33 C
Phnom Penh

ក្រសួង​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ជាសះស្បើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 អះអាង​ថា អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ពុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​ផ្ទះ​បន្ត​ទៀត​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​ដល់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តាម​បណ្តា​ខេត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 និង​អ្នកជំងឺ Covid-19 សម្រាប់​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ​ទាំងអស់។

មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​ពន្យល់​ថា សម្រាប់​អ្នកជំងឺ Covid-19 ដែល​សម្រាក​នៅ​តាម​ផ្ទះ មិន​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន អាច​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃ​ទី​១៤ ប្រសិនបើ​មិន​មាន​រោគសញ្ញា​ជំងឺ Covid-19 កើតឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ គឺ​ថ្ងៃ​ទី​១១ ទី​១២ និង​ទី​១៣ ទេ​នោះ។

ដោយឡែក​អ្នកជំងឺ Covid-19 ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​រួចរាល់ ចាប់ពី​ថ្ងៃ​ទី​៦ ឡើង​ទៅ បើ​ពុំ​មាន​រោគសញ្ញា​ជំងឺ Covid-19 កើតឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ គឺ​នៅ​ថ្ងៃ​ទី​៦ ទី​៧ និង​ទី​៨ ត្រូវ​ធ្វើ​តេស្ដ​រហ័ស​អង់ទីហ្សេន Covid-19 ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​ទី​៩ ប្រសិនបើ​អវិជ្ជមាន អ្នកជំងឺ​អាច​បញ្ឈប់​ការ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​បន្ត​ទៀត។

លោក ម៉ម ប៊ុនហេង បញ្ជាក់​ក្នុង​ករណី​លទ្ធផល​បង្ហាញ​ថា​វិជ្ជមាន អ្នកជំងឺ​ត្រូវ​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​ម្តង​ទៀត​នៅ​ពីរ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី​១១ បើ​រក​ឃើញ​ថា​អវិជ្ជមាន នោះ​អ្នកជំងឺ​អាច​បញ្ចប់​ការ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​តែម្តង ប៉ុន្តែ​ក្នុង​ករណី​អ្នកជំងឺ​ពុំ​មាន​លទ្ធភាព​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​ទី​៩ អ្នកជំងឺ​អាច​បញ្ឈប់​ការ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​នៅ​ថ្ងៃ​ទី​១២ ប្រសិនបើ​មិន​មាន​រោគសញ្ញា​ជំងឺ Covid-19 កើតឡើង​នៅ​ថ្ងៃ​ទី​១០ និង​ទី​១១ ទេ​នោះ។

ការ​អះអាង​របស់​ប្រធាន​គណៈកម្មាធិការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នេះ ធ្វើឡើង​ដើម្បី​ជូនដំណឹង​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​ការ​ព្យាបាល និង​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកជំងឺ Covid-19 ដែល​ខ្លួន​បាន​កែប្រែ​នៅ​ពេលនេះ។

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ នេះ បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 ថា ក្រសួង​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ១១១​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ២៦៤​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៧​នាក់ ក្នុង​នោះ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៦​នាក់។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ១​សែន ១​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ១​សែន ១​នាក់​ផង​ដែរ ដោយឡែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង ២៧០០​នាក់​ហើយ​នៅ​ពេលនេះ។

ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​កុមារ កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បញ្ជាក់​ថា ជំងឺ Covid-19 នឹង​មិន​បញ្ចប់​ទេ គ្រាន់តែ​មាន​សភាព​ធូរស្រាល​ជាង​មុន​ប៉ុណ្ណោះ ហើយ​កម្ពុជា​កំពុង​ចាប់ផ្ដើម​រៀន​រស់​ជាមួយ​នឹង​ការ​រាតត្បាត​នៃ​មេរោគ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស