35 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​ប្រកាស​ថា​ឥទ្ធិពល​ព្យុះ​ទី​១៧​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​នៅ​រាជធានី-ខេត្ត​ចំនួន​១៦

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម និង​ឥទ្ធិពល​ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ដែល​បណ្តាល​ឲ្យ​បណ្តា​រាជធានី-ខេត្ត​មួយ​ចំនួន​១៦ នៅ​ទូទាំង​ប្រទេស​កម្ពុជា អាច​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ហើយ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធាន​ទឹក ស្ដីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​៨ ខែ​តុលា សម្ពាធ​ទាប​សកម្ម​បាន​កើតឡើង​នៅ​លើ​ប្រទេស​ហ្វីលីពីន។ សម្ពាធ​ទាប​សកម្ម​នេះ នឹង​បង្កើន​ឥទ្ធិពល​ជាបន្តបន្ទាប់​ដោយ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​បង្កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​១៧ ដោយ​មិនទាន់​មាន​ឈ្មោះ​ជា​ផ្លូវការ​នៅឡើយ។

ក្រសួង​បន្ត​ថា ឥទ្ធិពល​ព្យុះ​ទី​១៧ នេះ នៅ​សប្តាហ៍​ខាងមុខ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជាអាទិ៍ មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ជ្រលង​សម្ពាធ​ទាប​ប៉ាស៊ីហ្វិក ឥទ្ធិពល​ព្យុះ​ទី​១៧ និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)។

ស្ថានភាព​បែប​នេះ នឹង​បណ្តាល​ឲ្យ​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្ដាល​អាច​នឹង​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង ផ្គរ រន្ទះ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​សៀមរាប។ ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា នឹង​អាច​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម។

រីឯ​តំបន់​មាត់សមុទ្រ​វិញ អាច​មាន​ពពក​ច្រើន មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​ក៏​នឹង​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង ផ្គរ រន្ទះ​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង និង​ក្រុង​ព្រះសីហនុ។

ក្រសួង​ធនធាន​ទឹក ក៏ដូចជា​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​កោះកុង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​ភូមិសាស្ត្រ​នីមួយៗ ជាពិសេស​ពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​ឲ្យ​បាន​ខ្ពស់​បំផុត។

ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​កើតឡើង​ចំនួន ២៦៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧២​នាក់ និង​រង​របួស ១០៩​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​កើតឡើង ១៧៩​លើក រលំ​ផ្ទះ ៨៣៧​ខ្នង និង​របើក​ដំបូល​ជាង ៦៥០០​ខ្នង និង​ស្លាប់​មនុស្ស ៥​នាក់ និង​របួស ៦៧​នាក់ ចំណែក​ឯ​គ្រោះ​ធម្មជាតិ​រន្ទះ​បាញ់​កើតឡើង ៨៥​លើក ស្លាប់​មនុស្ស ៦៧​នាក់ និង​របួស ៤២​នាក់ ងាប់​គោ​ក្របី ៤០​ក្បាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស