកម្មភាព​ពី​ក្រុម​មន្ត្រី​ក្រសួង​នៃ​រាជរដ្ឋាភិបាល ស​ឲ្យ​ដឹង​ថា បក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​បណ្ដាញ​សាខា​ក្រុម​ការងារ​របស់​គេ ត្រួតត្រា ក្តោបក្តាប់ តាមដាន​ពលករ​ខ្មែរ​នៅ​បរទេស​ឥត​ឈប់ឈរ​ក្នុង​ន័យ​ក្លែង​បំភ័ន្ត​ថា គេ​យកចិត្ត​ទុកដាក់​នឹង​ពលករ​ចំណាកស្រុក។

ចំណុច​សំខាន់​ដែល​សាធារណជន​មិន​បាន​ដឹង តើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជូន​សមាជិក​បក្ស​របស់​ខ្លួន​ទៅ​ធ្វើ​ពលករ​ក្រៅ​ស្រុក ឬ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើការ​ដោយ​មិន​ប្រកាន់​បក្សពួក?

ទោះ​ជា​បែប​ណា​ក៏ដោយ ពលករ​ខ្មែរ​ចំណាកស្រុក​បាន​បញ្ជូន​រូបិយប័ណ្ណ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ឲ្យ​គ្រួសារ ដែល​រាប់​បញ្ចូល​ជា​ផលទុន​សរុប​ជាតិ (GNP)។

ធនាគារ​ជាតិ​នៃ​កម្ពុជា រាយការណ៍​ក្នុង​ឆ្នាំ​២០១៩ ថា ចំណូល​បាន​ពី​ពលករ​ផ្ញើ​លុយ​មក​ស្រុក​ខ្មែរ​មាន​ចំនួន​ពី ១២០០​លាន ទៅ ១៥០០​លាន​ដុល្លារ​អាមេរិក៖

  • ពី​កូរ៉េ​ខាងត្បូង​ចំនួន​ប្រមាណ ២៤០​លាន​ដុល្លារ
  • ពី​រាជាណាចក្រ​ថៃឡង់ដ៍ ប្រមាណ​ជិត ១១០០​លាន​ដុល្លារ
  • ពី​ជប៉ុន​ប្រមាណ ៩០​លាន​ដុល្លារ
  • ពី​ម៉ាឡេស៊ី​ប្រមាណ ២១​លាន​ដុល្លារ។

ក្នុង​ឆ្នាំ​២០២០ ចំណូល​បាន​ពី​ពលករ​ចំណាកស្រុក​ទាំងអស់​ធ្លាក់​ចុះ​ប្រមាណ​ជិត ២០%។

ទោះជាយ៉ាងណាក៏ដោយ ពលករ​ខ្មែរ​ទាំងអស់​នោះ​គួរតែ​ទទួល​បាន​សេរីភាព គ្មាន​ការ​គាបសង្កត់​ផ្លូវចិត្ត​ពី​រដ្ឋាភិបាល​របស់​ខ្លួន។ ផ្ទុយពី​នោះ​ទៅវិញ មាន​សេចក្តី​រាយការណ៍​នៅ​ក្នុង​ឆ្នាំ​២០១៥ ហេង សួរ បាន​គំរាម​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃឡង់ដ៍ កូរ៉េ​ខាងត្បូង និង​ជប៉ុន ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដោយ​និយាយ​ផ្ទាល់មាត់​ថា នឹង​រក​ជន​អន្ធពាល អ្នក​លេង​វាយ​សំពង ឬ​ប្រើ​វិធី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដើម្បី​បំបាក់​ស្មារតី​អ្នក​ប្រឆាំង​ទាំងនោះ ហើយ​ពេល​គេ​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ខ្លួន​នឹង​ផ្តល់​កម្រៃ​ផ្គត់ផ្គង់​អ្នក​ដៃដល់​នោះ​មិន​ឲ្យ​ខកចិត្ត។ ប្រទេស​អូស្ត្រាលី ក៏​មាន​ឮ​រឿង​គំរាម​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក ឬ​អឺរ៉ុប មិន​ទាន់​ឮ​សម្ដី​ទុយ៌ស​បែប​ហ្នឹង​នៅឡើយ​ទេ។

សម្ដី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ ហេង សួរ បង្ក​ការ​បំភិតបំភ័យ​បន្លាច​ពលករ​ខ្មែរ​ឯ​ក្រៅ​ប្រទេស​ឲ្យ​តក់ស្លុត ដែល​រស់​គ្មាន​ការ​ការពារ​តាម​ផ្លូវច្បាប់​ពេញលេញ។

តើ​មាន​អង្គការ​ខ្មែរ​ការពារ​សិទ្ធិមនុស្ស​ណា​មួយ​ចេញ​មុខ​ការពារ​ពលករ​ខ្មែរ​ក្រៅ​ប្រទេស ដែល​រក​ចំណូល​មក​ជួយ​សេដ្ឋកិច្ច​ជាតិ​ប្រទេស​កម្ពុជា​វិញ​នោះ​ដែរ​ឬ​ទេ?

ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ក៏​ស្ងាត់ មិន​រួបរួម​គ្នា​ជួយ​មួយ​ដៃ​មួយ​ជើង មិន​ចង់​ចំណាយ​ពេល​ជួយ​ពលករ​ខ្មែរ​ទាំងនោះ​ដែរ ប៉ុន្តែ​ឮ​តែ​ថា​ចង់​ជួយ​សង្គ្រោះ​ខ្មែរ។ ផ្ទុយទៅវិញ គេ​ប្រឹង​នាំគ្នា​ចំណាយ​ធនធាន​ដូចជា​ពេលវេលា ថវិកា កម្លាំង​កាយ កម្លាំង​ចិត្ត ខុស​អន្លើ​ទៅ​បង្កើត​បក្ស​នយោបាយ និង​ទៅ​កែ​ទៅ​ដូរ​របៀប​គ្រប់គ្រង​លោក ហ៊ុន សែន។

សំណួរ​ចម្ងល់៖ ម្នាក់ៗ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋអំណាច ហ៊ុន សែន នៃ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ថា​នឹង​ទៅ​កែ​ទៅ​ដូរ​រដ្ឋាភិបាល​នៃ​បក្ស ហ៊ុន សែន។ សំណួរ​ថា​តើ​ដូរ​បាន​ឬ​អត់? អ្វី​ដែល​ខ្មែរ​រស់នៅ​បរទេស​មិន​បាន​គិត​នោះ គឺ​ជាតិ​ខ្មែរ​រស់​ក្រោម​ការ​គំរាម​កំហែង ការ​ភ័យខ្លាច​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស។

ភាគ​បន្ត​សប្តាហ៍​ក្រោយ សូម​ជូន​អំពី​សកម្មភាព​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តំបន់​អូសេអានី គឺ​អូស្ត្រាលី និង​នូវែលហ្សេឡង់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស