ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍នៅថ្ងៃទី៨ តុលា នេះថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានភ្ញៀវទេសចរក្នុងស្រុកជាង ៦៦ម៉ឺននាក់បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍ បានផ្សាយព័ត៌មានថា ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានភ្ញៀវទេសចរក្នុងស្រុកជាង ៦៦ម៉ឺននាក់បានចេញដើរកម្សាន្តតាមរមណីយដ្ឋានទូទាំងប្រទេស។ តាមរយៈបណ្ដាញសង្គម Facebook របស់ខ្លួន នៅថ្ងៃទី០៨ ខែតុលា នេះ ក្រសួងទេសចរណ៍ឱ្យដឹងថា តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ គឺថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរបានចេញដើរកម្សាន្តសរុបជាង ៦៦ម៉ឺននាក់ (៦៦៤៦៩៧នាក់) ក្នុងនោះខេត្តកំពត ជាប់លំដាប់កំពូលគេ បើធៀបខេត្តផ្សេងៗទៀតក្នុងប្រទេសដោយទទួលបានភ្ញៀវទេសចរជាង ១០ម៉ឺននាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ខេត្តបន្ទាប់គឺខេត្តកែប ទទួលបានភ្ញៀវទេសចរជិត ១០ម៉ឺននាក់ (៩៦៤៧១នាក់) និងលំដាប់លេខ៣ ខេត្តព្រះសីហនុ ទទួលបានជាង ៨ម៉ឺននាក់ (៨០៥១៩នាក់)។
ប្រភពដដែលបានបង្ហាញទៀតថា ក្រៅពីខេត្តទាំងបីខាងលើ ខេត្តគោលដៅទេសចរណ៍សំខាន់ៗផ្សេងទៀតដែលមានភ្ញៀវទេសចរដើរកម្សាន្តដែរនោះ គឺមានខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប។
ក្រសួងថា ភ្ញៀវទេសចរភាគច្រើនបានជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ក្រសួងថា បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២ ប៉ុន្តែថ្ងៃទី៣ ការកក់មានការថមថយខ្លះ ដោយសារប្រជាជនមួយចំនួនបានវិលត្រឡប់ចូលទីក្រុងភ្នំពេញវិញ។
ប្រភពដដែលថា ដំណើរកម្សាន្តរបស់ភ្ញៀវនៅឆ្នាំនេះជានិន្នាការថ្មី ដោយសារភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្ក្រានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាគ្រួសារ រៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្ក្រានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ។
ក្រសួងថា និន្នាការថ្មីនេះគឺដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។
ទោះយ៉ាងណា ក្រសួងបញ្ជាក់ថា ពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់ Covid-19 ពិសេសការពាក់ម៉ាស់សឹងតែ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំឭកបន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។
ការដើរកម្សាន្តរបស់ពលរដ្ឋកកកុញក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនោះដែរ អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍អន្លង់ជ្រៃ ដោយសារតែអ្នកទៅកម្សាន្តចង្អៀតណែនពេក ដែលអាចប្រឈមនឹងការឆ្លងរាលដាលនៃជំងឺ Covid-19៕