30 C
Phnom Penh

កម្មករ​រោងចក្រ​មួយ​ចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល ២១៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២

បទវិភាគ

កម្មករ​កម្មការិនី​រោងចក្រ​មួយ​ចំនួន បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​ដល់​កម្មករ​ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ក្រោយ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា​កាលពី​សប្ដាហ៍​មុន។

បើ​តាម​គណនី​ឈ្មោះ សា រ៉ាន់ ឈ្មោះ Bora Yoem ឈ្មោះ Phal Dara បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ដោយ​ភ្ជាប់​ជាមួយ​រូបថត​ពួកគេ និង​បដា​ថា នៅ​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ ពួកគាត់​ជា​កម្មករ​ត្រូវការ​ប្រាក់ឈ្នួល ២១៤​ដុល្លារ ដើម្បី​រស់នៅ​បាន​សមរម្យ និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ករណី​នេះ ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​សម្រួល​ប្រាក់ខែ​គោល​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ចំណែក Facebook ឈ្មោះ Thin Rock បាន​សរសេរ​លើកឡើង​ដែរ​ថា ការ​ទាមទារ​ប្រាក់ឈ្នួល​គោល​ចំនួន ២១៤​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​តែ​មួយ​រស់ មិនមែន​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ឡើយ។

គណនី​ឈ្មោះ Thin Rock ដដែល​សរសេរ​ថា សារ​ទាមទារ​នេះ​ផ្ញើ​ចេញពី​កន្លែង​ធ្វើការ​របស់​កម្មករ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ ហើយ​អ្នក​ដែល​មិនមែន​ជា​កម្មករ មិន​យល់​អារម្មណ៍ និង​ការ​ចំណាយ​ផ្សេងៗ​របស់​ពួកគេ​ឡើយ ខណៈ​ទំនិញ​គ្រប់​មុខ​បាន​ឡើង​ថ្លៃ ដូច្នេះ​ប្រាក់ឈ្នួល​របស់​ពួកគេ​ក៏​ត្រូវតែ​ដំឡើង​ដើម្បី​ជីវភាព​រស់នៅ​សមរម្យ។

លើស​ពី​នេះ ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោយ​កុំ​ឱ្យ​មុខ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ទៀត រួម​ទាំង​ផ្ទះ​ជួល ថ្លៃ​ប្រេងសាំង ទឹក​ភ្លើង និង​សេវា​ប្រចាំ​ថ្ងៃ​គ្រប់​មុខ​ផ្សេង​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​ដែល​ជា​កម្មករ។

ក្រៅពី​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ជួយ​សម្រួល​ហើយ ពួកគេ​ក៏​បាន​ស្នើ​ទៅ​និយោជក និង​អ្នក​បញ្ជា​ទិញ ជួយ​ផ្ដល់​ប្រាក់ឈ្នួល​គោល​តាម​សំណូមពរ​របស់​ពួកគេ​ដែល​ជា​កម្មករ​ផង​ដែរ។ យ៉ាងណាក៏ដោយ ពួកគេ​ថា​កំពុង​រង់ចាំ​មើល​ការ​ចរចា​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា នេះ។

តាម​លិខិត​របស់​ក្រសួង​ការងារ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បន្ត​ជួប​ចរចា​ត្រីភាគី​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៨ កញ្ញា នេះ​ទៀត ក្រោយ​ភាគី​ពាក់ព័ន្ធ​ចរចា​មិន​ត្រូវ​គ្នា។

ការ​ជួប​ចរចា​លើក​ទី​២ នេះ ដោយសារ​ការ​ចរចា​លើក​ទី​១ ខាង​សហជីព​ស្នើ​តួលេខ ២១៤​ដុល្លារ និង ២៧​សេន ហើយ​និយោជក​ស្នើ​តួលេខ ១៨៣​ដុល្លារ ៣​សេន ខណៈ​តំណាង​រដ្ឋាភិបាល​បាន​សម្រេច​រក្សា​ចំនួន ១៩២​ដុល្លារ​ដដែល។

នៅ​ក្នុង​ឆ្នាំ​២០២១ នេះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​ពី ១៩០​ដុល្លារ​ទៅ ១៩២​ដុល្លារ​ក្នុង​មួយ​ខែ។ បើ​គិត​ជា​រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់ ជា​មធ្យម​នោះ កម្មករ​និយោជិត​ម្នាក់ៗ​អាច​ទទួល​បាន​ប្រាក់ចំណូល​ចន្លោះ​ពី ២៥០​ដុល្លារ​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ។

បើ​តាម​របាយការណ៍​សិក្សា​មួយ​របស់​សហជីព​កម្ពុជា និង​យុទ្ធនាការ​សម្លៀកបំពាក់​ស្អាតស្អំ ចេញ​ផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ​២០២១ នេះ បាន​ឱ្យ​ដឹង​ថា កម្មករ​ចំនួន​ជាង ៧៨​ម៉ឺន​នាក់ (៧៨៤០០០​នាក់) ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ឧស្សាហកម្ម​ស្បែក បាន​បាត់បង់​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ប្រមាណ ១០៩​លាន​ដុល្លារ​អំឡុង​ពេល​ផ្ទុះ​ជំងឺ Covid-19 និង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​កាលពី​ខែ​មេសា និង​ខែ​ឧសភា កន្លងទៅ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស