28.4 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ជា​ខ្លាំង​ជុំវិញ​លិខិត​អំពាវនាវ​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​គ្រាន់តែ​ជា​ការ​ឆ្កឹះឆ្កៀល​ឱ្យ​ខ្មែរ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅៗ​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​មិន​អាច​ស្រោចស្រង់​ឡើងវិញ​បាន​ប៉ុណ្ណោះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​សូម​ច្រានចោល​នូវ​ទង្វើ និង​សម្ដី​របស់​លោក សម រង្ស៊ី ដែល​លើកឡើង​ក្នុង​លិខិត​អំពាវនាវ​របស់​លោក​យ៉ាង​ដាច់អហង្ការ។

លោក​អះអាង​ថា ការ​អំពាវនាវ​នេះ គឺ​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ និង​ការ​យល់ឃើញ​របស់​បុគ្គល​លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​តែប៉ុណ្ណោះ មិនមែន​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ និង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​នោះ​ឡើយ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​តាមរយៈ​លិខិត​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២១ នេះ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ស្រុក​ទាំងអស់ នាំគ្នា​ងើប​ឡើង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឱ្យ​ដួល​កាន់តែ​ឆាប់​កាន់តែ​ល្អ​នៅ​ពេលនេះ​ភ្លាមៗ​តែម្តង ដើម្បី​ចៀសវាង​កុំ​ឱ្យ​បុគ្គល និង​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន អាច​ក្រាញ​អំណាច និង​ភូតភរ​ពលរដ្ឋ​ខ្មែរ​តទៅទៀត។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី នេះ​កំពុង​នាំ​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ខ្មែរ ហើយ​ជាង​នេះ​ទៀត ការ​បង្ក​ជម្លោះ​ជា​លក្ខណៈ​បុគ្គល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បង្កើត​បញ្ហា​ចាក់ស្រេះ​ដល់​ប្រទេស​ជាតិ និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​អ្នក​ជំនាន់​ក្រោយ​កាន់តែ​ខ្លាំង។

លោក​បញ្ជាក់​ថា ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​របៀប​នេះ គ្រាន់តែ​ជា​ការ​ដាក់​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង និង​អ្នក​ចូលរួម​ប៉ុណ្ណោះ ហើយ​ទីបំផុត អ្នក​ដែល​ដើរ​តាម​ការ​ដឹកនាំ​នយោបាយ​បែប​នេះ គឺ​មាន​តែ​បាត់បង់​សេរីភាព លុះ​ចុងក្រោយ​បែរជា​នាំគ្នា​ស្នើសុំ​សិទ្ធិ​សេរីភាព​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​ដូច​ដែល​ធ្លាប់​កើតមាន​កន្លងមក​ទៅវិញ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ដោយសារតែ​អ្នក​នយោបាយ​ខ្មែរ​ជា​មនុស្ស​ដែល​មាន​ជំងឺ​ក្នុង​ផ្លូវចិត្ត គឺ​ជំងឺ​ក្ដិច​ត្រួយ ជំងឺ​តួឯក ជំងឺ​អាត្មានិយម និង​ជំងឺ​លាប​ពណ៌ ជាដើម បាន​បណ្តាល​ឲ្យ​ពួកគេ​មិន​ទុកចិត្ត​គ្នា មិន​អាច​រក​ការ​ឯកភាព​ជាតិ​ដើម្បី​កសាង​សង្គម និង​សេចក្តី​ថ្លៃថ្នូរ​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន ខណៈ​ពលរដ្ឋ​កម្ពុជា​ពិតជា​ចង់​បាន​សន្តិភាព​ដោយ​ពិតប្រាកដ និង​ការ​ស្រុះស្រួល​រវាង​អ្នក​នយោបាយ​ទាំងនោះ​ខ្លាំង​ណាស់ ព្រោះ​បញ្ហា​ប្រទេស​ជាតិ​សព្វថ្ងៃ​នេះ គឺ​កើតឡើង​ដោយសារ​តែ​ពួកគេ​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស