ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់ខ្លួនក្រុមនាវិក និងនាវាពាក់ព័ន្ធនឹងបទល្មើសលួចប្រេងនៅកម្ពុជា នៅក្នុងទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះដោយមានការសហការគ្នាល្អ។
ប្រភពដដែលបញ្ជាក់ទៀតថា អាជ្ញាធរឥណ្ឌូនេស៊ី បានចាប់នាវាដឹកប្រេងមួយគ្រឿង និងនាវិកនៅលើកប៉ាល់មួយចំនួនយកទៅរក្សាទុកនៅឆ្នេរសមុទ្រសូម៉ាត្រា ក្រោយពីនាវានេះបានចូលដែនសមុទ្រប្រទេសនេះដោយខុសច្បាប់។ នាវាដឹកប្រេងឈ្មោះ MT Strovolos របស់ក្រុមហ៊ុន Kris Energy ដែលបានរងការចោទប្រកាន់ពីបទលួចប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលរបស់កម្ពុជា។
សេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលដដែលបានបន្តថា ការចាប់នេះបានធ្វើឡើងក្រោយពេលនិវេទន៍ក្រហមរបស់ប៉ូលិសអាំងទ័រប៉ូល ត្រូវបានចេញពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា និងក្រោយពេលដែលនីតិវិធីតុលាការឥណ្ឌូនេស៊ី ប្រឆាំងនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះបំពានច្បាប់ឥណ្ឌូនេស៊ី។
ក្រសួងបន្ថែមថា ការបំពាននេះដោយសារអ្នកបើកនាវាបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ហើយឆ្លងកាត់ដែនទឹកឥណ្ឌូនេស៊ីដោយគ្មានការអនុញ្ញាត។
ក្រសួងបញ្ជាក់ថា ការចាត់វិធានការនេះទៀតសោត គឺកើតឡើងពីទំនាក់ទំនងល្អរវាងប្រទេសជាសមាជិកអាស៊ាន ស្របតាមសន្ធិសញ្ញាអាស៊ាននានាដែលលទ្ធផលនាំឱ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគារដល់ប្រធានក្រុមនាវិក និងការផាកពិន័យជាប្រាក់ផងដែរ។
កម្ពុជាគ្រោងនាំចេញប្រេងកាតជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលក្រុមហ៊ុន Kris Energy បូមនៅអណ្តូងអប្សរាក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែផែនការនាំចេញនេះត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដោយក្រសួងរ៉ែ និងថាមពល អះអាងថា ក្រុមហ៊ុនមិនបានបំពេញលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែដំណឹងបន្ទាប់ទៀតថា ក្រុមហ៊ុនបានលួចដឹកប្រេងចេញពីកម្ពុជាដោយស្ងាត់ៗ។
ការចាប់ផ្ដើមបូមប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានលោក ហ៊ុន សែន ហៅថា «ជាពរជ័យ» ខណៈក្រុមអ្នកឃ្លាំមើលទាមទារឱ្យមានតម្លាភាពលើការគ្រប់គ្រងចំណូលបានពីប្រេង ដើម្បីចៀសវាង «បណ្ដាសាប្រេង» ដែលអាចបំផ្លាញដល់ផលិតកម្មធំៗផ្សេងទៀតរបស់ជាតិ។
លោក ហ៊ុន សែន បានសរសេរក្នុងបណ្ដាញសង្គមរបស់លោកកាលពីចុងឆ្នាំ២០២០ ថា ការចាប់ផ្តើមអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
លោកប្រកាសថា ដំណក់ប្រេងលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលជាប្រភពធនធានចំណូលថ្មីនៃដែនសមុទ្រកម្ពុជា ហើយចំណូលដែលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។
ទោះយ៉ាងណា ទាក់ទងនឹងព័ត៌មានក្រុមនាវិកលួចប្រេងឆៅពីកម្ពុជានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់សារព័ត៌មាន VOD ថា ក្រសួងសាមីគួរបញ្ចេញព័ត៌មានច្រើនជាងនេះដើម្បីជម្រះមន្ទិលសង្ស័យទៅដល់សាធារណជន និងជាមុខមាត់ប្រទេសជាតិ ព្រោះថាការលួចប្រេងឆៅចេញពីកម្ពុជារហូតជិត ៣០ម៉ឺនធុងដឹកចេញទៅដោយស្ងាត់ៗ បានបន្សល់ទុកនូវចម្ងល់ជាច្រើនទៅលើការត្រូវរ៉ូវគ្នាដោយប្រការណាមួយ៕