31 C
Phnom Penh

អធិការបតី​អូទ្រីស​វ័យ​ក្មេង​នៅ​អឺរ៉ុប​សម្រេច​លាលែង​ពី​តំណែង​ក្រោយ​រង​ការ​ចោទប្រកាន់​ថា​ប្រើ​ថវិកា​រដ្ឋ​ធ្វើ​ប្រជាភិថុតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​អាស៊ី គឺ​មាន​តែ​ប្រទេស​ជប៉ុន​មួយ​គត់​ដែល​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​ងាយ​បោះបង់​តំណែង​របស់​ខ្លួន​ដោយ​មិន​ស្ដាយ​ស្រណោះ​ឡើយ។ អ្នក​នយោបាយ​ទាំងនោះ​មើល​ទៅ​មិន​បាន​ចាត់ទុក​តំណែង​របស់​ខ្លួន​ជា​រង្វាន់​ដែល​ទេវតា​ប្រទាន​ឱ្យ​ខ្លួន​គេ​អស់​មួយ​ជីវិត​នោះ​ទេ។

យ៉ាងណា មិនមែន​មាន​តែ​អ្នក​នយោបាយ​ប្រទេស​ជប៉ុន​នោះ​ទេ​ដែល​ក្លាហាន​ដូចនេះ គឺ​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប ក៏​បាន​បោះបង់​តំណែង​របស់​ខ្លួន​ដោយ​មិន​សោកស្ដាយ​ដែរ ហើយ​មិន​ទុក​ឱ្យ​មាន​ការ​ដកហូត​តំណែង ឬ​ដេញ​ចេញ​ឡើយ។

ជាក់ស្ដែង លោក Sebastian Kurz បាន​សម្រេច​ទម្លាក់​ចោល​តំណែង​របស់​លោក​ដែល​ជា​អធិការបតី​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ទៅ​ហើយ​នៅ​ពេលនេះ។ លោក Sebastian Kurz គឺជា​អធិការបតី​នៃ​ប្រទេស​អូទ្រីស ជា​ប្រទេស​មួយ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ។ លោក Sebastian Kurz ត្រូវ​បាន​រដ្ឋអាជ្ញា​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ករណី​សង្ស័យ​ថា បាន​ប្រើ​ថវិកា​រដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ប្រជាភិថុតិ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ។

គ្រាន់តែ​រឿង​តូច​មួយ​ប៉ុណ្ណោះ បុរស​វ័យ ៣៥​ឆ្នាំ​រូប​នេះ មិន​ទុក​ឲ្យ​រឿង​អាស្រូវ​របស់​ខ្លួន​កាន់តែ​រីក​ធំ​ឡើងៗ​នោះ​ទេ។ លោក​ថា​ការ​ចុះចេញ​ពី​តំណែង​របស់​លោក គឺ​ដើម្បី​បញ្ចៀស​វិបត្តិ​រដ្ឋាភិបាល។ លោក​បាន​ស្នើ​ទៅកាន់​ប្រធានាធិបតី​អូទ្រីស ថា​គួរ​លើក​រដ្ឋមន្ត្រី​ការបរទេស​ដែល​មាន​ឈ្មោះ​ថា Alexander Schallenberg ជា​អធិការបតី។ សព្វថ្ងៃ​នេះ Schallenberg អាយុ ៥២​ឆ្នាំ។ គេ​បាន​ដឹង​ថា ក្នុង​ចំណោម​មន្ត្រី​ទាំងអស់ អ្នក​ដែល​ស្មោះត្រង់​នឹង​លោក Kurz ជាងគេ គឺ​លោក Schallenberg តែ​បុរស​រូប​នេះ​មាន​ប្រវត្តិ​ខាង​ការទូត​ជាជាង​នយោបាយ។

លោក Sebastian Kurz កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​១៩៨៦។ នៅ​សង្កាត់ Meidling នៃ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ក្នុង​គ្រួសារ​រ៉ូម៉ាំង​កាតូលិក។ ឪពុក​ជា​វិស្វករ ហើយ​ម្ដាយ​ជា​គ្រូបង្រៀន។ កុមារា​រូប​នេះ​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​ពី​ឆ្នាំ​១៩៩២ ដល់ ១៩៩៦។ ក្រោយ​ពី​បញ្ចប់​វិទ្យាល័យ យុវជន​រូប​នេះ​បាន​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ក្នុង​ឆ្នាំ​នោះ​តែម្ដង។ ក្រោយ​មក​បាន​ចុះឈ្មោះ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ អ៊ែលហ្គាស នៅ​ក្រុង​វីយែន ក្នុង​ឆ្នាំ​២០០៤។ ប៉ុន្តែ​យុវជន​រូប​នេះ​បាន​បោះបង់​ការ​សិក្សា​មុន​ពេល​បញ្ចប់​ការ​សិក្សា ដោយ​សម្រេច​ចូល​ប្រឡូក​ក្នុង​នយោបាយ។

ការពិត យុវជន​នេះ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​អូទ្រីស​អភិរក្ស​និយម​ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​ក្លាយ​ជា​ប្រធាន​យុវជន​បក្ស​សម្រាប់​ទីក្រុង​វីយែន ក្នុង​ឆ្នាំ​២០០៨។ នៅ​ពេល​បាន​តំណែង​អនុ​ប្រធាន​បក្ស​នៅ​ឆ្នាំ​២០១៦ គឺ​យុវជន​នេះ​ក៏​បាន​កាន់​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​វ័យ ២៧​ឆ្នាំ។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា ខែ​កញ្ញា ឆ្នាំ​២០១៩ គណបក្ស​អភិរក្ស​ប្រជាជន​នៅតែ​ទទួល​បាន​ជ័យជម្នះ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៣៧,៥%។ តែ​បែប​នេះ​ក្ដី បក្ស​នេះ​មិន​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​សំឡេង​ភាគច្រើន​បាន​ឡើយ។ ដោយ​មើល​ឃើញ​ដូចនេះ អ្នក​នយោបាយ​វ័យ​ក្មេង​នេះ​បាន​ចូល​ចរចា ដើម្បី​បង្កើត​សម្ពន្ធភាព​ជាមួយ​គណបក្ស​បៃតង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​ការ​ចរចា​ដើម្បី​បង្កើត​សម្ពន្ធភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក អ្នក​នយោបាយ Sebastian Kurz បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អធិការបតី​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០ ដោយ​បង្កើត​រដ្ឋាភិបាល​មួយ​មក​ដល់​ពេល​លោក​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃ​សៅរ៍ ទី​៩ ខែ​តុលា នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​អាល្លឺម៉ង់ DPA លោក Alexander Schallenberg ត្រូវ​ស្បថ​ចូល​កាន់​តំណែង​អធិការបតី​ជំនួស​អធិការបតី​វ័យ​ក្មេង​នៅ​ថ្ងៃ​ចន្ទ ទី​១១ តុលា នេះ។ តាម​សំណើ​របស់​គណបក្ស​ប្រជាជន​អភិរក្ស​និយម ប្រធានាធិបតី Alexander Van der Bellen បាន​សម្រេច​តែងតាំង​លោក Schallenberg ដែល​មាន​វ័យ ៥២​ឆ្នាំ​ឡើង​ជា​អធិការបតី​ថ្មី​នៃ​ប្រទេស​អូទ្រីស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស