26 C
Phnom Penh

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​ប្រតិកម្ម​នឹង The Cambodia Daily ផ្សាយ​ពី​ការ​ផាក​ពិន័យ​ដើម្បី​រក​លុយ​ចូល​ហោប៉ៅ​ជាជាង​ពង្រឹង​ច្បាប់​ចរាចរណ៍

បទវិភាគ

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ព័ត៌មាន​ដែល The Cambodia Daily បាន​ចុះផ្សាយ​ថា សកម្មភាព​សមត្ថកិច្ច​នគរបាល​ដាក់​ពង្រាយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ធ្វើឡើង​ដើម្បី​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ដោយ​ភ្ជាប់​រូបភាព print screen របស់​គេហទំព័រ​សារព័ត៌មាន The Cambodia Daily ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជាពិសេស​គឺ​ការ​ចុះផ្សាយ​មាន​លក្ខណៈ​ប្រមាថ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ។

The Cambodia Daily កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ចុះផ្សាយ​ថា «មន្ត្រី​រាជការ​ថ្នាក់​ទាប និង​សាធារណជន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​នគរបាល​ដែល​ដាក់​ពង្រាយ​ការ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃ​នេះ ធ្វើឡើង​តែ​ដើម្បី​រក​ប្រាក់ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព»

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា ចំពោះ​ករណី​ចោទប្រកាន់​នេះ មាន​គោលបំណង​អាក្រក់​វាយប្រហារ​មក​លើ​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ ជាពិសេស​មាន​បំណង​ទុច្ចរិត​ក្នុង​ការ​បង្ខូច​កិត្តិយស​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ ជាក់ស្តែង មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ពាក់ព័ន្ធ​ជាមួយ​ការងារ​ចរាចរណ៍។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ និង​បាន​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជួយ​សម្រួល​មិន​ឲ្យ​មាន​ការ​កក​ស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ លុប​បំបាត់​បទល្មើស​ផ្សេងៗ​នៅ​លើ​ដង​ផ្លូវ ជាពិសេស​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ដង​ផ្លូវ​ឲ្យ​គោរព​ច្បាប់​ជាជាង​ខ្លាច​ប៉ូលិស។

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​ទទួល​បាន​លទ្ធផល​ការងារ​ខាងលើ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដោយ​មាន​ក្រុម​ការងារ​អនុវត្ត​វិន័យ តែងតែ​ធ្វើ​ការ​អប់រំ ណែនាំ ដាក់​ពិន័យ និង​ដក​បញ្ឈរ​ជើង​ចំពោះ​មន្ត្រី​ណា​ប្រព្រឹត្ត​ផ្ទុយពី​គោលការណ៍​របស់​ថ្នាក់​ដឹកនាំ​ដែល​កំណត់​ឲ្យ​អនុវត្ត​តែ​ចំនួន ០៧​ចំណុច សម្រាប់​ទោចក្រយានយន្ត និង ០៩​ចំណុច​សម្រាប់​រថយន្ត ឬ​ទទួល​បាន​រូបភាព​វីដេអូ​អសកម្ម​ពី​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឬ​ការ​បញ្ចេញ​មតិ (Comment) ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​ជាមួយ​ការងារ​ចរាចរណ៍​ផង​ដែរ។

ទោះ​យ៉ាងណា បើ​នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​យោបល់ (Comment) ក្នុង​ខ្លឹមសារ​ដែល​អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ហោះ​នោះ ក៏​មាន​អ្នក​បញ្ចេញ​មិត្ត​រិះគន់​បន្ថែម​លើ​សមត្ថកិច្ច​ចរាចរណ៍ ដោយ​សរសេរ​ថា ពួកគេ​ទទួល​យក​បាន​ចំពោះ​ការ​រិះគន់​ដែល​បាន​ចុះផ្សាយ​នេះ។

មាន​អ្នក​ខ្លះ​អះអាង​ថា ពួកគាត់​ទទួល​រង​អយុត្តិធម៌​ពី​សមត្ថកិច្ច​ចរាចរណ៍ ហើយ​បាន​ផ្ញើ​សារ​រៀបរាប់​ពី​ករណី​ដែល​ពួកគាត់​បាន​ជួបប្រទះ​កន្លងមក​មក​កាន់​សារព័ត៌មាន The Cambodia Daily ដូចជា​យានយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ដឹក​គ្រែ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ទាមទារ​ផាក​ពិន័យ​ដល់​ទៅ ១៥​ម៉ឺន​រៀល​នៅ​ម្ដុំ​រង្វង់​មូល​ចោមចៅ កាលពី​ដើម​ខែ​កន្លងមក​នេះ ប៉ុន្តែ​ក្រោម​ការ​សម្រុះសម្រួល​បង់​ថ្លៃ​ផាក​ពិន័យ ៥​ម៉ឺន​រៀល​គ្មាន​វិក្កយបត្រ។

អ្នក Comment ដដែល​បាន​ចោទ​ជា​សំណួរ​ថា បើ​រថយន្ត​មួយ​បាំង​កន្លះ​មិន​អាច​ដឹក​គ្រែ​ទទឹង​ទំហំ ១​ម៉ែត្រ ៦​តឹក បណ្ដោយ ១​ម៉ែត្រ ៨​តឹក​បាន តើ​ឲ្យ​គាត់​យក​រថយន្ត​ប្រភេទ​ណា​ទើប​អាច​ដឹក​យក​ទៅ​ប្រើប្រាស់​បាន?

នៅ​មាន​ករណី​មិន​ប្រក្រតី​ច្រើន​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​អះអាង​ថា បាន​ជួបប្រទះ​ដោយ​ផ្ទាល់ ហើយ​បាន​ផ្ញើ​សារ​មក​កាន់​សារព័ត៌មាន The Cambodia Daily ប៉ុន្តែ​យើង​សុំ​រក្សា​ការណ៍សម្ងាត់​សម្រាប់​ប្រភព​ដើម្បី​សុវត្ថិភាព និង​ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ​ជូន​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍ ស្រប​តាម​ការ​ស្នើសុំ​ពី​ពលរដ្ឋ ដើម្បី​ឲ្យ​សមត្ថកិច្ច​យោគយល់​ចំពោះ​ពលរដ្ឋ​ដែល​កំពុងតែ​ជួប​លំបាក​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ក្រោម​វិបត្តិ​រាតត្បាត​នៃ​ជំងឺ Covid-19 នេះ។

ទោះ​យ៉ាងណា សារព័ត៌មាន The Cambodia Daily ថ្លែង​អំណរគុណ​ចំពោះ​ការ​ឆ្លើយតប​របស់​អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស