ភ្លាមៗបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២៨ តុលា ញញួរអាស៊ានដែលត្រូវប្រគល់ឱ្យសម្រាប់ប្រធានអាស៊ានប្រចាំឆ្នាំ បានធ្លាក់មកលើព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងមោទកភាពដែលលោកអះអាងថា លោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាជាប្រធានអាស៊ានប្ដូរវេនចំនួនបីលើកមកហើយ។
ជាមួយនឹងការបង្ហាញមោទកភាពដូចនេះ លោក ហ៊ុន សែន បានបង្ហាញញញួរ គឺដៃរបស់លោកកាន់ញញួរដែលជានិមិត្តរូបអំពីកម្ពុជាជាប្រធានអាស៊ាន ហើយញញួរនេះមើលទៅលោក ហ៊ុន សែន ចង់ប្រាប់ថាប្រធានអាស៊ានមានសិទ្ធិអំណាចអាចវះកាត់នូវបញ្ហាទាំងឡាយក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន។ នៅក្នុងបទសម្ភាសន៍នេះ ប្រមុខការទូតកម្ពុជាហាក់បង្ហាញមោទកភាពខ្លួនឯងផងដែរក្នុងការទទួលវេនពីប្រទេសព្រុយណេ ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ដោយបង្ហាញនូវភាពអំនួត លោក ប្រាក់ សុខុន សង្ឃឹមថានឹងរុញឱ្យពួកយោធាភូមាបើកទ្វារចំហដើម្បីទទួលយកការចរចានយោបាយជាមួយនឹងក្រុមបក្សប្រឆាំង។
កម្ពុជាដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំក្រោយនេះ សន្យាថានឹងគាបសង្កត់របបសឹកភូមាបន្តទៀត ដើម្បីឱ្យពួកយោធាចូលខ្លួនដោះស្រាយបញ្ហារបស់ខ្លួនធ្វើឱ្យមានរបបស្របច្បាប់ឡើងវិញ។
ទោះបីជាលោក ប្រាក់ សុខុន និយាយយោងទៅដល់បញ្ហាភូមាដែលលោកថាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អាស៊ាន ប៉ះពាល់ដល់តម្លៃអាស៊ាន និងសហគមន៍ ហើយប៉ះពាល់ដល់ឆន្ទៈរបស់ពលរដ្ឋភូមាក៏ដោយ ក៏លោកនៅតែរំឭកអំពីគោលការណ៍ធម្មនុញ្ញអាស៊ានត្រង់ជំពូកមួយ ដែលបញ្ជាក់អំពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយជាសមាជិកអាស៊ានដដែល។
លោកបន្តថា គេរាល់គ្នាត្រូវគោរពអធិបតេយ្យនៃប្រទេសជាសមាជិករបស់អាស៊ាន។ តែយ៉ាងណា ទាំងលោក ហ៊ុន សែន និងលោក ប្រាក់ សុខុន ចង់បង្ហាញថាកម្ពុជាជាប្រធានអាស៊ាន ពិតណាស់មានឆន្ទៈជួយស្ដារប្រជាធិបតេយ្យ និងការផ្សះផ្សាជាតិនៅភូមាឡើងវិញ ហើយមិនតែប៉ុណ្ណោះ លោក ប្រាក់ សុខុន អះអាងថា កម្ពុជានឹងតែងតាំងប្រេសិតថ្មីម្នាក់ទៀតដើម្បីធ្វើដំណើរទៅកាន់ប្រទេសភូមា។
យោងតាមសារ និងជំហររបស់មន្ត្រីជាន់ខ្ពស់កម្ពុជាពីររូបនេះ គឺមើលទៅអាស៊ានក្រោមការដឹកនាំរបស់កម្ពុជារយៈពេលមួយឆ្នាំ នឹងធ្វើឱ្យភូមាវិលទៅរកស្ថានភាពដូចដើមវិញ គឺមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ មានការចោទសួរថា តើកម្ពុជាខ្លួនឯងបច្ចុប្បន្ននេះលាងដៃនឹងសាប៊ូស្អាតហើយឬនៅ មុននឹងចូលខ្លួនទៅដោះស្រាយបញ្ហារបស់ប្រទេសភូមា?
ការពិត កម្ពុជាខ្លួនឯងបច្ចុប្បន្ននេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជិត១៤០ ដែលត្រូវបានអង្គការគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) រកឃើញថាជារាជាណាចក្រអន់ថយបំផុតអំពីនីតិរដ្ឋ ហើយកម្ពុជាជារាជាណាចក្រដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ចំណែករាល់ស្ថាប័នរដ្ឋទាំងអស់ រួមទាំងស្ថាប័នតុលាការផងនោះ ក៏ជាឧបករណ៍របស់បក្សកាន់អំណាចផងដែរ។
ករណីនេះ តើកម្ពុជាមានទឹកមាត់អ្វី ឬឥទ្ធិពលអ្វីទៅដោះស្រាយវិបត្តិប្រទេសដទៃ?
នេះជាចំណោទមួយនៃបញ្ហាដែលកើតមានក្រោយការរំលាយបក្សប្រឆាំងដ៏ធំមួយ ដែលហៀបនឹងដណ្ដើមអំណាចបាននៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ជាមួយគ្នានេះ អ្នកនយោបាយបក្សប្រឆាំង សកម្មជនសង្គម អ្នកបរិស្ថានរាប់សិបនាក់កំពុងជាប់ឃុំខ្លួនថែមទៀត។
តែបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមកនោះ សកម្មជនបក្សប្រឆាំង និងសកម្មជនសង្គមប្រហែល ១៥០នាក់ហើយត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទញុះញង់បង្កអសន្តិសុខសង្គម ហើយសូម្បីតែមេបក្សប្រឆាំងកំពុងតែឡើងសវនាការពីបទឃុបឃិតនឹងបរទេស ឬគេហៅថាជាទោសក្បត់ជាតិថែមទៀត។ អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរាប់សិបនាក់ បានរត់ភៀសខ្លួនចេញពីប្រទេស។
សំណួរសួរថា តើកម្ពុជាត្រូវដោះស្រាយវិបត្តិក្នុងប្រទេសរបស់ខ្លួនដោយរបៀបណា មុនឈានជើងទៅដោះស្រាយបញ្ហាក្នុងស្រុករបស់ភូមា?
ក្នុងសភាពបែបនេះហើយដែលសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ។ សហភាពអឺរ៉ុបបន្តដាក់ទណ្ឌកម្មនៅឡើយ គឺការដកហូតសិទ្ធិអនុគ្រោះពន្ធ EBA អស់ ២០% ពីកម្ពុជា។
នៅឆ្នាំក្រោយនេះ បើកម្ពុជាពុំមានដំណោះស្រាយក្នុងការផ្សះផ្សាជាតិខ្លួនឯង និងការស្ដារប្រជាធិបតេយ្យមួយរឹងមាំឡើងវិញ ទំនងសហភាពអឺរ៉ុបនឹងបន្តដកហូតពន្ធអនុគ្រោះពីកម្ពុជាថែមទៀត។ ដោយឡែកសហរដ្ឋអាមេរិកឯណោះវិញ បានដកប្រព័ន្ធពន្ធអនុគ្រោះរបស់ខ្លួន គឺ GSP ពីកម្ពុជាទៅហើយ។
ឥឡូវនេះទៀត សភាសហរដ្ឋអាមេរិកក៏បានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្ពោះទៅរកការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការទៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងបំផ្លាញមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរបស់ប្រទេសថែមទៀត។
ច្បាប់នេះកំពុងធ្លាក់ក្នុងដៃព្រឹទ្ធសភា ហើយកំពុងរង់ចាំធ្វើការអនុម័តបន្ត ដើម្បីបញ្ជូនទៅកាន់ប្រធានាធិបតី លោក ចូ បៃដិន។
ទាំងនេះសុទ្ធតែជាបញ្ហាដែលកម្ពុជាខ្លួនឯងត្រូវដោះស្រាយឱ្យបានមុនកម្ពុជាចូលខ្លួនទៅដោះស្រាយបញ្ហារបស់ប្រទេសភូមា។ ប៉ុន្តែបើកម្ពុជាដោះស្រាយវិបត្តិនៅភូមាបាន ក៏គេមិនជឿថាកម្ពុជាខ្លួនឯងផ្ទាល់មានឆន្ទៈពិតប្រាកដនោះទេ គឺអាចមានប្រទេសណាមួយមានឥទ្ធិពលលើកម្ពុជាផង និងលើរបបសឹកនៅភូមាផងជាអ្នកនៅពីក្រោយកម្ពុជា និងពួកយោធាភូមា។ ត្រង់ចំណុចនេះ អាចមានន័យថា វិបត្តិនយោបាយនៅកម្ពុជាស្ថិតនៅក្រោមតុរបស់បក្សកាន់អំណាច ជាពិសេសនៅតែស្ថិតក្រោមតុរបស់លោក ហ៊ុន សែន។
សរុបទៅ កម្ពុជាដែលត្រេកអរនឹងខ្លួនកាន់ញញួរធំរបស់អាស៊ានធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ គឺកម្ពុជាត្រូវដោះស្រាយឱ្យបាននូវចំណុចអវិជ្ជមានដែលជាគុណវិបត្តិរបស់ខ្លួន ពាក់ព័ន្ធនឹងការរឹតបន្តឹងសេរីភាពនយោបាយ និងការចោទប្រកាន់ទៅលើអ្នកនយោបាយ រួមទាំងសកម្មជនបក្សប្រឆាំង។
បើកម្ពុជាធ្វើបាន គឺកម្ពុជាត្រូវគេមើលឃើញថាបានលាងដៃនឹងសាប៊ូស្អាតដោយខ្លួនឯង ហើយក៏អាចជម្រះវិបត្តិនៅភូមាបានដែរ៕