28 C
Phnom Penh

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​ជាង ៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ជាង ៧០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ដំណើរការ​កសាង​ផែនការ​បោស​សម្អាត​មីន រួម​ទាំង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោស​សម្អាត ជាដើម។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ការ​ផ្ដល់​ឥណទាន​សម្បទាន​ដំណាក់កាល​ទី​២ ដែល​មាន​ទឹកប្រាក់​ជាង ៦​លាន​យ៉េន ឬ​ស្មើ​នឹង ៥៨,២១​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​សៀមរាប។

ចំណែក​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន ឬ​ស្មើ​នឹង ១,៨​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ផ្ដល់​លើ​គម្រោង​គាំទ្រ​ដំណើរការ​កសាង​ផែនការ​បោស​សម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោស​សម្អាត ខណៈ​ទឹកប្រាក់ ២៥០​លាន​យ៉េន ឬ​ស្មើ​នឹង ២,២៧​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សម្ភារៈ​បច្ចេកទេស​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់។

ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ទឹកប្រាក់ ២៥០​លាន​យ៉េន ឬ​ស្មើ​នឹង ២,២៧​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​សម្ភារៈ​បច្ចេកទេស​សម្រាប់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ និង​មជ្ឈមណ្ឌល​ទិន្នន័យ ខណៈ​ទឹកប្រាក់ ៤០០​លាន​យ៉េន ស្មើ​នឹង ៣,៦៣​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បំពាក់​ឧបករណ៍​សម្ភារៈ និង​បរិក្ខារ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

លើស​ពី​នេះ​ទៀត ចំពោះ​ទឹកប្រាក់ ៥០០​លាន​យ៉េន ស្មើ​នឹង ៤,៥៤​លាន​ដុល្លារ​អាមេរិក ផ្ដល់​សម្រាប់​គម្រោង​បំពាក់​សម្ភារៈ​បរិក្ខារ និង​គ្រឿង​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត​អេឡិចត្រូនិក និង​មេកានិច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចាត់ទុក​ជំនួយ​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នេះ​ថា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស