លោក ហ៊ុន សែន អះអាងថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាគ្នាដែលតម្រូវឱ្យមានការចូលរួមពីសហគមន៍ និងអង្គការសង្គមស៊ីវិលជាដើម ក្នុងការកាត់បន្ថយហានិភ័យដែលមានស្រាប់ និងបង្ការហានិភ័យថ្មីៗដើម្បីបញ្ចៀសគ្រោះមហន្តរាយនេះ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលប្រតិកម្មថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលលើគ្រោះមហន្តរាយនៅមានកម្រិតទាបនៅឡើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញលិខិតមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយអំពាវនាវទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមកជាមួយរដ្ឋាភិបាល ដើម្បីសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយលើប្រជាពលរដ្ឋ។
លោក ហ៊ុន សែន អះអាងថា ដើម្បីត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយពីទឹកជំនន់ រដ្ឋាភិបាលបានបង្កើនសមិទ្ធផលជាច្រើនដូចជាការគ្រប់គ្រងធនធានទឹក ការស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធស្រេចស្រាប់ឡើងវិញ ជាដើម។
ដោយឡែកក្នុងអំឡុងគ្រោះមហន្តរាយជំងឺ Covid-19 រដ្ឋាភិបាលបានអនុវត្តចំណុចយុទ្ធសាស្ត្រគន្លឹះ គឺការចាក់វ៉ាក់សាំងជូនពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត និងអនុវត្តវិធានការសុខាភិបាលជាបន្តបន្ទាប់ផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក៏ត្រូវបន្តស្មារតីសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាពស្ថិរភាពនយោបាយ ដើម្បីធានាសុខមាលភាពជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យឱ្យមានទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានកំណត់យកថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាអាស៊ាន និងទិវាពិភពលោកគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ប្រជាពលរដ្ឋ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ តុលា នេះថា ការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលកម្ពុជា មិនមានផែនការច្បាស់លាស់នោះទេ ប៉ុន្តែការជួយសង្គ្រោះពលរដ្ឋរងគ្រោះកន្លងមកគ្រាន់តែជាការជួយដោយពេលៗតែប៉ុណ្ណោះ មិនមែនជាវិធានការមុតមាំក្នុងការធានាអាយុជីវិតពលរដ្ឋពីគ្រោះមហន្តរាយដែលបានកើតមាននោះឡើយ។
លោកអះអាងថា ក្នុងអំឡុងវិបត្តិ Covid-19 ពិតមែនថារដ្ឋាភិបាលបង្ហាញពីការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនេះ ប៉ុន្តែប្រជាពលរដ្ឋមិនតិចទេដែលជួបការលំបាកដោយការដាច់ស្បៀង ដោយសារគ្មានផែនការច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីជំនួយសង្គមរបស់ខ្លួន បញ្ហានេះបណ្តាលឱ្យពលរដ្ឋរងគ្រោះមួយចំនួនធំដែលត្រូវបិទខ្ទប់រហូតដាច់បាយក៏មាន។
លោក មឿន តុលា បញ្ជាក់ថា ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយឱ្យបានល្អ រដ្ឋាភិបាលមិនអាចគិតតែពីរឿងផ្តល់ជំនួយ ទាំងដែលជំនួយមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវមានវិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ ដូចជាករណីទឹកជំនន់ ជាដើម រដ្ឋាភិបាលត្រូវតែដាក់ចេញនូវវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការលុបបឹងបួជាដើម ព្រោះថាការបំផ្លាញធនធានធម្មជាតិទាំងនេះ គឺជាដើមចមមួយយ៉ាងចម្បងក្នុងការបង្កឱ្យមានគ្រោះមហន្តរាយទឹកជំនន់នេះ។
កាលពីចុងឆ្នាំ២០២០ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍របស់ខ្លួនថា គ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់បានបង្កឲ្យលិចលង់ខេត្តចំនួន១៩ ដែលបង្កការខូចខាតធ្ងន់ធ្ងរ ដូចជាផ្ទះរាប់ម៉ឺនខ្នង និងស្រូវរាប់ពាន់ហិកតារ។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលក៏បានប្រកាសចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ ប៉ុន្តែត្រូវរងការរិះគន់ថាការចែកអំណោយនោះធ្វើឡើងដោយរើសអើងនិន្នាការនយោបាយ៕