អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា អះអាងថា កម្ពុជានឹងចូលរួមប្រារព្ធទិវាស្បៀងអាហារពិភពលោក (World Food Day, WFD) ជាមួយបណ្តាប្រទេស ១៥០ ទូទាំងពិភពលោក ប៉ុន្តែកិច្ចប្រជុំរបស់អង្គការស្បៀងអាហារនេះធ្លាប់ត្រូវរងការរិះគន់ពីអង្គការសង្គមស៊ីវិលនាពេលកន្លងមកយ៉ាងធ្ងន់ធ្ងរ។
អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ការប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ក្នុងគោលបំណងលើកកម្ពស់អំពីតម្រូវការក្នុងការគាំទ្រដល់ការប្រែក្លាយស្បៀងអាហារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព។
ប្រភពដដែលអះអាងថា ទិវានេះជាវេទិកាដែលអំពាវនាវឱ្យមានការចូលរួមធ្វើសកម្មភាពពីគ្រប់វិស័យពាក់ព័ន្ធទាំងអស់ដើម្បីធានាថា ប្រព័ន្ធសន្តិសុខស្បៀងមានលទ្ធភាពផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដែលមានអាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព និងធានាដល់ជីវិតមនុស្សគ្រប់រូប ដើម្បីឱ្យមានសុខមាលភាពពេញបរិបូរណ៍។
អង្គការស្បៀងអាហារនេះបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ការផលិតស្បៀង ការកែច្នៃ និងការចែកចាយដើម្បីកាត់បន្ថយការបាត់បង់ជីវចម្រុះ ការបំពុល ការប្រើប្រាស់ទឹក ការសឹករិចរិលដី និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។
ការអះអាងនេះ ធ្វើឡើងក្នុងគោលបំណងជួយជំរុញប្រទេសកម្ពុជាឱ្យធានាបាននូវការប្រើប្រាស់ស្បៀងអាហារប្រកបដោយនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងចូលរួមប្រារព្ធទិវាស្បៀងអាហារពិភពលោក (WFD) ក្រោមប្រធានបទ សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ ដែលនឹងរៀបចំឡើងនៅខេត្តព្រៃវែង ដែលមានដៃគូពាក់ព័ន្ធសំខាន់ៗចូលរួមដូចជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងប្រធានកម្មវិធីស្បៀងអាហារពិភពលោក ជាដើម។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលជាច្រើនបានស្នើសុំឱ្យអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) នេះ ដាក់បញ្ចូលក្តីកង្វល់ និងតម្រូវការប្រឈមរបស់កសិករ ប្រជានេសាទ សហជីព និងសង្គមស៊ីវិលនៅកម្ពុជា ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់ខ្លួនកាលពីចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែការស្នើសុំនេះត្រូវបរាជ័យទាំងស្រុង។
ជុំវិញបញ្ហានេះ អង្គការសង្គមស៊ីវិលរិះគន់ថា ដំណើរការនៃកិច្ចប្រជុំរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) នេះថា គ្រាន់តែជាដំណើរការមួយដែលគាំទ្រដល់ក្រុមហ៊ុនសាជីវកម្មដែលស្និទ្ធជាមួយរដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធសេដ្ឋកិច្ចសេរី ដែលបានជះឥទ្ធិពលជាអវិជ្ជមានដល់ដំណើរការសម្រេចចិត្តរបស់កសិករ ប្រជានេសាទ កម្មករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាប៉ុណ្ណោះ។
ទិន្នន័យសង្គមស៊ីវិលបានបង្ហាញកាលពីពេលថ្មីៗនេះថា ពលរដ្ឋកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងសន្តិសុខស្បៀងទ្វេដងក្នុងឆ្នាំ២០២០ កន្លងទៅ ក្នុងនោះ ពលរដ្ឋប្រមាណ ៧៩% រស់នៅតាមតំបន់ជនបទដោយពឹងផ្អែកលើការធ្វើកសិកម្ម ជលផល និងព្រៃឈើ ដើម្បីរស់រានមានជីវិត។
ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា ដើម្បីធានាសន្តិសុខស្បៀងជូនពលរដ្ឋ រដ្ឋាភិបាលមានកាតព្វកិច្ចស្ដារ និងកសាងប្រព័ន្ធធារាសាស្ត្រតូចធំតាមសហគមន៍ ដើម្បីឲ្យកសិករមានលទ្ធភាពបង្កបង្កើនផល និងការផលិតស្បៀងអាហារ ព្រមទាំងអាចអភិវឌ្ឍសហគមន៍របស់ពួកគេប្រកបដោយចីរភាព៕