សមាជិកគណបក្សប្រជាជនកម្ពុជា ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្សកាន់អំណាចរបស់ខ្លួន ខណៈក្រុមអ្នកឃ្លាំមើលរកឃើញថា ការសម្ដែងយកមុខរបស់លោក ជា សុផារ៉ា កន្លងមក ធ្វើឲ្យប៉ះទង្គិចដល់ឥទ្ធិពល និងមុខមាត់គ្រួសារ «ហ៊ុន» យ៉ាងខ្លាំងក្នុងតួនាទីជាអ្នកគ្រប់គ្រងបញ្ហាដីធ្លីសព្វថ្ងៃនេះ។
សមាជិកគណបក្សកាន់អំណាច លោក គង់ ឃៀង បានបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៥ តុលា នេះ បង្ហាញពីការគំរាមកំហែងរបស់អាជ្ញាធរបក្សកាន់អំណាច ដែលលោកអះអាងថា ពួកគេបានទទួលបញ្ជាពីថ្នាក់លើទៅហ៊ុមព័ទ្ធផ្ទះរបស់លោក ក្រោយពីសមាជិកបក្សកាន់អំណាចរូបនេះបាននិយាយបកអាក្រាតពីអំពើទុច្ចរិតរបស់លោក ជា សុផារ៉ា ដែលត្រូវបានគេផ្សព្វផ្សាយពេញបណ្ដាញសង្គមនៅថ្ងៃនេះ។
សកម្មភាពអាជ្ញាធរបក្សកាន់អំណាចនេះ ធ្វើឡើងបន្ទាប់ពីលោក គង់ ឃៀង បានបើកកកាយរឿងអយុត្តិធម៌ដែលបានកើតមានក្នុងបក្សរបស់ខ្លួន ដែលបង្កឡើងដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ វីដេអូរបស់លោក គង់ ឃៀង ដែលបាននិយាយបកអាក្រាតពីទង្វើទុច្ចរិតរបស់សមាជិកជាន់ខ្ពស់បក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយតាមរយៈស្រីកំណាន់របស់ខ្លួនឈ្មោះ ហេង សុវត្តី ដោយការទទួលយកលុយពីសមាជិកខ្លួនជាថ្នូរនឹងការជួយជ្រោមជ្រែងឱ្យមានមុខនាទីនៅក្នុងគណបក្ស ប៉ុន្តែទីបំផុត លុយក៏អស់ តំណែងក៏គ្មាន។
លោក គង់ ឃៀង អំពាវនាវឲ្យមេដឹកនាំបក្សកាន់អំណាចជួយរកយុត្តិធម៌ឲ្យខ្លួន ព្រោះថាលោក ជា សុផារ៉ា បានទទួលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសមាជិកថ្នាក់ក្រោមជាថ្នូរទៅនឹងការដោះដូរ ឬការដំឡើងឋានៈនៅក្នុងជួរបក្សប្រជាជនកម្ពុជាឲ្យទៅពួកគេ ប៉ុន្តែរហូតមកទល់ពេលនេះ រដ្ឋមន្ត្រីរូបនេះនៅមិនបានអនុវត្តតាមការសន្យារបស់ខ្លួននៅឡើយ។
នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះថា ភាពអយុត្តិធម៌នៅក្នុងគណបក្សនយោបាយនីមួយៗមានស្ទើរតែគ្រប់បក្សទាំងអស់ គ្រាន់តែថាតិច និងច្រើន ហើយអាចដោះស្រាយរឿងទាំងនោះបានឬអត់ប៉ុណ្ណោះ។
បណ្ឌិត សេក សុជាតិ អះអាងថា រឿងអយុត្តិធម៌ដែលបានកើតមកពីការប្រព្រឹត្តអំពើពុករលួយនេះ គួរតែត្រូវបានដោះស្រាយនៅក្នុងរង្វង់សមាជិកជាន់ខ្ពស់របស់គណបក្សកាន់អំណាច ដើម្បីផ្តល់ភាពជាគំរូល្អសម្រាប់បក្សក្រៅរដ្ឋាភិបាលដទៃទៀត ក្នុងនាមខ្លួនជាគណបក្សដែលដឹកនាំរដ្ឋាភិបាល ជាពិសេសដើម្បីបង្ហាញពីភាពស្អាតស្អំផ្ទៃក្នុងរបស់ខ្លួនជូនមហាជនផងដែរ។
ដោយឡែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះផងដែរថា អ្នកដែលចេញមុខបកអាក្រាតលោក ជា សុផារ៉ា ពីការប្រព្រឹត្តអំពើទុច្ចរិតក្នុងជួរគណបក្សកាន់អំណាចបែបនេះ ទំនងជាសេណារីយោដែលអ្នកមានអំណាចធំជាអ្នករៀបចំឡើង ដើម្បីទាញទម្លាក់រដ្ឋមន្ត្រីរូបនេះចេញពីតំណែងដែលកំពុងមានឥទ្ធិពលក្នុងពេលបច្ចុប្បន្ននេះ។
លោកលើកឡើងថា តាមរយៈនៃការសង្កេតរបស់លោក ការចោទប្រកាន់នេះបានកើតឡើងក្រោយពេលដែលលោក ឌី វិជ្ជា ដែលត្រូវជាស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាណា ត្រូវបានតែងតាំងធ្វើជាប្រធានស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកញុះញង់ករណីជម្លោះដីធ្លីទូទាំងប្រទេស ខណៈលោក ជា សុផារ៉ា ដែលកំពុងទទួលបន្ទុកលើបញ្ហាដីធ្លីនេះ កំពុងតែសម្ដែងយកមុខមាត់ប្រជែងយកឥទ្ធិពល និងប្រជាប្រិយភាពជាមួយខ្សែបណ្ដាញត្រកូល «ហ៊ុន» យ៉ាងខ្លាំង។
លោក គឹម សុខ បញ្ជាក់ថា ដើម្បីឲ្យលោក ជា សុផារ៉ា អាចបន្តតំណែងរបស់ខ្លួនដោយភាពសុខសាន្ត គាត់ត្រូវលះបង់ទ្រព្យធនផ្ទាល់ខ្លួនក្នុងចំណែកដ៏ធំណាមួយ និងដកខ្លួនចេញពីការប្រជែងឥទ្ធិពលជាមួយខ្សែបណ្ដាញគ្រួសារ «ហ៊ុន» បន្តទៀត នោះលោក ហ៊ុន សែន នឹងបិទរឿងនេះចោល ហើយអ្នកបកអាក្រាតរឿងអាស្រូវនេះក៏នឹងត្រូវបំបិទចោលតាមវិធីដែលគេបានត្រៀមរៀបចំទុកដូចគ្នាដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សមាជិកបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលសម្រេចចិត្តឈប់គាំទ្រ មិនដែលមានវាសនាល្អ ឬទទួលបានយុត្តិធម៌ពីសមាជិកជាន់ខ្ពស់របស់បក្សនេះទេ ព្រោះថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលមានកំណើតចេញពីបក្សកុម្មុយនីស្តវៀតណាម ដូច្នេះរបៀបដឹកនាំ និងការគ្រប់គ្រងរបស់ពួកកុម្មុយនីស្ត តែងផ្ដោតទៅលើខ្សែបណ្ដាញបក្ខពួក ជាជាងធានានូវភាពត្រឹមត្រូវ និងភាពយុត្តិធម៌ចំពោះរឿងអាស្រូវដែលបានកើតឡើងនូវផ្ទៃក្នុងរបស់ពួកគេ។
ទោះយ៉ាងណា មកទល់នឹងម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia daily មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ៕