28 C
Phnom Penh

ភាគ​៦៖ លោក ហ៊ុន ម៉ាណែត កំពុង​នាំគ្នា​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រចនាសម្ព័ន្ធ​រៀបចំ​ចាត់តាំង​មិន​ត្រឹមតែ​យុវជន​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ​ទេ។ មនុស្ស​ចំណាស់ៗ​ហួស​ពី​វ័យ​យុវជន ក៏​ត្រូវ​បាន​គេ​ចាត់តាំង​ដែរ។

ក្នុង​ភាគ​ទី​៦ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ចែង​អំពី​ពលរដ្ឋ​អាមេរិកាំង និង​សមាជិកភាព​ក្នុង​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្តាច់​មុខ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​ការទូត​ក្រោម​បញ្ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ដើរ​ជួប​សហគមន៍​ខ្មែរ-អាមេរិកាំង រួច​គិត​ថា​បើ​ក្រុម​បក្ស​ប្រឆាំង​អាច​ដើរ​រើស​សមាជិក​រៃអង្គាស​លុយ​តាម​សហគមន៍​ខ្មែរ​បាន ហេតុ​អ្វី​គេ​ធ្វើ​ដូច​គ្នា​ដែរ​មិន​បាន?

អ្នក​ទាំងនោះ​គិត​ថា នៅ​ស្រុក​សេរី ប្រជាធិបតេយ្យ គេ​អាច​ធ្វើ​បាន​ដូច​គេ​ដូច​ឯង​ដោយ​សេរី​មិន​បាច់​ខ្វល់ខ្វាយ​អំពី​ផលវិបាក​អ្វី​មួយ​ឡើយ។ ការ​យល់ដឹង​បែប​នេះ​ត្រូវ​ម្យ៉ាង ត្រង់​ចំណុច​ថា សកម្មភាព​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​របៀប​ជួបជុំ​គ្នា​ទទួលទាន​អាហារ​តាម​ភោជនីយដ្ឋាន តាម​ផ្ទះ ជាដើម​នោះ គេ​មិន​បាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​មុន​ដូច​នៅ​ស្រុក​កុម្មុយនីស្ត​ផ្ដាច់ការ​នោះ​ទេ។ មួយ​វិញ​ទៀត ពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ជួបជុំ មិន​ថា​បក្ស​កាន់​អំណាច មិន​ថា​បក្ស​ជំទាស់​ឡើយ។ បើ​ក្រុម​កាន់​អំណាច​អាច​ប្រមូល​គ្នា​ប្រជុំ​បាន បក្ស​ប្រឆាំង​ក៏​អាច​ប្រជុំ​គ្នា​បាន​ដែរ។ ភាព​ខុស​គ្នា​នៅ​ត្រង់​បក្ស​ជំទាស់​ជា​ជនស៊ីវិល អត់​អំណាច អត់​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល អត់​មាន​ពាក់​ស័ក្តិ​ពេញ​ស្មា​ទេ។

សាច់រឿង​ដែល​វា​ចម្លែក ហើយ​វា​អាច​បំពាន​ច្បាប់​ណាមួយ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ គឺ​ថា​មន្ត្រី​ជា​តំណាង​រាជរដ្ឋាភិបាល គឺ​មន្ត្រី​ការទូត​ក្នុង​ស្ថានទូត ស្ថាន​បេសកកម្ម​ទូត​ប្រចាំ​សហរដ្ឋ​អាមេរិក ចេញ​មុខ​រួម​ធ្វើ​សកម្មភាព​ជួយ​ជ្រោមជ្រែង​មន្ត្រី​កំពុង​កាន់​តំណែង​មាន​មុខ​នាទី​ក្នុង​រដ្ឋាភិបាល ដើរ​បញ្ចុះបញ្ចូល​រើស​ពលរដ្ឋ​ចូល​សញ្ជាតិ​អាមេរិកាំង ទាំង​ក្មេង​ទាំង​ចាស់​ឲ្យ​ចូល​សមាជិក​បក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដែល​ដឹកនាំ​ដោយ​មេទ័ព​ជនបរទេស​ជា​ខ្មែរ​ក្នុង​រដ្ឋាភិបាល​បរទេស​នៃ​រាជាណាចក្រ​កម្ពុជា គឺ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។

តើ​មាន​ស្ថានទូត​ណាមួយ​នៅ​ស្រុក​ខ្មែរ​ដើរ​ឃោសនា​ទាក់ទាញ​រើស​សមាជិក​ឲ្យ​ចូល​បក្ស​នយោបាយ​ណាមួយ​នៅ​ប្រទេស​គេ ជាពិសេស​ជួយ​ឃោសនា​ឲ្យ​បក្ស​ខាង​រដ្ឋាភិបាល?

កាលពី​សប្តាហ៍​មុន យើង​បាន​ផ្សាយ​អំពី​លក្ខខណ្ឌ​នៃ​ការ​ស្បថ​សច្ចា​មុន​នឹង​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​អាមេរិកាំង​ថា យើង​បាន​បោះបង់​ចោល​ភក្តី​ភាព ការ​ស្មោះត្រង់ ស្មោះស្ម័គ្រ​របស់​យើង​ពី​គ្រា​មុន​តាម​ផ្លូវច្បាប់​ហើយ ហើយ​មក​ទទួល​យក​សញ្ជាតិ​ផ្សេង​ដោយ​ស្បថ​សច្ចា​ថា​ប្រកាន់​យក​នូវ​ភក្តី​ភាព​ថ្មី​មួយ​វិញ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​សហរដ្ឋ​អាមេរិក។

តើ​គេ​អាច​និយាយ​បាន​ថា មនុស្ស​ម្នាក់​ស្បថ​សច្ចា​ថា​បោះបង់​ចោល​ភក្តី​ភាព​របស់​ខ្លួន​ក្រោម​របប​ចាស់​នៅ​ស្រុក​ខ្មែរ​មក​ឱបក្រសោប​ភក្តី​ភាព​ក្រោម​របប​ថ្មី​នៅ​សហរដ្ឋ​អាមេរិក រួច​ត្រឡប់​ទៅ​គាំទ្រ​ធ្វើ​សមាជិក​បក្ស​ដែល​ខ្លួន​ថា​បោះបង់​នោះ ជា​មនុស្ស​កុហក បោកប្រាស់ បំពាន​សម្បថ​ឬ​ទេ?

អំពើ​ស្បថ​បំពាន ឬ​បំពាន​សម្បថ​ក្នុង​តុលាការ​អង់គ្លេស ហៅថា perjury តាម​ការ​បកស្រាយ​ពី​សាលា​ច្បាប់​សកលវិទ្យាល័យ Cornell (Cornell University) សហរដ្ឋ​អាមេរិក គឺជា​បទល្មើស​ឧក្រិដ្ឋ​ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ១៥​ឆ្នាំ ២០​ឆ្នាំ និង ២៥​ឆ្នាំ ព្រមទាំង​ផាក​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​តាម​ទម្ងន់​ទោស។

ពេល​បំពេញ​បែបបទ​ចូល​សញ្ជាតិ​អាមេរិកាំង ជនជាតិ​ខ្មែរ​ក្តី ជនជាតិ​ដទៃ​ក្តី សុទ្ធតែ​បញ្ជាក់​អះអាង​ដោយ​ស័ត្យ ដោយ​សត្យាធិដ្ឋាន គឺ​ពាក្យ​ពិត​ត្រង់ មុន​នឹង​ចុះហត្ថលេខា​លើ​ទម្រង់ N-400 ថា៖ «ខ្ញុំ​សូម​បញ្ជាក់ និង​អះអាង​ពាក្យ​ពិត​ជា​ឱឡារិក ក្រោម​ទោស​បញ្ញត្តិ​នៃ​ការ​បំពាន​សម្បថ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ថា ពាក្យពេចន៍ ហេតុការណ៍ ចម្លើយ ព័ត៌មាន​ទាំងអស់​ដែល​បំពេញ​ក្នុង​ទម្រង់​នេះ គឺ​ពេញលេញ​ឥត​ខ្វះ​ចន្លោះ ពិត​ឥត​ក្លែង​បន្លំ និង​ត្រឹមត្រូវ​ឥត​វៀចវេរ។»

ក្នុង​ផ្នែក​ទី​១២ នៃ​ទម្រង់ N-400 ចម្លើយ​ទៅ​នឹង​សំណួរ​ពី​ទី​១ ដល់​ទី​៥០ ទាក់ទង​នឹង​អតីតកាល​របស់​បុគ្គល​ម្នាក់ៗ​ដាក់​ពាក្យ​ចូល​សញ្ជាតិ គេ​ដឹង​ថា មនុស្ស ៩០% មិន​ឆ្លើយ​ត្រង់​ឡើយ។

សំណួរ​ទី​១០ សួរ​ថា តើ​លោក​អ្នក​មាន​ធ្លាប់​ធ្វើ​ជា​សមាជិក ឬ​ក៏​ធ្លាប់​ភ្ជាប់​ខ្លួន​បែប​ណាមួយ (ដោយ​ផ្ទាល់​ក្តី ដោយ​ប្រយោល​ក្តី) ជាមួយ​នឹង៖

  • ក/ បក្ស​កុម្មុយនីស្ត​ឬ​ទេ?
  • ខ/ បក្ស​ផ្ដាច់ការ​បែប​ណាមួយ​ឬ​ទ?
  • គ/ អង្គការ​ភេរវកម្ម​ណាមួយ​ឬ​ទេ?

អ្នក​ស្គាល់​ប្រទេស​កម្ពុជា អាច​និយាយ​បាន​ថា របប​គ្រប់គ្រង​នៅ​ស្រុក​ខ្មែរ​មាន​របប​កុម្មុយនីស្ត​ពីរ​ដង របប​ផ្ដាច់ការ​សល់​ពី​កុម្មុយនីស្ត​ម្តង។

សំណួរ​ពី​ទី​១៤ ដល់​ទី​២១ ទាក់ទង​នឹង​ការងារ មុខ​នាទី​របស់​មនុស្ស​ម្នាក់ៗ គឺ​សុទ្ធតែ​ជា​សំណួរ​ដែល​សឹងតែ​គ្មាន​នរណា​ហ៊ាន​ឆ្លើយ​ការពិត​នោះ​ទេ ទោះ​ជា​ខ្លួន​បាន​ប្រព្រឹត្ត ឬ​មាន​រឿង​ហេតុ​ពិត​កើត​លើ​ខ្លួនឯង​ក៏ដោយ។

ក្នុង​ផ្នែក​ទី​១២ នៃ​ទម្រង់ N-400 ដដែល សំណួរ​ទី​៩ អា សួរ​ថា តើ​លោក​អ្នក​មាន​ធ្លាប់​ជា​សមាជិក​នៃ​ចូលរួម​ក្នុង ឬ​ដោយ​វិធី​ណាមួយ​ភ្ជាប់​ខ្លួន​ជាមួយ​អង្គការ សមាគម រូបិយប័ណ្ណ មូលនិធិ បក្ស ក្លឹប សង្គម ឬ​ក្រុម​ដូច​គ្នា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​នៅ​ទី​ដទៃ​ក្នុង​ពិភពលោក​ឬ​ទេ​មកទល់​ពេលនេះ?

ចំពោះ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​វិញ asylum គេ​បំពេញ​បែបបទ​ទម្រង់ I-589។ មុន​នឹង​បេក្ខជន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ចុះហត្ថលេខា គេ​ឲ្យ​អាន​សេចក្តី​ចែង​អំពី​ពាក្យ​ពិត និង​ពាក្យ​មិន​ពិត​ដែល​អាច​មាន​ទោសពៃរ៍​តាម​ច្បាប់។

អ្នក​ក្លែង​បន្លំ​ព័ត៌មាន​លើ​ទម្រង់ I-589 រដ្ឋ​អាច​ពិន័យ​តាម​ក្រម​រដ្ឋប្បវេណី​លេខ​៨ មាត្រា​១៣២៤c ឬ​អាច​ពិន័យ​តាម​ក្រមព្រហ្មទណ្ឌ​លេខ​១៨ មាត្រា​១៥៤៦ (a)។ ភាគ ខ (B) នៃ​ទម្រង់ I-589 កថាខណ្ឌ​១ សំណួរ​ទី​១ សួរ​ថា ហេតុ​អ្វី​លោក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន?

សំណួរ ក/ តើ​លោក/អ្នក, គ្រួសារ​លោក/អ្នក មិត្ត​ជិតស្និទ្ធ ឬ​សហការី ធ្លាប់​បាន​រង​បទពិសោធន៍​នូវ​ការ​ឈឺចាប់​រាងកាយ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ឬ​ការ​គំរាម​កំហែង​បែប​ណាមួយ​ក្នុង​អតីតកាល​ដោយ​អ្នក​ណា​ម្នាក់​ឬ​ទេ? ចម្លើយ​គឺ​ច្បាស់​ជា​មាន ព្រោះថា​បើ​គ្មាន​នោះ មាន​ហេតុ​អ្វី​ត្រូវ​សុំ​សិទ្ធិ​ជ្រកកោន? បើ​ឆ្លើយ​ថា​មាន សំណួរ​មាន​តទៅទៀត​ដោយ​រៀបរាប់​ឲ្យ​ក្បោះក្បាយ​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ៖

  1. តើ​មាន​អ្វី​កើត​ឡើង?
  2. តើ​ការ​ឈឺចាប់ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ឬ​ការ​គំរាម​កំហែង​នោះ​កើតឡើង​ពេលណា?
  3. អ្នក​ណា​ជា​អ្នក​បង្ក​ការ​ឈឺចាប់ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ឬ​ការ​គំរាម​កំហែង​នោះ?
  4. ហេតុ​អ្វី​លោក​អ្នក​គិតថា​ការ​ឈឺចាប់ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ឬ​ការ​គំរាម​កំហែង​ទាំងនោះ​បាន​កើតមាន​ឡើង?

សំណួរ ខ/ តើ​លោក​អ្នក​ភ័យខ្លាច​ការ​ឈឺចាប់​រាងកាយ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ឬ​ទេ បើសិនជា​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​លោក​អ្នក​វិញ​នោះ? ចម្លើយ​គឺ​ច្បាស់​ជា​ភ័យខ្លាច ព្រោះថា​បើ​មិន​ភ័យខ្លាច តើ​ចាំបាច់​អ្វី​សុំ​សិទ្ធិ​ជ្រកកោន? បើ​ឆ្លើយ​ថា​ភ័យខ្លាច មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ សំណួរ​មាន​តទៅទៀត​ដោយ​រៀបរាប់​ឲ្យ​ក្បោះក្បាយ​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ៖

  1. តើ​ការ​ឈឺចាប់ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​អ្វី លោក​អ្នក​ភ័យខ្លាច​នោះ?
  2. តើ​អ្នក​ណាមួយ លោក​អ្នក​គិត​ថា​នឹង​បង្ក​ការ​ឈឺចាប់ ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នោះ?
  3. ហេតុ​អ្វី​លោក​អ្នក​គិតថា លោក​អ្នក​នឹង​ត្រូវ ឬ​អាច​ត្រូវ​គេ​បង្ក​ការ​ឈឺចាប់ ឬ​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​នោះ?

ភាគ ខ (B) សំណួរ​ទី​៤ សួរ​ថា តើ​លោក​អ្នក​ខ្លាចក្រែង​ធ្លាក់​ក្នុង​ការ​ធ្វើ​ទារុណកម្ម​នៅ​ប្រទេស​កំណើត​របស់​លោក​អ្នក ឬ​ប្រទេស​ណា​ផ្សេង​មួយ​ឬ​ទេ បើសិនជា​ត្រូវ​គេ​បញ្ជូន​ទៅ​វិញ? បើ​បេក្ខជន​ឆ្លើយ​ថា ខ្លាច គេ​ឲ្យ​ពន្យល់​ថា​ហេតុ​អ្វី​ខ្លាច ហើយ​អធិប្បាយ​អំពី​ប្រភេទ​នៃ​ការ​ធ្វើ​ទារុណកម្ម​ដែល​ធ្វើ​ឲ្យ​ខ្លាច​នោះ ដោយ​នរណា ហើយ​ហេតុ​អ្វី​គេ​ធ្វើ​បែប​ហ្នឹង​ដាក់​លោក​អ្នក?

ការ​រៀបរាប់​កន្លងមក​នេះ គឺជា​សេចក្តី​ចែង​ក្នុង​ច្បាប់​ចូល​សញ្ជាតិ Immigration and Naturalization Act (INA) និង​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន Code of Federal Regulations (CFR)។ អនុលោម​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​អន្តោប្រវេសន៍ និង​ចូល​សញ្ជាតិ​លេខ​212 (a) (3) (D) ដែល​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​សញ្ជាតិ​សហរដ្ឋ​អាមេរិក USCIS អនុវត្ត​បច្ចុប្បន្ន​នេះ ច្បាប់​ឲ្យ​និយមន័យ​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ផ្ដាច់ការ​ណាមួយ ៦​យ៉ាង​ដូចតទៅ​នេះ៖

  1. បក្ស​កុម្មុយនីស្ត​នៃ​សហរដ្ឋ​អាមេរិក។
  2. បក្ស​សមាគម​នយោបាយ​នៃ​បក្ស​កុម្មុយនីស្ត។
  3. បក្ស​កុម្មុយនីស្ត​នៃ​រដ្ឋ​ណាមួយ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​រដ្ឋ​នៃ​ប្រទេស​ណាមួយ ឬ​អនុ​តំបន់​ខាង​នយោបាយ ឬ​ខាង​ភូមិសាស្ត្រ​នៃ​រដ្ឋ​បរទេស​ណាមួយ។
  4. ផ្នែក សាខា តំបន់ ភូមិភាគ​តូច​ធំ​នៃ​សមាគម ឬ​បក្ស។
  5. អ្នក​កាន់​តំណែង​ពី​មុន អ្នក​ស្នង​តំណែង​តាម​ក្រោយ​ផ្ទាល់​នៃ​សមាគម ឬ​បក្ស ដោយ​មិន​គិត​អំពី​ឈ្មោះ​ក្រុម ឬ​អង្គការ​នោះ​បាន​ប្រើប្រាស់​កន្លងមក ឬ​អនុម័ត​ប្រើ​ថ្ងៃ​មុខ​ទេ។
  6. សកម្មភាព​បក្ស ឬ​អង្គការ​ឈរ​ឈ្មោះ​បក្ស​កុម្មុយនីស្ត​ដែល​ជន​ណា​ម្នាក់​ដឹង​ថា​ជា​អង្គការ​កុម្មុយនីស្ត។

រីឯ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​ហៅ​តាម​អង់គ្លេស​ថា totalitarian dictatorship ឬ totalitarianism ច្បាប់​បកស្រាយ​អំពី​លក្ខណៈ​ពីរ​យ៉ាង​ដែល​ប្រព័ន្ធ​រដ្ឋាភិបាល​មិន​តំណាង​ឲ្យ​ពលរដ្ឋ​ទូទៅ គឺ៖

  1. មាន​បក្ស​ទោល​តែ​មួយ រៀបចំ​ឡើង​លើ​មូលដ្ឋាន​ផ្ដាច់ការ មាន​អត្តសញ្ញាណ​ភាព​កៀក​គ្នា​រវាង​គោលការណ៍​នយោបាយ​បក្ស និង​គោលការណ៍​នយោបាយ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មាន​រដ្ឋាភិបាល​ប្រភេទ​នេះ ហើយ​បក្ស និង​រដ្ឋាភិបាល​មើល​ទៅ​ដូចជា​អង្គភាព​តែ​មួយ មិន​អាច​ញែក​ចេញពី​គ្នា​បាន។
  2. មាន​ការ​គាបសង្កត់​ទាំង​បង្ខំ​លើ​គំនិត ឬ​បក្ស​ប្រឆាំង​នឹង​បក្ស​នោះ នេះ​បើ​យោង​តាម​បទបញ្ញត្តិ​លេខ​៨ មាត្រា​៣១៣.១។

ជនបរទេស​ណា​ដែល​មាន​ជាប់​ទាក់ទង​នឹង​ប្រការ​ទាំង​ប៉ុន្មាន​យ៉ាង​នេះ មិន​អនុញ្ញាត​ឲ្យ​ចូល​ដី​សហរដ្ឋ​អាមេរិក​ទេ។

យោង​តាម​ការ​បញ្ជាក់​ពី​មេធាវី Grant Manclark នៃ​ក្រុម​មេធាវី Gary Grotz ជំនាញ​ខាង​ច្បាប់​អន្តោប្រវេសន៍​នៅ​រដ្ឋ Washington សហរដ្ឋ​អាមេរិក ថា​របប​គ្រប់គ្រង​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​លក្ខណៈ​ត្រូវ​នឹង​និយមន័យ​នៃ​ពាក្យ​ថា ក្តាប់​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ ឬ totalitarianism នោះ​ឯង។ លោក​បញ្ជាក់​អត្ថន័យ​ពាក្យ​អង់គ្លេស​នេះ​ទៀត យោង​តាម​វចនានុក្រម​ភាសា​អង់គ្លេស Merriam Webster បោះពុម្ព​ឆ្នាំ​២០១៦ ដែល​ពន្យល់​ន័យ​ពាក្យ totalitarianism នេះ​ថា៖ «ជា​ការ​អនុវត្ត​អំណាច​ផ្ដាច់ការ ជា​របប​នយោបាយ​ផ្អែកលើ​បង្គាប់​បញ្ជា​ឲ្យ​បុគ្គល​មនុស្ស​លុះ​ក្រោម​រដ្ឋអំណាច និង​ការ​គ្រប់គ្រង​តឹងតែង​រាល់​ទិដ្ឋភាព​នៃ​ជីវិត និង​សមត្ថភាព​ផលិតកម្ម​ក្នុង​ប្រទេស ជាពិសេស​តាម​មធ្យោបាយ ឬ​វិធានការ​បង្ខិតបង្ខំ ដូចជា​ការ​បិទ​មាត់​ភេរវកម្ម​ដែល​ក្រុង​ដោយ​មេដឹកនាំ​តែ​ម្នាក់ ឬ​តាម​ឋានានុក្រម (ក្នុង​បក្ស

ជនបរទេស​ខ្លះ​ឆ្ងល់ សួរ​ថា ហេតុ​អ្វី​ខ្មែរអាមេរិកាំង​ចេញពី​អតីត​របប​កុម្មុយនីស្ត​ទៅ​គាំទ្រ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​ជា​អតីត​បក្ស​កុម្មុយនីស្ត​ទៅ​វិញ? តើ​ដឹង​ថា​ខុស​ច្បាប់​ទេ?

ភាគ​បន្ត ពិនិត្យ​រឿង​សញ្ជាតិ និង​ការទូត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស