លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាល បញ្ឈប់ការប្រើឧបករណ៍តេស្ដរហ័សទូទាំងប្រទេសក្នុងការរុករកអ្នកមានជំងឺ Covid-19 នៅតាមភូមិបន្តទៀត ព្រោះថាការធ្វើបែបនេះគឺជាការបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋទៅវិញ ខណៈពលរដ្ឋមិនមានជំងឺនេះទាល់តែសោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសារសំឡេងប្រវែងជាង ១០នាទីទៅក្នុងក្រុមមន្ត្រីរដ្ឋាភិបាលសំខាន់ៗតាមបណ្តារាជធានី-ខេត្តនៅថ្ងៃទី៣០ ខែកញ្ញា ថា ឧបករណ៍តេស្ដរហ័សត្រូវប្រើក្នុងទីតាំងជាក់លាក់ ដើម្បីរង់ចាំពលរដ្ឋទៅធ្វើតេស្ដដោយខ្លួនឯងវិញនៅពេលដែលពលរដ្ឋសង្ស័យថាខ្លួនគាត់ឆ្លងវីរុស Covid-19។
លោក ហ៊ុន សែន អះអាងថា បើទោះបីជាត្រូវផ្អាកការបិទខ្ទប់ដើម្បីការរុករកអ្នកឆ្លងវីរុស Covid-19 នៅតាមទីតាំងដែលសង្ស័យក៏ដោយ ក៏ត្រូវនាំគ្នាអនុវត្តវិធានការសុខាភិបាលជាប់ជានិច្ចដដែល ដើម្បីធានានូវសុវត្ថិភាពសុខភាពពេញលេញនៅពេលដែលរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនៅពេលខាងមុខ តាមគន្លងថ្មីដែលពលរដ្ឋនឹងត្រូវរស់នៅជាមួយ Covid-19។
លោក ហ៊ុន សែន បញ្ជាក់ថា បើកម្ពុជានៅតែអនុវត្តការបិទខ្ទប់ដើម្បីរកអ្នកដែលឆ្លងវីរុស Covid-19 ទៀតនោះ កម្ពុជានឹងមិនអាចអនុវត្តការរស់នៅតាមគន្លងថ្មីជាមួយជំងឺ Covid-19 ដើម្បីឆ្ពោះទៅរកការបើកប្រទេសឡើងវិញបានទេ ប៉ុន្តែបញ្ហាសំខាន់គឺត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការព្យាបាលចំពោះអ្នកមានជំងឺ Covid-19 វិញ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែកញ្ញា ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៩៧៨នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៦០៥នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៧នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងជាង ១១ម៉ឺននាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ១សែន ២ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើង ២៣០០នាក់ផងដែរ។
ក្រសួងសុខាភិបាល ក៏បានអះអាងកាលពីម្សិលមិញផងដែរថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទី១ បានជាង ១៣លាននាក់ រីឯដូសទី២ បានជាង ១១លាននាក់ ចំណែកអ្នកចាក់ដូសទី៣ ចំនួនជាង ៨សែន ៨ម៉ឺននាក់ហើយនៅពេលនេះ។
ដោយឡែកកុមារដែលមានអាយុក្រោម ១៨ឆ្នាំចាក់បាន ៨៩,៤១% ខណៈកុមារក្រោមអាយុ ១២ឆ្នាំចាក់បាន ៨៨,០៦% ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌភ្លាមៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ក្រោយរកឃើញការឆ្លងជំងឺនេះយ៉ាងគំហុកនៅតាមវត្តអារាមមួយចំនួន បន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌបានចាប់ផ្តើមត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ៕