31 C
Phnom Penh

បណ្ឌិត យ៉ង សាំងកុមារ៖ តើ​ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អស់​រយៈពេល ៣០​ឆ្នាំ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចោទ​ជា​សំណួរ​ថា ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមក​នេះ តើ​ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៤ តុលា នេះ​ថា យុវជន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​នាំគ្នា​ឈ្វេងយល់​បន្ថែម​ទៀត​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ខែ​តុលា ឆ្នាំ​១៩៩១ អំពី​ខ្លឹមសារ​នីមួយៗ​ដើម្បី​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់ និង​ចូលរួម​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​ទាំង​យុវជន​ផង ត្រូវតែ​នាំគ្នា​ឈ្វេងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថា តើ​ក្នុង​នាម​ខ្លួន​ជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ចូលរួម​ចំណែក​បង្រួបបង្រួម​ជាតិ និង​កសាង​ជាតិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ជាង​នេះ​ទៀត ត្រូវ​យល់ដឹង​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​នោះ​ក៏​ត្រូវ​យល់ដឹង​ពី​តួនាទី​ភាគី​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​នាំគ្នា​សិក្សា​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ថា តើ​សហគមន៍​អន្តរជាតិ​គួរ​បន្ត​ជួយ​កម្ពុជា​ក្នុង​លក្ខខណ្ឌ​ដូចម្តេច ក្នុង​ការ​បង្រួបបង្រួម និង​កសាង​ជាតិ​ខ្មែរ​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ចេះតែ​បន្ត​ពឹង​បរទេស​ខុស​កាតព្វកិច្ច​របស់​ពួកគេ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន។

ការ​លើកឡើង​របស់​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ ស្រប​ពេល​ដែល​ទិវា​រំឭក​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ខិត​ចូល​មកដល់​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២១ នេះ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៩ លើ​សកលលោក។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​និស្សិត​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លែង​មាន​សុពលភាព​ទៀត​ហើយ ព្រោះ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ អស់​ហើយ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​តទៅទៀត​ដែរ។

ប៉ុន្តែ​លោក ជុំ ឈាង ដែល​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ពុធ ថា លោក​សូម​ថ្វាយបង្គំ ៩​ដង​ចំពោះ​មុខ​អ្នក​ដែល​និយាយ​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អស់​សុពលភាព ឬ​ស្លាប់​បាត់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំងនោះ​និយាយ​ដូច្នេះ​ទៀត។ លោក​បន្ត​ថា បើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ស្លាប់​បាត់​មែន នោះ​ប្រទេស​ជិតខាង​របស់​កម្ពុជា​នឹង​មាន​ការ​ភ័យ​ព្រួយ​ជា​ខ្លាំង។

បែប​នេះ​ក្តី សកម្មជន​សង្គម​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រុន ស្រន បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា ប្រសិនបើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អស់​សុពលភាព​នោះ គឺ​មាន​ន័យ​ថា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ក៏​លែង​ធរមាន​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​បន្ត​ទៀត​ដែរ ព្រោះថា​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ជា​អ្នក​បង្កើត​ឱ្យ​មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ នេះ​ឡើង ដូច្នេះ​បើ​គ្មាន​កិច្ចព្រមព្រៀង​សន្តភាព​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​ក៏​មិន​អាច​ប្រើ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​បន្ត​ទៀត​បាន​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​ធ្វើ​មោឃភាព ឬ​និរាករណ៍​ទៅ​លើ​សន្ធិសញ្ញា និង​ឯកសារ​មិន​ស្រប​ច្បាប់​នានា​ជាមួយ​បរទេស​ឈ្លានពាន​លើ​កម្ពុជា ដែល​មិន​ស្រប​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំងអស់ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ប្តឹង​ប្រទេស​ទាំងនោះ​ទៅ​តាម​យន្តការ​អន្តរជាតិ​ជាធរមាន ព្រោះថា​មាន​តែ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ទឹកដី​ពី​ការ​រំលោភ​បំពាន និង​អាច​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ដោយ​យុត្តិធម៌។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ និង​គោលបំណង​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឱ្យ​បាន​ច្បាស់ ត្បិត​ប្រទេស​ទាំងអស់​រួម​ទាំង​កម្ពុជា​ផង បាន​សន្យា​ជា​ឱឡារិក​ទទួលស្គាល់​អធិបតេយ្យភាព ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

លោក​គូស​បញ្ជាក់​ថា ការ​សន្យា​ទាំងនេះ​គឺជា​ការ​ធានា​លក្ខណៈ​អន្តរជាតិ​ដែល​មិន​អាច​បរទេស​ណា​រំលោភ​បាន​ឡើយ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​យន្តការ​អន្តរជាតិ​មួយ​នេះ ដើម្បី​ស្ដារ​កិត្តិយស​ជាតិ និង​ឯករាជ​ភាព​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ឡើងវិញ បើ​មិនដូច្នោះ​ទេ កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ការ​បាត់បង់​ទឹកដី​របស់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ​ជាក់​ជា​មិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស