ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រឆាំងដាច់អហង្ការចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលដាក់ឈ្មោះថា «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» ថាជាច្បាប់ដែលគ្មានប្រយោជន៍សម្រាប់ជាតិ ខណៈព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហមុនី ទ្រង់បានរាជានុញ្ញាតលើសេចក្តីព្រាងច្បាប់នេះរួចហើយនោះ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះថា ពួកគេបង្ហាញជំហរប្រឆាំងនឹង «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» របស់រដ្ឋាភិបាលកម្ពុជាជាដាច់ខាត ព្រោះថាច្បាប់នេះបានបិទសិទ្ធិជនជាតិខ្មែរដែលមានសញ្ជាតិពីរ ឬលើសពីពីរមិនឱ្យធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដែលផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញទាំងស្រុង។
ប្រភពដដែលរិះគន់ថា ក្នុងស្ថានភាពកម្ពុជាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសភា និងរដ្ឋាភិបាលឯកបក្សដែលមិនស្របនឹងឆន្ទៈពលរដ្ឋម្ចាស់ប្រទេស ដូច្នេះការធ្វើវិសោធនកម្មច្បាប់ និងធ្វើច្បាប់ថ្មីៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនមែនជាការតំណាងឱ្យបុព្វហេតុជាតិនោះទេ ខណៈពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មិនពេញចិត្តនឹងសេចក្តីព្រាងច្បាប់នេះយ៉ាងខ្លាំង។
ចលនាពលរដ្ឋនៅក្រៅស្រុកអះអាងថា សេចក្តីព្រាងច្បាប់នេះបានបំពានលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ពីព្រោះស្មារតីដើមនៃច្បាប់កំពូលទាំងពីរនេះបានបើកឱកាសឲ្យពលរដ្ឋខ្មែរគ្រប់រូបដោយមិនប្រកាន់សញ្ជាតិ និងមានសិទ្ធិជាម្ចាស់ប្រទេស ដែលអាចចូលរួមកសាងកម្ពុជាស្របតាមច្បាប់ជាធរមាន។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) ទទូចឲ្យអ្នកមានអំណាចកំពូលៗនៅកម្ពុជា ត្រូវតែទម្លាក់ចោលនូវដំណើរការ «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» នេះជាបន្ទាន់ ព្រោះថាសេចក្តីព្រាងនេះបានប្រមាថ និងព្រមានដោយចំៗទៅលើព្រះមហាក្សត្រខ្មែរយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលព្រះអង្គមានសញ្ជាតិបន្ថែមលើសញ្ជាតិខ្មែរតាំងពីយូរមកហើយនោះ។
ការប្រកាសប្រឆាំងនឹងសេចក្តីព្រាងច្បាប់កំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកម្ពុជានេះ បន្ទាប់ពីច្បាប់នេះបានឆ្លងគណៈរដ្ឋមន្ត្រីចូលទៅក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ជូនថ្វាយព្រះមហាក្សត្រដែលនឹងចូលទៅក្នុងរដ្ឋសភាដើម្បីអនុម័តក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានសន្តិភាព ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលនឹងធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដូចជាមាត្រា១១៩ ជាដើម ដើម្បីបង្កើតឲ្យមានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដូចជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី ក្នុងបំណងដើម្បីបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិខ្មែរ។
អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា លោកទទួលបានប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបានពីព្រះបរមរាជវាំងថា ព្រះមហាក្សត្រខ្មែរនឹងដាក់រាជ្យភ្លាមៗនៅពេលដែលច្បាប់ស្ដីពីការកំណត់សញ្ជាតិសម្រាប់មេដឹកនាំខ្មែរត្រូវបានអនុម័ត ប៉ុន្តែត្រូវក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការលើកឡើងនេះផ្ទុយស្រឡះពីស្ថានការណ៍ជាក់ស្តែងដែលច្បាប់នេះកំពុងតែដំណើរការនៅពេលនេះ។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានចេញរាជសារជុំវិញការស្នើសុំឱ្យមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូលៗរបស់កម្ពុជានេះទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាថា ព្រះអង្គបានប្រគល់សេចក្ដីព្រាងច្បាប់នេះឱ្យលោក ហ៊ុន សែន ដើម្បីចាត់ការតាមនីតិវិធីរួចរាល់ហើយ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ តុលា នេះថា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ប្រើពាក្យ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» នេះគឺជាការបន្លប់បន្លំ និងបំភ័ន្តពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ ព្រោះថាពួកគេមិនហ៊ានប្រើពាក្យថា «សេចក្តីកែប្រែច្បាប់រដ្ឋធម្មនុញ្ញ» ទេ ប៉ុន្តែបែរជានាំគ្នាប្រើពាក្យថា សេចក្តីកែប្រែ «ច្បាប់ធម្មនុញ្ញ» ទៅវិញ។
លោកលើកឡើងថា ពួកគេគួរប្រើពាក្យ «សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ» វិញ ត្បិតការប្រើពាក្យ «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» អាចបង្ហាញពីចេតនាធ្វើរដ្ឋធម្មនុញ្ញថ្មី ឬ «រដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញ» ផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ខ្លឹមសារដើមនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជានឹងរលុបបាត់អត្ថន័យដើមទាំងស្រុងដែលបានចែងពីការការពារផលប្រយោជន៍ជាតិ និងប្រជាជននៅពេលមេដឹកនាំនយោបាយធំៗនាំគ្នាកែប្រែខ្លឹមសារនៃច្បាប់នេះដើម្បីយកឈ្នះគ្នាក្នុងល្បែងនយោបាយរបស់ពួកគេ ដែលធ្វើឱ្យច្បាប់កំពូលនេះក្លាយទៅជាច្បាប់ការពារប្រយោជន៍របស់អ្នកមានអំណាចទៅវិញ។
ជុំវិញបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយបញ្ជាក់ជំហរថា ខ្លួនមិនគាំទ្រការពិភាក្សាសេចក្តីព្រាងច្បាប់កំណត់សញ្ជាតិនេះក្នុងកាលៈទេសៈនេះជាដាច់ខាត ហើយក៏មិនគាំទ្រការពិភាក្សាលើករណីនេះដោយភ្ជាប់ទៅនឹងអង្គព្រះមហាក្សត្រដែរ៕